យោងតាមការផ្សាយពីបណ្ដាញផ្សព្វផ្សាយព័ត៌មានថៃ បានរាយការណ៍ថា ខណៈនេះនៅក្នុងខេត្តទេសចរណ៍ភូកេតកំពុងតែរងគ្រោះព្រោះតែទឹកជំនន់ ក្រោយមានភ្លៀងធ្លាក់ខ្លាំងពេញមួយយប់ជាបន្តបន្ទាប់គ្នាបណ្ដាលឱ្យតំបន់មួយចំនួនលិចលង់ខ្លាំង។

តាមសេចក្ដីរាយការណ៍ នៅព្រឹកថ្ងៃទី១ ខែកក្កដា នេះ នៅក្នុងខេត្តភូកេត មានតំបន់ជាច្រើនកំពុងលិចទឹកជាពិសេសនៅក្នុងតំបន់ប៉ាតុង (Patong) ដូចជានៅម្ដុំប៉ុស្តិ៍នគរបាលប៉ាតុងជាដើម។ ទន្ទឹមនឹងនោះដែរ ទឹកភ្លៀងធ្លាក់ពីលើភ្នំតាមផ្លូវទៅកាន់ឆ្នេរកាតុន (Karon) បានហូរធ្លាក់ចុះមកយ៉ាងខ្លាំង និងមានពណ៌ល្អក់ កំពុងហូរលិចលើផ្ទៃផ្លូវសិរីរត្ន (Sirirat Road) នៅត្រង់ចំណុចខាងមុខរោងសម្តែង សាយម៉ុន កាបារ៉េត (Simon Cabaret) ប៉ាតុង ខេត្តភូកេត ប៉ុន្តែរថយន្តនៅតែអាចធ្វើដំណើរឆ្លងកាត់ទៅមកបាននៅឡើយ។ ក្រៅពីនោះ ក៏មានការលិចទឹកនៅចំណុចជាច្រើនទៀតផងដែរ ដោយសារតែទឹកហូរខ្លាំងពេក ធ្វើឱ្យមិនអាចរំដោះទឹកមិនទាន់៕









