ភ្នំពេញ៖ ឯកឧត្តម ហេង រតនា បានបង្ហោះសារ និងរូបភាពនៅលើបណ្ដាញសង្គមហ្វេសប៊ុក ដោយបង្ហាញពីការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះឯកសារស្រាវជ្រាវចងក្រងប្រវត្តិនៃការទម្លាក់គ្រាប់បែកពីសំណាក់កងទ័ពឈ្លានពានថៃ ដែលបានទម្លាក់កម្ទេច «ស្ពានជ័យជន្នះ» កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥។

តាមការរៀបរាប់របស់ក្រុមស្រាវជ្រាវ ស្ពាននេះត្រូវបានទម្លាក់គ្រាប់បែកប្រភេទ MK-82 ចំនួន ៧គ្រាប់ ដែលក្នុងមួយគ្រាប់ៗមានទម្ងន់ប្រមាណ ២៣០គីឡូក្រាម ដោយហោះហើរទម្លាក់ចំនួន ២លើក។ ប្រវត្តិនៃស្ពាននេះ ត្រូវបានកសាងដំបូងនៅឆ្នាំ១៩៨៤ ក្រោមការដឹកនាំផ្ទាល់របស់ប៉ុល ពត ហើយបានដាក់ឈ្មោះថា «ស្ពានប្ដេជ្ញាឈ្នះ»។ នៅក្នុងយុទ្ធនាការរដូវប្រាំងឆ្នាំ១៩៨៥ កងទ័ពរដ្ឋាភិបាលប្រជាមានិតកម្ពុជា បានវាយដណ្ដើមជ័យជន្នះនៅទីតាំងនេះ ហើយបានកសាងស្ពានដែកជាថ្មី ដោយប្រសិទ្ធនាមថា «ស្ពានជ័យជន្នះ» រហូតមកដល់បច្ចុប្បន្ន ដោយមានអ្នកខ្លះហៅថា «ស្ពានមេទឹក»។
សមិទ្ធផលជាប្រវត្តិសាស្ត្រនៃស្ពាន និងផ្លូវថ្មីនៅតំបន់នេះ ត្រូវបានរាជរដ្ឋាភិបាលសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្នុងឆ្នាំ២០២០ ដែលជាកិច្ចប្រតិបត្តិការដ៏ថ្លៃថ្លាជាមួយរដ្ឋាភិបាលចិន។ ក្រុមស្រាវជ្រាវបានរៀបរាប់ថា ៖ «នៅក្រោមចរន្តទឹកហូរកាត់ពីលើបំណែកបាក់បែកដោយសារគ្រាប់បែករបស់ខ្មាំង! ស្ពានមេទឹកកំពុងឈរយ៉ាងស្ងៀមស្ងាត់ក្នុងនាមជា «សាក្សី» នៃសោកវិនាសកម្មដែលមិនអាចបំភ្លេចបាន។ ការទម្លាក់គ្រាប់បែកកម្ទេចស្ពានពីសំណាក់ចោរសៀមឈ្លានពាននេះ មិនត្រឹមតែជាការកាត់ផ្តាច់រូបវន្តនៃផ្លូវគមនាគមន៍ប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការកាត់ផ្តាច់ទំនាក់ទំនងរវាងមនុស្សនិងមនុស្ស និងការបំផ្លាញសេចក្តីសុខសាន្តនៃមាតុភូមិជាទីស្រលាញ់របស់យើង។»

ឯកសារស្រាវជ្រាវបានបញ្ជាក់ថា បំណែកដែក និងសសរស្ពានមេទឹកដែលបាក់បែកនៅក្នុងឃុំថ្មដា មិនមែនគ្រាន់តែជាកម្ទេចបេតុងដែលរលត់ចោលទៅក្នុងអតីតកាលនោះឡើយ ប៉ុន្តែវាគឺជាសាក្សីរស់នៃប្រវត្តិសាស្ត្រដ៏សែនឈឺចុកចាប់ និងជាស្នាមរបួសដែលបន្សល់ទុកពីអណ្តាតភ្លើងនៃសង្គ្រាមឈ្លានពានដ៏យង់ឃ្នង។
ឯកសារនេះ ត្រូវបានចងក្រងទុកជាភស្តុតាង ដើម្បីរំលឹកនូវការលះបង់ និងការឆ្លងកាត់វេលាដ៏លំបាកលំបិនរបស់សង្គមជាតិ ព្រមទាំងទុកជាមេរៀនដល់យុវជនជំនាន់ក្រោយ ឱ្យយល់ច្បាស់អំពីតម្លៃនៃ «សន្តិភាព»៕

