យោងក្រសួងព្រះបរមរាជវាំង បានចេញសេចក្តីប្រកាសព័ត៌មានជាផ្លូវការមួយ ជម្រាបជូនសាធារណជនឱ្យបានជ្រាបថា ព្រះរាជសុខភាពរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា មានភាពប្រសើរឡើងវិញជាបណ្តើរៗហើយ ក្រោយពីព្រះអង្គបានទទួលការព្យាបាលព្រះរោគដោយការវះកាត់ ព្រមទាំងស្ថិតក្រោមការពិនិត្យតាមដាន និងថែទាំយ៉ាងម៉ត់ចត់ជាទីបំផុត ពីសំណាក់ថ្នាក់ដឹកនាំ លោក លោកស្រី សាស្ត្រាចារ្យ វេជ្ជបណ្ឌិត និងក្រុមគ្រូពេទ្យ នៅមន្ទីរពេទ្យរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន អស់រយៈពេលជាងបីខែកន្លងមកនេះ។

សេចក្តីប្រកាសព័ត៌មានដដែលបានគូសបញ្ជាក់ថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះអង្គសព្វព្រះរាជហឫទ័យនឹងយាងនិវត្តន៍មកកាន់មាតុប្រទេសវិញក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីគង់ប្រថាប់នៅក្នុងមាតុប្រទេសជាមួយបងប្អូនជនរួមជាតិវិញ។ យ៉ាងណាមិញ យោងតាមវេជ្ជបញ្ជារបស់ក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យប៉េកាំង ក្រុមគ្រូពេទ្យនឹងបន្តពិនិត្យតាមដាន និងថែទាំព្រះរាជសុខភាពរបស់ព្រះអង្គជាបន្តទៀត នៅក្នុងព្រះបរមរាជវាំង រាជធានីភ្នំពេញ។

នៅក្នុងឱកាសដ៏វិសេសវិសាលនេះ ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះវររាជមាតាជាតិខ្មែរ ព្រះអង្គទាំងទ្វេ ក៏បានសព្វព្រះរាជហឫទ័យថ្លែងអំណរព្រះគុណ និងអរគុណយ៉ាងជ្រាលជ្រៅបំផុត ថ្វាយនិងប្រគេនសម្តេចព្រះសង្ឃរាជទាំងពីរគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ព្រមទាំងជូនចំពោះសម្តេចថ្នាក់ដឹកនាំកំពូលជាតិ ថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលកន្លងមក និងរហូតដល់ពេលបច្ចុប្បន្ន បានថ្វាយព្រះសព្ទសាធុការពរ និងបួងសួងដល់គុណព្រះរតនត្រ័យ សូមឱ្យព្រះអង្គទាំងទ្វេបានឆាប់ជាសះស្បើយពីព្រះរោគាពាធ និងសូមឱ្យព្រះអង្គប្រកបដោយព្រះបរមសុខគ្រប់ប្រការ ដើម្បីគង់ប្រថាប់នៅក្នុងភាពសុខក្សេមក្សាន្តជាដរាបតរៀងរហូតទៅ៕

https://troryorng.com/
Share.