ភ្នំពេញ៖ ភាគីកម្ពុជា បាននិងកំពុងតាមដានយ៉ាងដិតដល់នូវរាល់សកម្មភាពរបស់ភាគីថៃ នៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃទាំងមូល ខណៈដែលភាគីកម្ពុជាបានបញ្ជូនកំណត់ទូតតវ៉ាជាង ៣០លើក តាមរយៈយន្តការគណៈកម្មាការចម្រុះព្រំដែន JBC​ រួចមកហើយ។

ការបញ្ជាក់នេះ បានធ្វើឡើងដោយឯកឧត្តម ស៊្រឺ បូរ៉ា អគ្គនាយកបច្ចេកទេសនៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ក្នុងកិច្ចពិភាក្សាតុមូល ស្តីពី «ការធ្វើរបងជាឯកតោភាគីរបស់ថៃ នៅចន្លោះបង្គោលលេខ ៥២ និង៥៤ ព្រំប្រទល់រវាងខេត្តបាត់ដំបង (កម្ពុជា) និងខេត្តចាន់បូរី (ថៃ)»។

ឯកឧត្តមអគ្គនាយកបច្ចេកទេស បានថ្លែងថា ក្រុមបច្ចេកទេសនៃយន្តការ JBC ភាគីកម្ពុជា បានចុះទៅដល់គ្រប់ទីតាំងទាំងអស់ ដោយសហការជាមួយកងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមូលដ្ឋានកម្ពុជា ដើម្បីពិនិត្យ និងតាមដានរាល់ការវិវត្តន៍ តាមបណ្តោយព្រំដែនកម្ពុជា-ថៃទាំងមូល មិនមែនត្រឹមតែនៅក្នុងកំណត់ហេតុ ៥៩ ក្នុងភូមិសាស្ត្រខេត្តបាត់ដំបងនោះទេ។

ឯកឧត្តម ស៊្រឺ បូរ៉ា បានជម្រាបបន្ថែមថា កន្លងមក JBC កម្ពុជា បានផ្ញើកំណត់ទូតជាច្រើនទៅកាន់ JBC ថៃ ដើម្បីស្នើបញ្ជូនក្រុមវាស់វែងចម្រុះ ចុះបន្តការងារនៅលើដីជាក់ស្តែង ស្របតាមស្មារតីនៃកថាខណ្ឌទី៣ នៃសេចក្តីប្រកាសរួម កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។

ទោះជាយ៉ាងណា លោកអគ្គនាយកបច្ចេកទេស បានបង្ហាញការព្រួយបារម្ភថា មកដល់ពេលនេះ ភាគីកម្ពុជានៅមិនទាន់ទទួលបានការឆ្លើយតបជាវិជ្ជមានពីភាគីថៃនៅឡើយទេ។

ឯកឧត្តម ស៊្រឺ បូរ៉ា ក៏បានបញ្ជាក់ផងដែរថា បន្ថែមពីលើការតវ៉ាតាមរយៈក្រសួងការបរទេស ក្រសួងការពារជាតិ និងក្រសួងពាក់ព័ន្ធផ្សេងៗ គឺត្រឹមកម្រិត JBC តែមួយ ភាគីកម្ពុជាបានធ្វើកំណត់ទូតតវ៉ាជាង ៣០លើករួចមកហើយ ពាក់ព័ន្ធនឹងសកម្មភាពផ្សេងៗរបស់ថៃ តាមបណ្តោយព្រំដែនកម្ពុជា-ថៃ។

ឯកឧត្តមបានបញ្ជាក់ទៀតថា សកម្មភាពទាំងនោះ ត្រូវបានសិក្សាហើយរកឃើញថាមានការបំពានលើបូរណភាពទឹកដីកម្ពុជា រំលោភលើកិច្ចព្រមព្រៀងដែលភាគីទាំងពីរបានឯកភាពគ្នាកន្លងមក ក៏ដូចជាបំពានទៅលើសមត្ថកិច្ចរបស់ JBC ព្រមទាំងបំផ្លាញនូវសមិទ្ធផលរបស់ JBC ទៀតផង។

សូមបញ្ជាក់ថា កម្ពុជាបន្តប្រើប្រាស់គ្រប់យន្តការទាំងអស់ ដើម្បីការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ ខណៈដែលភាគីទាំងពីរកំពុងខិតខំដោះស្រាយបញ្ហាព្រំដែនតាមរយៈកិច្ចសន្ទនា និងការចរចាដោយសន្តិវិធី៕

Share.