ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងនគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ឯកឧត្តម ឧត្តមសេនីយ៍ឯក លឿង តាមខ្វាង បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះគំនិតផ្ដួចផ្ដើមរបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្ដីពីការបង្កើតយន្តការឱ្យមានមន្ត្រីប្រចាំការរវាងកម្ពុជា ឡាវ និងវៀតណាម ដើម្បីពង្រឹងការផ្លាស់ប្ដូរព័ត៌មាន និងសម្របសម្រួលនីតិវិធីពាក់ព័ន្ធការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើស ជាពិសេសបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam)។




ការបញ្ជាក់គាំទ្រនេះ ធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងថ្នាក់ដឹកនាំក្រសួងទាំងពីរ នារសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងមហាផ្ទៃ ខណៈឯកឧត្តម លឿង តាមខ្វាង អញ្ជើញបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើកទី២ កម្ពុជា-ឡាវ-វៀតណាម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានបញ្ជាក់ថា យន្តការមន្ត្រីប្រចាំការត្រីភាគីនេះ មានគោលបំណងពន្លឿនការផ្លាស់ប្ដូរព័ត៌មានរវាងប្រទេសទាំងបី ឱ្យកាន់តែមានប្រសិទ្ធភាព និងឆ្លើយតបទាន់ពេលវេលាចំពោះការគំរាមកំហែងពីបទល្មើសឆ្លងដែន។ យន្តការនេះក៏នឹងផ្តោតលើការផ្លាស់ប្ដូរទិន្នន័យជនបរទេសដែលជាប់ក្នុងបញ្ជីខ្មៅ ការសម្របសម្រួលនីតិវិធីអន្តោប្រវេសន៍ និងការបញ្ជូនជនពាក់ព័ន្ធបទល្មើសទៅប្រទេសដើមវិញ។


ក្នុងជំនួបនេះ ភាគីទាំងពីរក៏បានឯកភាពបន្តពិភាក្សាលម្អិតបន្ថែមទៀត ដើម្បីជំរុញឱ្យយន្តការថ្មីនេះអាចដំណើរការជាក់ស្តែងនាពេលខាងមុខ ដោយរំពឹងថានឹងរួមចំណែកលើកកម្ពស់ប្រសិទ្ធភាពនៃការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែន ក្នុងស្មារតីសហប្រតិបត្តិការជិតស្និទ្ធរវាងកម្ពុជា ឡាវ និងវៀតណាម។


ក្រៅពីនេះ ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងនគរបាលវៀតណាម ក៏បានផ្លាស់ប្ដូរយោបល់អំពីបទពិសោធន៍ និងលទ្ធផលនៃកិច្ចសហប្រតិបត្តិការប្រចាំឆ្នាំ ព្រមទាំងប្ដេជ្ញាបន្តអនុវត្តការឯកភាពនានារបស់ថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ ដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ និងការប្រយុទ្ធប្រឆាំងបទល្មើសឱ្យកាន់តែមានប្រសិទ្ធភាព។
