ឈៀងរ៉ាយ៖ មុខមាត់ និងកេរ្តិ៍ឈ្មោះរបស់ប្រទេសថៃនៅលើឆាកតំបន់ បានបន្តរងការប៉ះទង្គិច និងធ្លាក់ចុះម្តងហើយម្ដងទៀត បន្ទាប់ពីអាជ្ញាធរឡាវ បានធ្វើការប្រគល់ខ្លួនជនជាតិថៃចំនួន ២៤នាក់ ទៅឱ្យមន្ត្រីប៉ូលិសថៃ នៅឯស្ពានមិត្តភាពថៃ-ឡាវទី៤ ក្នុងខេត្តឈៀងរ៉ាយ កាលពីថ្ងៃទី ៣០ ខែមិថុនា ម្សិលមិញនេះ ក្រោយពីសមត្ថកិច្ចបានរកឃើញថា ពួកគេមានការជាប់ពាក់ព័ន្ធយ៉ាងជ្រៅទៅនឹងប្រតិបត្តិការបោកប្រាស់តាមប្រព័ន្ធទូរស័ព្ទ និងអនឡាញ (Call Centre Scam)។

ក្រុមជនសង្ស័យទាំងនោះ រួមមានបុរស ១៥នាក់ និងស្ត្រី ៩នាក់ ដែលមានអាយុចន្លោះពី ១៩ ដល់ ៤១ឆ្នាំ ត្រូវបានអាជ្ញាធរខេត្តបកែវ (Bokeo) ប្រទេសឡាវ ចាប់ខ្លួន និងបណ្តេញចេញ ដើម្បីយកមកកាត់ទោសតាមច្បាប់នៅក្នុងប្រទេសថៃវិញ។ អ្វីដែលគួរឱ្យកត់សម្គាល់ និងរិះគន់នោះគឺ ជនល្មើសមួយចំនួនបានប្រើប្រាស់ត្រឹម «លិខិតឆ្លងដែនបណ្តោះអាសន្នតាមព្រំដែន» ដើម្បីឆ្លងដែនទៅប្រព្រឹត្តបទល្មើសយ៉ាងងាយស្រួល ដែលនេះបានស្តែងឱ្យឃើញពីភាពធូររលុង និងចន្លោះប្រហោងនៃការគ្រប់គ្រងការធ្វើដំណើរតាមព្រំដែនរបស់អាជ្ញាធរថៃ។
តាមរយៈការត្រួតពិនិត្យប្រវត្តិរូបដោយមន្ត្រីថៃ បានរកឃើញការពិតដ៏គួរឱ្យភ្ញាក់ផ្អើលថា ក្នុងចំណោមមនុស្សទាំង ២៤នាក់នោះ មាន ២នាក់ គឺជាឧក្រិដ្ឋជនកំពុងរត់គេចខ្លួន ក្រោមដីកាចាប់ខ្លួនដែលមានស្រាប់ទៅហើយដោយជនសង្ស័យទី១ ឈ្មោះ Sarayu អាយុ ២៥ឆ្នាំ ជាប់ដីកាចាប់ខ្លួនចំនួន២ ពីតុលាការខេត្តភេតឆាប៊ុន (Phetchabun) និងដីកាមួយទៀតពីតុលាការខេត្តមហាសារ៉ាខាម (Maha Sarakham) កាលពីថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២៦ ពីបទឆបោក និងល្មើសច្បាប់ស្តីពីបទល្មើសបច្ចេកវិទ្យា (Computer Crime Act)។ ជនសង្ស័យទី២ ឈ្មោះ Somsak អាយុ ៣៣ឆ្នាំ ជាប់ដីកាចាប់ខ្លួនរបស់តុលាការ Phra Nakhon Tai Kwaeng តាំងពីថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០២៣ ពីបទចោទប្រកាន់ស្រដៀងគ្នានេះដែរ។

ការណ៍ដែលជនដែលមានដីកាចាប់ខ្លួនពីបទឧក្រិដ្ឋកម្មបច្ចេកវិទ្យារួចទៅហើយ តែនៅតែអាចរត់គេចខ្លួនឆ្លងដែនទៅបង្កើតបណ្តាញបោកប្រាស់ថ្មីនៅប្រទេសជិតខាងបាននោះ បានរងការរិះគន់យ៉ាងចាស់ដៃថាជា «ភាពបរាជ័យ និងភាពយឺតយ៉ាវនៃប្រព័ន្ធអនុវត្តច្បាប់ និងការតាមដានមុខសញ្ញារបស់ប៉ូលិសថៃ»។ អ្វីដែលរឹតតែហួសចិត្តថែមទៀតនោះ តាមការស៊ើបអង្កេតបានឱ្យដឹងថា ក្នុងចំណោមអ្នកដែលត្រូវបានបញ្ជូនមកវិញ មានបុគ្គលខ្លះមានទំនាក់ទំនងជាមួយក្រុមបោកប្រាស់ដែលប្រើប្រាស់ «ប៉ូលិសក្លែងក្លាយ» ថែមទៀតផង។
នៅក្នុងប្រតិបត្តិការនេះ អាជ្ញាធរឡាវក៏បានដកហូត និងប្រគល់វត្ថុតាងជាច្រើន រួមមាន ទូរស័ព្ទដៃ ១១គ្រឿង កុំព្យូទ័រយួរដៃ ៤គ្រឿង និងលិខិតឆ្លងដែន ២០ក្បាល។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod ប៉ូលិសថៃកំពុងបន្តបើកការស៊ើបអង្កេតថា តើក្រុមនេះមានខ្សែបណ្តាញផ្សារភ្ជាប់ទៅនឹងមេខ្លោងធំៗ នៃឧក្រិដ្ឋកម្មបច្ចេកវិទ្យាផ្សេងទៀតឬយ៉ាងណា។

បញ្ហានេះមិនមែនជាលើកទីមួយនោះទេ ដែលពលរដ្ឋថៃបានបង្កើតភាពវឹកវរ និងការគំរាមកំហែងដល់សន្តិសុខបច្ចេកវិទ្យានៅក្នុងតំបន់អាស៊ាន។ កាលពីខែមករាកន្លងទៅ អាជ្ញាធរកម្ពុជា ក៏ធ្លាប់បានបញ្ជូនខ្លួនជនជាតិថៃរហូតដល់ទៅ ១៦២នាក់ ត្រឡប់ទៅប្រទេសថៃវិញតាមច្រកព្រំដែនក្នុងខេត្តចន្ទបុរី ដែលក្នុងនោះក៏ត្រូវបានរកឃើញថា មានជនល្មើសមានដីកាចាប់ខ្លួនចំនួន ៦នាក់ផងដែរ។
ការកើនឡើងនៃចំនួនពលរដ្ឋថៃដែលធ្វើដំណើរទៅក្រៅប្រទេស ដើម្បីធ្វើជាភ្នាក់ងារបោកប្រាស់ (Scammers) នៅក្នុងប្រទេសជិតខាង ដូចជា ឡាវ និងកម្ពុជា បានក្លាយជាស្នាមប្រឡាក់យ៉ាងខ្លាំងដល់កេរ្តិ៍ឈ្មោះរបស់ប្រទេសថៃ។
យោងតាមមជ្ឈដ្ឋានទូទៅបានរិះគន់ថា ដរាបណាអាជ្ញាធរថៃនៅតែមិនទាន់មានវិធានការច្បាប់ក្តៅ ក្នុងការលុបបំបាត់បណ្តាញមេខ្យល់ និងការរឹតបន្តឹងការឆ្លងដែនរបស់ជនដែលមានប្រវត្តិមិនល្អឱ្យបានម៉ឺងម៉ាត់ទេនោះ ថៃនឹងបន្តដើរតួជាប្រភពផ្គត់ផ្គង់កម្លាំងពលកម្មខុសច្បាប់ ក្នុងវិស័យឧក្រិដ្ឋកម្មបច្ចេកវិទ្យា ដែលបង្កផលប៉ះពាល់ និងការរំខានដល់សន្តិសុខរបស់ប្រទេសជិតខាងមិនចេះចប់មិនចេះហើយឡើយ៕

