ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ បានចេញសេចក្តីជូនដំណឹងស្តីពីការកែសម្រួលថ្លៃលក់រាយប្រេងឥន្ធនៈប្រចាំសប្តាហ៍ ដោយតម្លៃប្រេងទាំងសាំង និងម៉ាស៊ូតបានចុះថ្លៃ បើធៀបនឹងសប្តាហ៍មុន ដើម្បីបន្តសម្រួលដល់ការចំណាយរបស់ប្រជាពលរដ្ឋ។
យោងតាមសេចក្តីជូនដំណឹង ការអនុវត្តថ្លៃថ្មីចាប់ពីវេលាម៉ោង១រសៀល ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ ដោយប្រេងសាំងធម្មតា (Gasoline 92) ត្រូវលក់ក្នុងតម្លៃ ៤,០៥០រៀល/លីត្រ ចុះថ្លៃ ៣០០រៀល ខណៈប្រេងម៉ាស៊ូត (Gasoil 10ppm) ត្រូវលក់ក្នុងតម្លៃ ៤,០០០រៀល/លីត្រ ចុះថ្លៃ ២៥០រៀល។


ក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថា ការកំណត់ថ្លៃលក់រាយនេះ ផ្អែកលើរូបមន្តកំណត់តម្លៃប្រេងឥន្ធនៈ ការប្រែប្រួលតម្លៃប្រេងនៅលើទីផ្សារអន្តរជាតិ និងក្នុងតំបន់ ព្រមទាំងវិធានការរបស់រាជរដ្ឋាភិបាល ដែលបន្តជួយសម្រាលបន្ទុកប្រជាពលរដ្ឋ តាមរយៈការបញ្ចុះពន្ធ និងអាករមួយចំនួនលើប្រេងឥន្ធនៈ។
ជាមួយគ្នានេះ ក្រសួងបានអំពាវនាវឱ្យគ្រប់ស្ថានីយលក់រាយប្រេងឥន្ធនៈទូទាំងប្រទេស អនុវត្តតាមតម្លៃដែលបានកំណត់ឱ្យបានត្រឹមត្រូវ ខណៈស្ថានីយនានាក៏អាចលក់ក្នុងតម្លៃទាបជាងតម្លៃកំណត់បាន ស្របតាមស្ថានភាពប្រកួតប្រជែងនៅលើទីផ្សារ។
