វ៉ាស៊ីនតោនឌីស៊ី៖ កម្ពុជា និងសហរដ្ឋអាមេរិក បានឈានដល់របត់ប្រវត្តិសាស្ត្រថ្មីមួយនៅក្នុងវិស័យអាកាសចរណ៍ស៊ីវិល តាមរយៈការចុះហត្ថលេខាលើកិច្ចព្រមព្រៀង «បើកចំហជើងមេឃ» ក្នុងគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការដឹកជញ្ជូនតាមផ្លូវអាកាសទ្វេភាគី ឱ្យកាន់តែមានភាពរីកចម្រើន និងឈានទៅដល់ស្តង់ដាទំនើបខ្ពស់បំផុត។

ពិធីចុះហត្ថលេខាជាផ្លូវការនេះ បានប្រព្រឹត្តទៅនារសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងការបរទេសសហរដ្ឋអាមេរិក នាទីក្រុងវ៉ាស៊ីនតោនឌីស៊ី រវាង ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា និង លោក Cristopher Landau អនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក។
តាមការបញ្ជាក់ពីជំនួបកំពូលនេះ នេះជាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាសទ្វេភាគីលើកដំបូងបំផុតរវាងប្រទេសទាំងពីរ។ សមិទ្ធផលដ៏ធំធេងនេះលេចរូបរាងឡើង បន្ទាប់ពីក្រុមហ៊ុនសាជីវកម្មហិរញ្ញវត្ថុអភិវឌ្ឍន៍អន្តរជាតិរបស់សហរដ្ឋអាមេរិក (DFC) បានអនុម័តផ្តល់កញ្ចប់ហិរញ្ញប្បទានចំនួន ១០០លានដុល្លារ ក្នុងការគាំទ្រដល់គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ (KTI) នៅរាជធានីភ្នំពេញ ដែលជានិមិត្តរូបនៃការរីកលូតលាស់នៃទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រជាជាតិទាំងពីរ។
កិច្ចព្រមព្រៀង «បើកចំហជើងមេឃ» នេះ នឹងផ្តល់ផលប្រយោជន៍យ៉ាងច្រើនសន្ធឹកសន្ធាប់ រួមមាន៖ តម្លៃសមរម្យ និងភាពងាយស្រួល ដែលអនុញ្ញាតឱ្យក្រុមហ៊ុនអាកាសចរណ៍អាចផ្តល់សេវាកម្មដឹកជញ្ជូនអ្នកដំណើរ និងទំនិញកាន់តែមានប្រសិទ្ធភាព និងចំណាយតិចជាងមុន។
ការអនុវត្តសិទ្ធិហោះហើរទី៧ នឹងបើកផ្លូវឱ្យមានការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសដោយសេរី ដោយក្រុមហ៊ុនដឹកជញ្ជូនអាចប្រតិបត្តិការហោះហើររវាងសហរដ្ឋអាមេរិក និងប្រទេសទីបី ទោះបីជាប្រទេសនោះគ្មានទំនាក់ទំនងប្រតិបត្តិការផ្ទាល់ជាមួយកម្ពុជាក៏ដោយ។ មួយវិញទៀត នេះក៏ជាឱកាសជំរុញកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការបើកឱកាសទីផ្សារធំទូលាយសម្រាប់ធុរកិច្ច វិនិយោគិន និយោជិត និងបង្កើនលំហូរភ្ញៀវទេសចររវាងប្រទេសទាំងពីរ។
ជាទីបញ្ចប់ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានគូសបញ្ជាក់ថា កម្ពុជានៅតែបន្តប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការដើរតួនាទីយ៉ាងសកម្មលើឆាកអន្តរជាតិ តាមរយៈការពង្រីកកិច្ចសហប្រតិបត្តិការអាកាសចរណ៍ស៊ីវិលជាមួយបណ្តាប្រទេសជាដៃគូផ្សេងៗទៀត ព្រមទាំងបន្តចរចាបង្កើតកិច្ចព្រមព្រៀងថ្មីៗ និងពង្រឹងក្របខ័ណ្ឌទ្វេភាគីដែលមានស្រាប់ឱ្យកាន់តែរឹងមាំបន្ថែមទៀត៕

