ភ្នំពេញ៖ ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ តទៅ ក្រសួងមហាផ្ទៃ តាមរយៈអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានដាក់ឱ្យអនុវត្តយន្តការថ្មី សម្រាប់ផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋខ្មែរចំណាកស្រុក ដែលកំពុងប្រកបការងារ ប្រកបមុខរបរ ឬបន្តការសិក្សា នៅក្រៅរាជធានី-ខេត្តនៃលំនៅឋានអចិន្ត្រៃយ៍របស់ខ្លួន ដោយអាចស្នើសុំធ្វើអត្តសញ្ញាណបណ្ណ បន្តសុពលភាព ឬស្នើសុំជំនួសករណីបាត់បង់ និងខូចខាត នៅតាមស្នងការដ្ឋាននគរបាលរាជធានី-ខេត្តណាមួយក៏បាន ដោយមិនចាំបាច់ធ្វើដំណើរត្រឡប់ទៅលំនៅឋានដើមដូចមុនឡើយ។

ថ្លែងក្នុងកិច្ចប្រជុំផ្សព្វផ្សាយការដាក់ឱ្យអនុវត្តយន្តការថ្មីនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានមានប្រសាសន៍ថា នេះគឺជាជំហានដ៏សំខាន់មួយក្នុងការកែទម្រង់ប្រព័ន្ធផ្តល់សេវាអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ដើម្បីឱ្យសេវារដ្ឋកាន់តែខិតជិតប្រជាពលរដ្ឋ ស្របតាមការដឹកនាំ និងការណែនាំរបស់រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ។

ឯកឧត្តមបញ្ជាក់ថា យន្តការថ្មីនេះ បានប្រគល់សមត្ថកិច្ចឱ្យស្នងការដ្ឋាននគរបាលរាជធានី-ខេត្តទាំង ២៥ ទូទាំងប្រទេស អាចផ្តល់សេវាអត្តសញ្ញាណបណ្ណជូនប្រជាពលរដ្ឋចំណាកស្រុក មិនថាជាការស្នើសុំធ្វើលើកដំបូង បន្តសុពលភាព បាត់បង់ ឬខូចខាតនោះទេ។ ឧទាហរណ៍ ប្រជាពលរដ្ឋដែលមានលំនៅឋានអចិន្ត្រៃយ៍នៅខេត្តមណ្ឌលគិរី ប៉ុន្តែកំពុងធ្វើការនៅខេត្តព្រៃវែង អាចទៅស្នើសុំធ្វើអត្តសញ្ញាណបណ្ណនៅស្នងការដ្ឋាននគរបាលខេត្តព្រៃវែងបានភ្លាមៗ ដោយមិនចាំបាច់ត្រឡប់ទៅខេត្តរតនគិរីវិញឡើយ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត បានលើកឡើងថា យន្តការថ្មីនេះ នឹងជួយកាត់បន្ថយទាំងពេលវេលា និងការចំណាយរបស់ប្រជាពលរដ្ឋ ជាពិសេសកម្មករ កម្មការិនី និងអ្នកចំណាកស្រុក ដែលពីមុនត្រូវចំណាយពេល ២ ទៅ ៣ថ្ងៃ ឬច្រើនជាងនេះ ដើម្បីធ្វើដំណើរត្រឡប់ទៅលំនៅឋានដើម សម្រាប់បំពេញបែបបទធ្វើអត្តសញ្ញាណបណ្ណ។ ក្រោមយន្តការថ្មី ពួកគេអាចទទួលសេវានៅកន្លែងដែលកំពុងរស់នៅ ឬធ្វើការតែម្តង។

ឯកឧត្តមក៏បានបញ្ជាក់ដែរថា យន្តការនេះ មិនត្រឹមតែជួយដល់ប្រជាពលរដ្ឋចំណាកស្រុកក្នុងប្រទេសប៉ុណ្ណោះទេ ប៉ុន្តែក៏ផ្តល់ភាពងាយស្រួលដល់ពលរដ្ឋខ្មែរដែលវិលត្រឡប់មកពីប្រទេសថៃ និងប្រជាពលរដ្ឋដែលផ្លាស់ទីលំនៅដោយសារស្ថានភាពនៅតាមតំបន់ព្រំដែនផងដែរ។ ក្នុងករណីចាំបាច់ ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត អាចចល័តឧបករណ៍ទៅផ្តល់សេវាផ្ទាល់នៅទីតាំងដែលប្រជាពលរដ្ឋកំពុងស្នាក់នៅ ដើម្បីធានាថាពួកគេទទួលបានសេវាដោយឆាប់រហ័ស។

ពាក់ព័ន្ធនឹងឯកសារតម្រូវ ឯកឧត្តមបានពន្យល់ថា សម្រាប់អ្នកស្នើសុំអត្តសញ្ញាណបណ្ណលើកដំបូង ដែលមានអាយុចាប់ពី ១៥ឆ្នាំឡើងទៅ ត្រូវភ្ជាប់សេចក្តីចម្លងសំបុត្រកំណើត ឬសេចក្តីចម្លងសំបុត្របញ្ជាក់កំណើត និងឯកសារសម្គាល់ការស្នាក់នៅ ដូចជា សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ ឬលិខិតបញ្ជាក់ទីលំនៅ។ ចំណែកអ្នកដែលស្នើសុំបន្តសុពលភាព អត្តសញ្ញាណបណ្ណបាត់បង់ ឬខូចខាត គ្រាន់តែភ្ជាប់អត្តសញ្ញាណបណ្ណចាស់ ឬពាក្យបណ្ដឹងអំពីការបាត់បង់ តាមករណីនីមួយៗ។

ជាមួយគ្នានេះ ឯកឧត្តមបានឱ្យដឹងថា បច្ចុប្បន្ន អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋសរុបប្រមាណ ១៣,៩លាននាក់ ខណៈជាមធ្យមមានប្រជាពលរដ្ឋជាង ១ម៉ឺននាក់ ទទួលសេវានេះក្នុងមួយថ្ងៃ។ ឯកឧត្តមរំពឹងថា ក្រោយការដាក់ឱ្យអនុវត្តយន្តការថ្មីនេះ ចំនួនប្រជាពលរដ្ឋមកស្នើសុំធ្វើអត្តសញ្ញាណបណ្ណ និងបន្តសុពលភាព នឹងកើនឡើងកាន់តែច្រើន។

ទោះជាយ៉ាងណា ឯកឧត្តមបញ្ជាក់ថា បច្ចុប្បន្ន យន្តការនេះអនុវត្តនៅកម្រិត ស្នងការដ្ឋាននគរបាលរាជធានី-ខេត្តទាំង ២៥ ជាមុនសិន ខណៈក្រសួងមហាផ្ទៃនឹងបន្តសិក្សាលទ្ធភាពពង្រីកបន្ថែមនៅពេលខាងមុខ ដោយត្រូវធានាទាំងការសម្រួលដល់ប្រជាពលរដ្ឋ និងការទប់ស្កាត់ការក្លែងបន្លំឯកសារ ឬការឆ្លៀតឱកាសពីជនខិលខូច។

បច្ចុប្បន្ន កន្លែងផ្តល់សេវាអត្តសញ្ញាណបណ្ណសម្រាប់ប្រជាពលរដ្ឋចំណាកស្រុក មានសរុប ២៨ទីតាំង រួមមាន ស្នងការដ្ឋាននគរបាលរាជធានី-ខេត្តទាំង ២៥, ទីស្នាក់ការផ្តល់សេវានៅផ្សារទំនើប អ៊ីអន២, អ៊ីអន៣ និងនាយកដ្ឋានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ដែលអាចឆ្លើយតបតម្រូវការរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេសបានកាន់តែមានប្រសិទ្ធភាព។

សូមអានខ្លឹមសារទាំងស្រុងនៅខាងក្រោមនេះ

កម្មវិធីស្ដីពីការដាក់ឱ្យអនុវត្តយន្ដការផ្ដល់អត្តសញ្ញាណសញ្ជាតិខ្មែរនៅតាមបណ្ដាស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ជូនប្រជាពលរដ្ឋខ្មែរចំណាកស្រុកនេះ បានរៀបចំ​នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី១ កក្កដា ឆ្នាំ​២០២៦ ដែលមានអ្នកចូលរួមពីមន្រ្តីថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលចូលរួមផ្ទាល់និងតាមប្រព័ន្ធហ្សូម សរុបជាង​៦ ០០០នាក់។

Share.