កណ្តាល៖ ឯកឧត្តមបណ្ឌិត អាន ពេជ្រ ហត្ថដា រដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារបច្ចេកទេស ចុះពិនិត្យ និងតាមដានសកម្មភាពអាជីវកម្មបូមខ្សាច់ នៅក្នុងភូមិសាស្ត្រស្រុកស្អាង និងស្រុកកៀនស្វាយ ខេត្តកណ្តាល។




ការចុះពិនិត្យនេះធ្វើឡើងកាលនាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ ដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងតំណាងក្រុមហ៊ុន-សហគ្រាសចំនួន ៧ ដោយបានពិនិត្យស្ថានភាពច្រាំងទន្លេជុំវិញតំបន់ដីសណ្ត និងទីតាំងអាជីវកម្មបូមខ្សាច់ ព្រមទាំងស្តាប់របាយការណ៍ និងមតិបច្ចេកទេសពីគ្រប់ភាគី ដើម្បីវាយតម្លៃផលប៉ះពាល់ និងប្រសិទ្ធភាពនៃការធ្វើអាជីវកម្ម។




ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានណែនាំឱ្យក្រុមហ៊ុន-សហគ្រាសទាំងអស់ ពង្រឹងការសិក្សាបច្ចេកទេសផ្នែកជលវិទ្យា និងជលគតិឱ្យបានច្បាស់លាស់ ដើម្បីធានាថា ការធ្វើអាជីវកម្មធនធានខ្សាច់ប្រព្រឹត្តទៅដោយតម្លាភាព គណនេយ្យភាព និរន្តរភាព និងប្រសិទ្ធភាពខ្ពស់ ព្រមទាំងកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន និងផ្តល់ផលប្រយោជន៍យូរអង្វែងដល់សង្គមជាតិ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។






