ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ បានបន្តចុះពិនិត្យ និងស្តារប្រព័ន្ធលូតូចៗ ព្រមទាំងរៀបចំបង្កើនប្រព័ន្ធលូថ្មី ដើម្បីបង្កើនល្បឿនបង្ហូរទឹក និងបញ្ចៀសការជន់លិច ក្នុងរដូវវស្សា។

នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ ក្រុមការងារដឹកនាំដោយលោក ឯក ឃុនដឿន អភិបាលរងរាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរខណ្ឌ៧មករា និងខណ្ឌទួលគោក បានចុះពិនិត្យប្រព័ន្ធលូតូចៗកាត់ទទឹងផ្លូវនៅតំបន់ជាច្រើន ដែលជាចរន្តសំខាន់សម្រាប់បង្ហូរទឹកពេលមានភ្លៀងធ្លាក់ខ្លាំង។

ក្នុងប្រតិបត្តិការ អាជ្ញាធរបានប្រើរថយន្តប៊ូមលូច្រើនគ្រឿង ដើម្បីសម្អាតកាកសំណល់ ដូចជា ដី និងសំរាម ដែលបង្កឲ្យកកស្ទះ និងរាំងស្ទះចរន្តទឹក។

លោក ឯក ឃុនដឿន បានបញ្ជាក់ថា សកម្មភាពនេះមានគោលបំណងស្តារ និងកែលម្អប្រព័ន្ធលូចាស់ ឲ្យដំណើរការល្អឡើងវិញ ដើម្បីរំដោះមុខទឹក និងកាត់បន្ថយការជន់លិច។ ជាពិសេស តំបន់ផ្លូវលេខ២១៥ ក្បែរស្តុបផ្សារដេប៉ូ ដែលតែងជន់លិចពេលភ្លៀងធ្លាក់ ត្រូវបានរៀបចំដាក់ប្រព័ន្ធលូថ្មី ដើម្បីបង្កើនល្បឿនបង្ហូរទឹក។

បច្ចុប្បន្ន ក្រុមការងារប្រើប្រាស់រថយន្តចំនួន១២គ្រឿង បែងចែកជា៥ក្រុម ដើម្បីអនុវត្តការងារព្រមគ្នា។ ការងារនេះបានបញ្ចប់នៅខណ្ឌដូនពេញ និងខណ្ឌចំការមន ហើយកំពុងបន្តនៅខណ្ឌបឹងកេងកង ខណ្ឌ៧មករា និងខណ្ឌទួលគោក។

អាជ្ញាធររាជធានីភ្នំពេញ សង្ឃឹមថា ការកែលម្អប្រព័ន្ធលូនេះ នឹងជួយកាត់បន្ថយការជន់លិច និងធ្វើឲ្យការធ្វើដំណើររបស់ប្រជាពលរដ្ឋកាន់តែងាយស្រួលក្នុងរដូវវស្សា៕

អត្ថបទ៖ សេង សាវី

Share.