ភ្នំពេញ៖ នាយទាហានកងយោធពលខេមរភូមិន្ទចំនួន ៦រូប បានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតយោធា ពីបណ្ឌិត្យសភាយោធា Military Academy of Communications ទីក្រុងសាន់ពីទ័រស្បឺក សហព័ន្ធរុស្ស៊ី ដោយជោគជ័យ បន្ទាប់ពីរយៈពេលសិក្សាអស់រយៈពេល ៦ឆ្នាំជាស្ថាពរ។

សមិទ្ធផលដ៏គួរឱ្យមោទកភាពនេះ គឺជាផ្លែផ្កានៃការខិតខំប្រឹងប្រែង ការតស៊ូ និងវិន័យខ្ពស់ក្នុងការសិក្សាអស់រយៈពេល ៦ឆ្នាំ ព្រមទាំងឆ្លុះបញ្ចាំងពីសមត្ថភាព និងគុណភាពរបស់នាយទាហានកម្ពុជាលើឆាកអន្តរជាតិ។ ជោគជ័យនេះ មិនត្រឹមតែជាកិត្តិយសសម្រាប់សាមីខ្លួន និងក្រុមគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមោទនភាពសម្រាប់កងយោធពលខេមរភូមិន្ទ និងព្រះរាជាណាចក្រកម្ពុជាទាំងមូលផងដែរ។

ក្នុងឱកាសនេះ សមាគមអតីតនិស្សិតកម្ពុជាពីសូវៀត និងរុស្ស៊ី បានចូលរួមថ្លែងអំណរសាទរ និងជូនពរដល់នាយទាហានទាំង ៦រូប សូមឱ្យទទួលបានសុខភាពល្អ សុភមង្គល និងជោគជ័យគ្រប់ភារកិច្ច ព្រមទាំងបន្តរួមចំណែកអភិវឌ្ឍកងយោធពលខេមរភូមិន្ទ និងបម្រើជាតិមាតុភូមិប្រកបដោយកិត្តិយស និងមោទកភាព។

សូមបញ្ជាក់ថា បណ្ឌិត្យសភា Military Academy of Communications ត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩១៩ ហើយជាគ្រឹះស្ថានឧត្តមសិក្សាយោធាដ៏ចំណាស់ និងមានកិត្យានុភាពមួយរបស់សហព័ន្ធរុស្ស៊ី។ បណ្ឌិត្យសភានេះ មានឯកទេសក្នុងការបណ្តុះបណ្តាលនាយទាហានផ្នែកទូរគមនាគមន៍ ប្រព័ន្ធបញ្ជាការ និងបច្ចេកវិទ្យាព័ត៌មានយោធា សម្រាប់កងកម្លាំងប្រដាប់អាវុធរុស្ស៊ី និងនិស្សិតយោធាបរទេសមកពីប្រទេសជាច្រើនទៀតផងដែរ៕

Share.