សង្គមថៃបច្ចុប្បន្នកំពុងតែធ្លាក់ចូលទៅក្នុងជ្រោះដ៏ខ្មៅងងឹតនៃវិបត្តិសីលធម៌យ៉ាងធ្ងន់ធ្ងរ ដែលឆ្លុះបញ្ចាំងតាមរយៈព្រឹត្តិការណ៍ដ៏អាម៉ាស់ចំនួន ២ ខុសគ្នា ប៉ុន្តែមានចំណុចរួមមួយ គឺការលះបង់មនសិការ មនោសញ្ចេតនា និងកិត្តិយសដើម្បីតែលុយ។ អំពើអមនុស្សធម៌ទាំងនេះ មិនត្រឹមតែជាន់ឈ្លីតម្លៃជាមនុស្សប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្ហាញពីភាពធូររលុង និងចំណុចខ្សោយនៃប្រព័ន្ធការពារសន្តិសុខ និងយុត្តិធម៌សង្គមផងដែរ។


រឿងរ៉ាវដ៏ខ្លោចចិត្ត និងគួរឱ្យសង្វេគបំផុតបានកើតឡើងនៅក្នុងសង្គមថៃ បន្ទាប់ពីតុលាការព្រហ្មទណ្ឌបានកាត់ទោសស្ត្រីជាម្តាយម្នាក់ឈ្មោះ ឡាក់ (Luck) អាយុ ២៩ឆ្នាំ ឱ្យជាប់ពន្ធនាគារពីបទជួញដូរមនុស្ស។ អ្វីដែលមហាជនមិនអាចទទួលយកបានបំផុតនោះគឺ នាងបានប្រើប្រាស់ល្បិចកលយកកូនស្រីបង្កើតរបស់ខ្លួន ដែលមានអាយុទើបតែ ១២ឆ្នាំ ទៅបោះបង់ចោលនៅហាងម៉ាស្សាមួយកន្លែងក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន ក្រោមរូបភាពទិដ្ឋាការទេសចរណ៍ ដើម្បីបង្ខំឱ្យកុមារីរងគ្រោះធ្វើជាអ្នករកស៊ីផ្លូវភេទ។



ទង្វើរបស់ស្ត្រីជាម្តាយរូបនេះ បានបង្ហាញឱ្យឃើញថា សូម្បីតែ «ឈាមបង្កើត» ក៏នាងអាចដោះដូរជាលុយកាក់បានដែរ។ ក្នុងរយៈពេលត្រឹមតែ ៣៣ថ្ងៃ កុមារីដ៏កំសត់ត្រូវបានគេបង្ខំឱ្យបម្រើភ្ញៀវផ្លូវភេទរហូតដល់ទៅជាង ៦០នាក់ ត្រូវរងការរំលោភបំពានទាំងបង្ខំ ថែមទាំងត្រូវបានគេធ្វើបាបឱ្យដេកនៅលើកម្រាលឥដ្ឋក្នុងផ្ទះបាយ និងទទួលបានអាហារបន្តិចបន្តួចគ្រាន់តែចិញ្ចឹមជីវិត ខណៈដែលម្តាយបង្កើតបានរត់គេចខ្លួនមកប្រទេសថៃវិញយ៉ាងព្រងើយ។ លុយជាង ៦០០,០០០យ៉េន ដែលបានមកពីអាជីវកម្មនេះ គឺបានមកពីតំណក់ឈាម និងទឹកភ្នែករបស់កូនស្រីខ្លួនឯង។

អ្វីដែលជាចំណុចរិះគន់យ៉ាងធ្ងន់ធ្ងរនោះគឺ «ប្រព័ន្ធយុត្តិធម៌ហាក់បីដូចជាស្រាលពេក» សម្រាប់ជនល្មើសជាម្តាយរូបនេះ។ ទោសប្បញ្ញត្តិដំបូងដែលត្រូវដាក់ពន្ធនាគារ ១៥ឆ្នាំ ត្រូវបានតុលាការកាត់បន្ថយមកត្រឹមតែ ៧ឆ្នាំ និង ៦ខែវិញ ដោយគ្រាន់តែយោងលើហេតុផលថា «ជនជាប់ចោទបានទទួលសារភាព និងមិនធ្លាប់មានប្រវត្តិប្រព្រឹត្តបទល្មើស»។ នេះជាការសម្រេចសេចក្តីដ៏អយុត្តិធម៌មួយសម្រាប់ជនរងគ្រោះ ព្រោះទោសត្រឹមតែជិត ៨ឆ្នាំនេះ ស្រាលពេកហើយបើធៀបទៅនឹងការបំផ្លិចបំផ្លាញអនាគត និងរបួសផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរដែលមិនអាចលុបលាងបានពេញមួយជីវិតរបស់កុមារី។ វាបានស្តែងឱ្យឃើញពីភាពទន់ខ្សោយនៃច្បាប់ការពារកុមារ ដែលទាមទារឱ្យមានការរឹតបន្តឹង និងដាក់ទោសទណ្ឌឱ្យបានធ្ងន់ធ្ងរបំផុតចំពោះអំពើជួញដូរមនុស្សបែបនេះ។

ទន្ទឹមនឹងវិបត្តិសីលធម៌ក្នុងគ្រួសារ មុខមាត់ និងកេរ្តិ៍ឈ្មោះរបស់ប្រទេសនៅលើឆាកអន្តរជាតិ ក៏ត្រូវរងការជាន់ឈ្លីដោយសារតែភាពលោភលន់របស់បុគ្គលម្នាក់ៗផងដែរ។ ករណីនារីបម្រើការលើយន្តហោះជនជាតិថៃវ័យ ២៦ឆ្នាំម្នាក់ ត្រូវបានសមត្ថកិច្ចអូស្ត្រាលីចាប់ខ្លួនភ្លាមៗ នៅព្រលានយន្តហោះមែលប៊ន ពីបទលួចរត់ពន្ធគ្រឿងញៀនប្រភេទហេរ៉ូអ៊ីន (Heroin) ទម្ងន់ជាង ១គីឡូក្រាម (តម្លៃប្រហែល ៥០០,០០០ដុល្លារអូស្ត្រាលី) គឺជាភស្តុតាងយ៉ាងច្បាស់។
ទង្វើដ៏អាម៉ាស់នេះបានស្តែងឱ្យឃើញពីការឆកល្វែងនៃប្រព័ន្ធគ្រប់គ្រងបុគ្គលិករបស់ក្រុមហ៊ុនអាកាសចរណ៍ និងការធ្លាក់ចុះសីលធម៌វិជ្ជាជីវៈយ៉ាងធ្ងន់ធ្ងរ។ នាងបានឆ្លៀតឱកាសប្រើប្រាស់តួនាទីជាក្រុមនាវិកអាកាសចរណ៍អន្តរជាតិ ដែលជាអាជីពដ៏មានកិត្តិយស មកធ្វើជាខែលនិងជាឈ្នាន់ដើម្បីរត់ពន្ធគ្រឿងញៀន ដោយដេរលាក់ម្សៅសក្នុងស្រទាប់បាតកាបូបយួរដៃចំនួន ១២។ សំណាងល្អដែលប្រព័ន្ធត្រួតពិនិត្យកាំរស្មីអ៊ិច (X-ray) របស់អូស្ត្រាលីមានភាពហ្មត់ចត់ ទើបអាចវែកមុខសញ្ញានេះបាន។ ពេលនេះនាងត្រូវប្រឈមមុខនឹងទោសជាប់ពន្ធនាគាររហូតដល់ ២៥ឆ្នាំ ដែលជាតម្លៃសមរម្យសម្រាប់អ្នកដែលហ៊ានលះបង់កិត្តិយសខ្លួនឯង និងកិត្តិយសជាតិដើម្បីលុយខុសច្បាប់។
អ្វីដែលរឹតតែគួរឱ្យអាម៉ាស់ និងគួរឱ្យព្រួយបារម្ភបន្ថែមទៀតនោះគឺ ករណីស្របគ្នាមួយទៀតដែលពាក់ព័ន្ធនឹងយុវជនជនជាតិអង់គ្លេសម្នាក់ និងមិត្តស្រី ដែលត្រូវបានឃាត់ខ្លួននៅប្រទេសតួកគី ជាមួយកញ្ឆា (Cannabis) ទម្ងន់ជិត ២០គីឡូក្រាម នៅក្នុងវ៉ាលី បន្ទាប់ពីត្រឡប់មកពីលំហែកាយនៅប្រទេសថៃ។

ទោះបីជាជនជាប់ចោទព្យាយាមដោះសារយ៉ាងណាក៏ដោយ ក៏ព្រឹត្តិការណ៍នេះបានដាស់តឿន និងបង្ហាញប្រាប់ពិភពលោកថា «ប្រព័ន្ធគ្រប់គ្រង និងត្រួតពិនិត្យគ្រឿងញៀនក្នុងប្រទេសថៃកំពុងមានភាពធូររលុង និងក្លាយជាចំណុចខ្សោយដ៏ធំមួយ» រហូតដល់ថ្នាក់ជនបរទេសអាចនាំចេញគ្រឿងញៀនរាប់សិបគីឡូក្រាមតាមព្រលានយន្តហោះបានយ៉ាងងាយស្រួល។
សរុបមក ទាំងករណីម្តាយលក់កូនស្រីបង្កើត និងករណីបុគ្គលិកអាកាសចរណ៍រត់ពន្ធគ្រឿងញៀន សុទ្ធតែជា «ស្នាមប្រឡាក់ដ៏ខ្មៅងងឹត» នៅក្នុងសង្គម។ ទង្វើអគតិ និងអមនុស្សធម៌របស់មនុស្សមួយក្រុមតូចនេះ មិនត្រឹមតែបំផ្លាញអនាគតផ្ទាល់ខ្លួនរបស់ពួកគេនោះទេ ប៉ុន្តែវាបានជាន់ឈ្លីកិត្តិយសជាតិទាំងមូលនៅលើឆាកអន្តរជាតិ។ វាជាការដាស់តឿនយ៉ាងចាស់ដៃដល់រដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធ ត្រូវតែបញ្ឈប់ការអនុវត្តច្បាប់បែបយោគយល់ ឬធូររលុងទៀតទៅ ព្រោះបើកាលណាប្រព័ន្ធច្បាប់នៅតែទន់ជ្រាយ នោះវិបត្តិសីលធម៌ និងឧក្រិដ្ឋកម្មវានឹងបន្តបំផ្លាញសង្គមជាតិទាំងមូលដោយគ្មានថ្ងៃស្តារឡើងវិញបានឡើយ៕

