ស្វាយរៀង៖ នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីអបអរសាទរកម្មវិធីទិវាមច្ឆជាតិ ដែលប្រារព្ធឡើងនៅទន្លេវ៉ៃគោ ក្រុងស្វាយរៀង។ ក្នុងឱកាសនោះ សម្ដេចធិបតីបានមានប្រសាសន៍យ៉ាងម៉ឺងម៉ាត់អំពីការបង្ក្រាបបទល្មើសជលផល ដោយបញ្ជាឱ្យកងទ័ពជើងគោកចូលរួមយ៉ាងសកម្មក្នុងការទប់ស្កាត់ការនេសាទខុសច្បាប់ ជាពិសេសការអូសលៀសដោយប្រើប្រាស់ប្រភេទឧបករណ៍នេសាទខុសច្បាប់។

សម្ដេចធិបតីបានថ្លែងយ៉ាងច្បាស់ថា ៖ «ហើយសុំមើលផង ការអូសលៀសនេះ។ អូស ម្តង ៣០ ទៅ ៤០ តោន អូសទាំងអាតូចទាំងអាធំ ខ្ទេចអស់។ ខ្ញុំបញ្ជាឱ្យកងទ័ពជើងគោកដែលនៅចាំទន្លេសាប ចេញធ្វើការ»។ សម្ដេចបានបញ្ជាក់ថា កន្លងមករយៈពេល២ឆ្នាំនេះ កងទ័ពជើងគោកបានចូលរួមបង្ក្រាបបទល្មើសទាំងលើដី ទាំងក្នុងទឹក រួមទាំងការការពារព្រំដែន និងអធិបតេយ្យភាពដែនដីផងដែរ។
សម្ដេចធិបតីបានសង្កត់ធ្ងន់ថា ការប្រើប្រាស់កងកម្លាំងប្រដាប់អាវុធក្នុងការបង្ក្រាបបទល្មើសនេះ គឺជាវិធានការចាំបាច់នាពេលបច្ចុប្បន្ន ដោយសារតែអ្នកល្មើសមានសមត្ថភាពខ្លាំងក្លា។ ទោះជាយ៉ាងណា សម្ដេចបានលើកឡើងពីទិសដៅអនាគតជំរុញឱ្យមានការពង្រឹងសមត្ថភាពសហគមន៍ អាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ ដើម្បីអាចគ្រប់គ្រង និងការពារធនធានជលផលប្រកបដោយចីរភាពដោយខ្លួនឯង ជាជាងការពឹងផ្អែកលើកងកម្លាំងយោធា ដែលមានភារកិច្ចច្រើនទៀតដើម្បីបំពេញ។
គួររំលឹកថា ទិវាមច្ឆាជាតិ ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំណងបំផុសស្មារតី និងចលនាជាតិឱ្យចូលរួមថែរក្សា អភិរក្ស និងអភិវឌ្ឍវិស័យជលផលប្រកបដោយនិរន្តរភាព។ រាជរដ្ឋាភិបាល តាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដាក់ចេញ និងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវវិធានការគន្លឹះ និងយុទ្ធសាស្ត្រសំខាន់ៗ តាមរយៈការកែទម្រង់ក្របខ័ណ្ឌច្បាប់ និងការបង្ក្រាបបទល្មើសជលផលគ្រប់ប្រភេទ ដើម្បីធានាបាននូវប្រសិទ្ធភាពនៃការគ្រប់គ្រងធនធានធម្មជាតិ និងធានាថាធនធានជលផលនៅតែសម្បូរបែបសម្រាប់កូនចៅជំនាន់ក្រោយ។
ជាការកត់សម្គាល់ នៅឆ្នាំ២០២៥ ផលជលផលសរុបបានកើនឡើងដល់ ៩៧៨,៥៦០ តោន កើនឡើង ៥,៦% ធៀបនឹងឆ្នាំ២០២៤។ ក្នុងនោះ ផលនេសាទទឹកសាបមានចំនួន ៥១៤,៨៣០ តោន (កើនឡើង ១០%) ផលនេសាទសមុទ្រ ១៤០,១៦០ តោន និងផលវារីវប្បកម្ម ៣២៣,៥៧០ តោន។ កំណើននៃផលនេសាទទឹកសាបនេះ គឺជាលទ្ធផលនៃការខិតខំប្រឹងប្រែងទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទពីសមត្ថកិច្ចជំនាញជលផល រួមជាមួយកងកម្លាំងប្រដាប់អាវុធ រដ្ឋបាលថ្នាក់ក្រោមជាតិ សមត្ថកិច្ចពាក់ព័ន្ធ និងសហគមន៍នេសាទ ព្រមទាំងការចូលរួមផ្តល់ព័ត៌មានពីមហាជន ដែលបានក្លាយជាកម្លាំងចលករដ៏សំខាន់ក្នុងការលុបបំបាត់ការនេសាទខុសច្បាប់ ធានាបាននូវការកើនឡើងផលស្តុកត្រី និងការការពារប្រព័ន្ធអេកូឡូស៊ីទន្លេប្រកបដោយនិរន្តរភាព។
ក្នុងឱកាសនេះ សម្ដេចធិបតីក៏បានជំរុញឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីស្វែងរកដំណោះស្រាយប្រកបដោយចីរភាព ដែលអាចឱ្យសហគមន៍ និងអាជ្ញាធរមូលដ្ឋានមានលទ្ធភាពគ្រប់គ្រង និងការពារធនធានជលផលដោយខ្លួនឯង សំដៅកសាងវិស័យជលផលប្រកបដោយនិរន្តរភាព និងសុខដុមរមនាជាមួយបរិស្ថានធម្មជាតិ៕

