បន្ទាយមានជ័យ៖ កម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបញ្ជូនស្ត្រីម្នាក់ ដែលជាម្ចាស់ហាងសាឡន ទៅសាលាដំបូងខេត្ត ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ពាក់ព័ន្ធនឹងករណីប្រើអំពើហិង្សាដោយចេតនាស្ថានទម្ងន់ទោស និងការចាប់ឃុំឃាំងមនុស្សដោយខុសច្បាប់។

ជនសង្ស័យឈ្មោះ គុំ លីកា ហៅ “កាកា” អាយុ៣០ឆ្នាំ ត្រូវបានឃាត់ខ្លួននៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ បន្ទាប់ពីកម្លាំងជំនាញក្រុងប៉ោយប៉ែតធ្វើការស្រាវជ្រាវតាមពាក្យបណ្តឹងរបស់ជនរងគ្រោះស្ត្រីអាយុ៥៩ឆ្នាំ។

តាមសមត្ថកិច្ចបានឱ្យដឹងថា ករណីនេះកើតឡើងចន្លោះថ្ងៃទី១១ ដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ នៅក្រុងប៉ោយប៉ែត។ មូលហេតុបណ្តាលមកពីជនរងគ្រោះបានយកទូរសព្ទចំនួន៣គ្រឿងទៅលក់បានប្រាក់២០ម៉ឺនរៀល ដែលជាទ្រព្យសម្បត្តិរបស់ជនជាតិចិនជាសង្សាររបស់ជនសង្ស័យ។

ក្រោយដឹងហេតុ ជនសង្ស័យបានប្រើអំពើហិង្សាវាយដំ បង្កឱ្យជនរងគ្រោះរងរបួស និងយកកាំបិតប៉័ងតោមកគំរាមកំហែង ហើយបង្ខាំងមិនឱ្យចេញពីផ្ទះ។ ជនរងគ្រោះបានគេចខ្លួនបាននៅថ្ងៃទី១៤ ខែមិថុនា ហើយបានទៅដាក់ពាក្យបណ្តឹងភ្លាមៗ។

បន្ទាប់ពីការសួរនាំ ជនសង្ស័យបានសារភាពថាបានប្រព្រឹត្តអំពើហិង្សាពិតប្រាកដ។ សមត្ថកិច្ចក៏បានដកហូតវត្ថុតាងជាកាំបិតប៉័ងតោមួយដើមផងដែរ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ ដើម្បីបន្តនីតិវិធី៕

អត្ថបទ៖ ត្រយងតូច

Share.