អគ្គនាយកបច្ចេកទេសនៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន គូសបញ្ជាក់ថា មានតែគណៈកម្មាធិការ JBC និងក្រុមវាស់វែងចម្រុះប៉ុណ្ណោះ ដែលមានសមត្ថកិច្ចស្របច្បាប់លើការផ្ទៀងផ្ទាត់ខ្សែព្រំដែនកម្ពុជា-ថៃ។

តាមរយៈបទសម្ភាសន៍ជាមួយទូរទស្សន៍ជាតិ ឯកឧត្តម ស៊្រឺ បូរ៉ា អគ្គនាយកបច្ចេកទេសនៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានគូររំលេចពាក់ព័ន្ធនឹងសកម្មភាពយោធារបស់ភាគីថៃនាពេលកន្លងមក ដែលរួមមានការឈូសឆាយ ការរៀបបន្លាលួស និងការសាងសង់សំណង់ផ្សេងៗនៅតាមបណ្តោយព្រំដែន។ ឯកឧត្តមបានបញ្ជាក់យ៉ាងច្បាស់ថា គ្មានបុគ្គល ស្ថាប័ន អង្គការ ឬអង្គភាពណាមួយ មិនថាខាងភាគីកម្ពុជា ឬភាគីថៃឡើយ ដែលដឹង និងយល់ច្បាស់អំពីខ្សែព្រំដែន និងទីតាំងបង្គោលព្រំដែន ជាងគណៈកម្មាធិការព្រំដែនរួម (JBC) និងក្រុមវាស់វែងចម្រុះនោះទេ។ មូលហេតុ គឺដោយសារតែមានតែគណៈកម្មាធិការ JBC និងក្រុមការងារបច្ចេកទេសចម្រុះទាំងនេះប៉ុណ្ណោះ ដែលជាអ្នកកាន់កាប់ឯកសារ និងផែនទីផ្លូវការបន្សល់ទុកដោយគណៈកម្មាធិការកំណត់ព្រំដែនឥណ្ឌូចិន-សៀម ហើយបានធ្វើការសិក្សាយ៉ាងលម្អិតទៅលើឯកសារទាំងនោះ ទាំងតាមលក្ខណៈបច្ចេកទេស និងតាមផ្លូវច្បាប់។

ទោះបីជាកន្លងមក មានទីតាំងមួយចំនួនដែលភាគីទាំងពីរបានឯកភាពគ្នា ហើយក៏មានទីតាំងមួយចំនួនទៀតមិនទាន់ឯកភាពគ្នាក៏ដោយ ករណីនេះគឺបណ្តាលមកពីភាគីទាំងពីរមានជំហរខុសគ្នាតែប៉ុណ្ណោះ។ ឯកឧត្តម ស៊្រឺ បូរ៉ា បានសង្កត់ធ្ងន់ថា មានតែគណៈកម្មាធិការ JBC និងក្រុមវាស់វែងចម្រុះនៃភាគីទាំងពីរប៉ុណ្ណោះ ទើបមានសមត្ថកិច្ចពេញលេញក្នុងការផ្ទៀងផ្ទាត់ និងបញ្ជាក់ច្បាស់ពីខ្សែបន្ទាត់ព្រំដែនអន្តរជាតិកម្ពុជា-ថៃ ក៏ដូចជាទីតាំងបង្គោលព្រំដែនពិតប្រាកដតាំងពីសម័យបារាំងនៅលើដីជាក់ស្តែង ឱ្យបានត្រឹមត្រូវទៅតាមឯកសារនិងផែនទីប្រវត្តិសាស្ត្រ។ ក្នុងន័យនេះ គ្មានបុគ្គលណាម្នាក់ គ្មានកងកម្លាំងប្រដាប់អាវុធថៃ ឬអាជ្ញាធរថៃណាមួយ អាចមកចង្អុលបង្ហាញដោយឯកតោភាគីថាខ្សែព្រំដែន ឬបង្គោលព្រំដែនត្រូវស្ថិតនៅទីនេះ ឬទីនោះ ហើយចូលមកធ្វើសកម្មភាពស្រេចតែអំពើចិត្តនោះឡើយ ដែលទង្វើទាំងនេះគឹជារឿងមិនត្រឹមត្រូវតាមផ្លូវច្បាប់ជាដាច់ខាត។
អគ្គនាយកបច្ចេកទេសរូបនេះបានបន្ថែមថា រាល់សកម្មភាពទាំងឡាយកន្លងមក ក៏ដូចជាពេលបច្ចុប្បន្នរបស់ភាគីថៃ ជាពិសេសកងកម្លាំងប្រដាប់អាវុធថៃ ដែលបានចូលមកកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ និងធ្វើសកម្មភាពបំពានផ្សេងៗតាមបណ្តោយព្រំដែន គឺជាទង្វើខុសច្បាប់អន្តរជាតិ។ សកម្មភាពទាំងនោះបានរំលោភលើកិច្ចព្រមព្រៀងដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក រំលោភលើកំណត់ហេតុកិច្ចប្រជុំ និងសមត្ថកិច្ចរបស់ JBC ព្រមទាំងបំផ្លាញនូវសមិទ្ធផលទាំងឡាយដែលគណៈកម្មាធិការព្រំដែនរួមសម្រេចបានកន្លងមកផងដែរ។
ជាដំណោះស្រាយដ៏ល្អបំផុតដើម្បីបញ្ចៀសនូវបញ្ហាទាំងនេះកុំឱ្យបន្តកើតមានទៀត ក្នុងនាមជាអ្នកបច្ចេកទេស ឯកឧត្តមបានសម្តែងនូវក្តីសង្ឃឹមថា គណៈកម្មាធិការ JBC របស់ភាគីថៃ នឹងផ្តល់កិច្ចសហការក្នុងការបញ្ជូនក្រុមវាស់វែងចម្រុះឱ្យបានឆាប់រហ័ស ដើម្បីចុះអនុវត្តការងារនៅលើដីជាក់ស្តែង និងបន្តបេសកកម្មរបស់ខ្លួនឡើងវិញ ដូចកាលពីដំណាក់កាលមុនពេលមានសង្រ្គាមទាំងពីរលើក៕

