ភ្នំពេញ៖ ភាគីកម្ពុជា បានប្រកាន់ជំហរដាច់ខាតមិនទទួលស្គាល់រាល់ការកែប្រែខ្សែព្រំដែនណាមួយ ដែលកើតចេញពីការប្រើកម្លាំង ឬការគូរផែនទីដោយឯកតោភាគីរបស់ភាគីថៃនោះឡើយ ដោយបញ្ជាក់ថា មានតែគណៈកម្មាការចម្រុះព្រំដែន JBC និងក្រុមវាស់វែងចម្រុះនៃភាគីទាំងពីរប៉ុណ្ណោះ ដែលមានសមត្ថកិច្ចក្នុងការផ្ទៀងផ្ទាត់ និងបញ្ជាក់ខ្សែបន្ទាត់ព្រំដែនអន្តរជាតិកម្ពុជា-ថៃ។

នេះជាការបញ្ជាក់យ៉ាងច្បាស់និងលម្អិតដោយឯកឧត្តម ស្រ៊ឺ បូរ៉ា អគ្គនាយកបច្ចេកទេសនៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ក្នុងកិច្ចពិភាក្សាតុមូល ស្តីពី «ការធ្វើរបងជាឯកតោភាគីរបស់ថៃ នៅចន្លោះបង្គោលលេខ ៥២ និង៥៤ ព្រំប្រទល់រវាងខេត្តបាត់ដំបង (កម្ពុជា) និងខេត្តចាន់បូរី (ថៃ)»។

ឯកឧត្តមអគ្គនាយកបច្ចេកទេស បានគូសបញ្ជាក់ថា មានតែគណៈកម្មាធិការ JBC និងក្រុមវាស់វែងចម្រុះប៉ុណ្ណោះ ដែលមានឯកសារ និងផែនទីដែលបន្សល់ទុកដោយគណៈកម្មាធិការកំណត់ព្រំដែនឥណ្ឌូចិន-សៀម ហើយបានសិក្សាយ៉ាងលម្អិតតាមលក្ខណៈបច្ចេកទេស និងផ្លូវច្បាប់។

ឯកឧត្តមបានមានប្រសាសន៍ថា ៖ «គ្មានបុគ្គលណាមួយ គ្មានកងកម្លាំងប្រដាប់អាវុធថៃ ឬអាជ្ញាធរថៃណាមួយ អាចមកចង្អុលបង្ហាញថាខ្សែព្រំដែនត្រូវនៅកន្លែងនេះ ថាបង្គោលព្រំដែនត្រូវនៅកន្លែងនោះ ហើយចូលមកធ្វើសកម្មភាពស្រេចតែអំពើចិត្តដោយឯកតោភាគីនោះទេ ដែលទង្វើទាំងអស់នេះគឺមិនត្រឹមត្រូវតាមផ្លូវច្បាប់នោះឡើយ។»

ឯកឧត្តម ស៊្រឺ បូរ៉ា បានថ្លែងថា សកម្មភាពយោធាថៃកន្លងមក មានច្រើនរួមមាន ការឈូសឆាយ ការរៀបបន្លាលួស និងការសាងសង់សំណង់ផ្សេងៗ ដែលទង្វើទាំងនេះគឺជាការរំលោភច្បាប់អន្តរជាតិ រំលោភលើកិច្ចព្រមព្រៀងដែលភាគីទាំងពីរបានឯកភាពគ្នាកន្លងមក រំលោភលើកំណត់ហេតុកិច្ចប្រជុំរបស់ JBC និងបំផ្លាញសមិទ្ធផលរបស់ JBC ផងដែរ។

អគ្គនាយកបច្ចេកទេសរូបនេះ បានគូសបញ្ជាក់ថា មធ្យោបាយល្អបំផុតដើម្បីបញ្ចៀសបញ្ហាទាំងនេះ គឺភាគីថៃត្រូវសហការបញ្ជូនក្រុមវាស់វែងចម្រុះឆាប់ចុះធ្វើការនៅលើដីជាក់ស្តែង ដើម្បីបន្តការងារដូចកាលពីមុនពេលមានសង្គ្រាមទាំងពីរលើក។

ជាចុងក្រោយ ឯកឧត្តម ស៊្រឺ បូរ៉ា បានរំលឹកថា តាមរយៈកំណត់ទូតតវ៉ា សេចក្តីប្រកាសព័ត៌មានរបស់រាជរដ្ឋាភិបាល ក្រសួងការបរទេស ក្រសួងការពារជាតិ និងក្រសួងពាក់ព័ន្ធផ្សេងៗ ព្រមទាំង JBC កម្ពុជា កម្ពុជាប្រកាន់ជំហរដាច់ខាតមិនទទួលស្គាល់ការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើកម្លាំង ឬការគូរផែនទីដោយឯកតោភាគីនោះទេ ទាំងពេលកន្លងមក បច្ចុប្បន្ន និងអនាគត៕

Share.