ទីភ្នាក់ងារសារព័ត៌មាន AP បានរាយការណ៍អំពីបច្ចុប្បន្នភាពនៃស្ថានភាពគ្រោះមហន្តរាយក្នុងប្រទេសវ៉េណេស៊ុយអេឡា បន្ទាប់ពីបានជួបប្រទះគ្រោះរញ្ជួយដីកម្រិតធ្ងន់ធ្ងរចំនួន ២លើកបន្តបន្ទាប់គ្នាកាលពីសប្តាហ៍មុន។ មកទល់ពេលនេះ ចំនួនអ្នកបាត់បង់ជីវិតបានកើនឡើងដល់ជាង ១,៧០០នាក់ហើយ។ ក្រៅពីកិច្ចខិតខំប្រឹងប្រែងក្នុងការស្វែងរកមនុស្សនៅក្រោមគំនរបាក់បែក អាជ្ញាធរក៏កំពុងតម្រង់ទិសដៅទៅលើការដោះស្រាយវិបត្តិមនុស្សធម៌ ដែលអាចជាបញ្ហាយ៉ាងរ៉ាំរ៉ៃអូសបន្លាយពេលរាប់ឆ្នាំទៅមុខទៀត។

ចាប់តាំងពីមានគ្រោះរញ្ជួយដីលើកដំបូងកាលពីថ្ងៃពុធ ទី២៤ ខែមិថុនា មក ប្រទេសវ៉េណេស៊ុយអេឡាបានប្រឈមមុខនឹងការញ័ររង្គើបន្ទាប់បន្សំ ឬAftershocks ដែលកើតមានឡើងជាបន្តបន្ទាប់ជាង ៦០០ដង រួមទាំងការរញ្ជួយដីកម្រិតមធ្យមទំហំ ៤.៦ រ៉ិចទ័រ នៅក្នុងតំបន់រងគ្រោះនៃរដ្ឋ ឡា ក្វៃរ៉ា (La Guaira) ភាគខាងជើងប្រទេស កាលពីថ្ងៃច័ន្ទ ទី២៩ ខែមិថុនា ផងដែរ។

លោក ហ្សកហ្សេ រ៉ូឌ្រីហ្គេស (Jorge Rodríguez) ប្រធានសភាជាតិវ៉េណេស៊ុយអេឡា បានថ្លែងថា គេមិនទាន់រកឃើញការខូចខាតថ្មីណាមួយឡើយ ប៉ុន្តែព្រឹត្តិការណ៍នេះបានបង្កការតក់ស្លុត និងភ័យស្លន់ស្លោដល់ប្រជាពលរដ្ឋនៅក្នុងតំបន់ជាច្រើនដែលបានដឹងពីកម្លាំងរញ្ជួយ រាប់បញ្ចូលទាំងនៅក្នុងរដ្ឋធានី ការ៉ាកាស (Caracas) ផងដែរ៕

https://troryorng.com/
Share.