សារព័ត៌មាន Bloomberg ដែលសរសេរដោយអ្នកព័ត៌មានថៃបានចេញផ្សាយអត្ថបទមួយលាតត្រដាងពីយុទ្ធសាស្ត្រទេសចរណ៍ថ្មីរបស់ប្រទេសថៃកាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦។ ក្រោយជោគជ័យរាប់ទសវត្សរ៍លើ កំណើនចំនួនភ្ញៀវទេសចរណ៍ហូរចូលប្រទេសខ្លួនយ៉ាងគំហុករាល់ៗឆ្នាំ បច្ចុប្បន្នថៃផ្ដល់អាទិភាពខ្លាំងលើទំហំទឹកប្រាក់ដែលភ្ញៀវទេសចរចាយ ច្រើនជាងបរិមាណភ្ញៀវទេសចរមកកម្សាន្ត។

លោក Nithee Seeprae រងអាជ្ញាធរទេសចរណ៍ថៃ (TAT) បានមានប្រសាសន៍នៅក្នុងបទសម្ភាសន៍មួយថា ភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ និងការប្រកួតប្រជែងក្នុងតំបន់ដ៏ស្រួចស្រាវ មានន័យថា ការផ្តោតលើអ្នកធ្វើដំណើរដែលមានកម្រិតចំណាយខ្ពស់ ជាជាងទេសចរណ៍បែបមហាជន គឺជាអាទិភាពគន្លឹះ។
«យើងមិនសូវបារម្ភអំពីចំនួនភ្ញៀវទេសចរនោះទេ ព្រោះយើងចង់បង្កើតចំណូលបន្ថែមពីភ្ញៀវម្នាក់ៗ» លោក Nithee បានថ្លែង។ «យើងផ្តោតលើទីផ្សារដែលមានគុណភាព»។
លោក Nithee បានចង្អុលបង្ហាញពីព្រឹត្តិការណ៍ទីផ្សារថ្មីៗរបស់អាជ្ញាធរទេសចរណ៍នៅក្នុងបណ្តាទីក្រុងនានារបស់ចក្រភពអង់គ្លេស រួមមាន Oxford និង Manchester ជាភស្តុតាងនៃការផ្លាស់ប្តូរយុទ្ធសាស្ត្រនេះ។
ទីភ្នាក់ងារនេះកំពុងកំណត់គោលដៅលើអ្នកធ្វើដំណើរដែលទាក់ទាញដោយការថែទាំវេជ្ជសាស្ត្រ, សុខុមាលភាព, ការប្រគំតន្ត្រី, ពិធីបុណ្យនានា, កីឡាវាយកូនហ្គោល, ការរត់ម៉ារ៉ាតុង និងព្រឹត្តិការណ៍កីឡាផ្សេងទៀត ពីព្រោះភ្ញៀវទេសចរទាំងនេះមាននិន្នាការស្នាក់នៅបានយូរ និងចំណាយប្រាក់ច្រើនជាង។
គេហទំព័ររបស់ទីភ្នាក់ងារនេះក៏បានផ្អៀងទៅរកជ្រុងទេសចរណ៍លំដាប់ខ្ពស់ និងសុខុមាលភាពយ៉ាងខ្លាំងផងដែរ ដោយមានវីដេអូស្វាគមន៍ដែលបង្ហាញថា ភ្ញៀវទេសចរអាច «ព្យាបាលផ្លូវចិត្ត និងក្លាយជាមនុស្សដែលមានភាពកក់ក្តៅ និងមានក្តីសុខជាងមុន»។

បច្ចុប្បន្ន ភ្ញៀវទេសចរចំណាយប្រាក់ជាមធ្យមប្រហែល ១,៥០០ ដុល្លារអាមេរិក (១,៩៤៣.៩៥ ដុល្លារសិង្ហបុរី) ក្នុងមួយដំណើរកម្សាន្ត។ ក្រុមមន្ត្រីចង់ឱ្យចំនួននេះកើនឡើងដល់ប្រហែល ២,៤០០ ដុល្លារអាមេរិក។ ទោះជាយ៉ាងណាក៏ដោយ ចំណូលពីទេសចរណ៍អន្តរជាតិត្រូវបានព្យាករណ៍ថានឹងកើនឡើងតែបន្តិចបន្តួចប៉ុណ្ណោះនៅឆ្នាំនេះ ពោលគឺឡើងដល់៤៦.៥ ប៊ីលានដុល្លារអាមេរិក។
សញ្ញាច្បាស់លាស់បំផុតដែលបង្ហាញថា ប្រទេសថៃលែងផ្តោតលើតែចំនួនភ្ញៀវទេសចរទៀតហើយនោះ គឺការកែប្រែគោលនយោបាយជុំវិញទិដ្ឋាការ (Visa)។ វិធានការនានាដែលត្រូវបានដាក់ចេញក្រោយការរាតត្បាតជំងឺដើម្បីជំរុញទេសចរណ៍ ត្រូវបានលុបចោលវិញ បន្ទាប់ពីអាជ្ញាធរបានរកឃើញថា ច្បាប់ចូលប្រទេសដ៏ធូររលុងបានបណ្តាលឱ្យមានការកើនឡើងនូវការលួចធ្វើការខុសច្បាប់ ការស្នាក់នៅហួសទិដ្ឋាការ និងបទល្មើសផ្សេងៗដែលពាក់ព័ន្ធនឹងជនបរទេស។
កាលពីសប្តាហ៍មុន ប៉ូលីសថៃបានចាប់ខ្លួនបុរសជនជាតិអូស្ត្រាលីម្នាក់នៅព្រលានយន្តហោះសុវណ្ណភូមិ ក្នុងទីក្រុងបាងកក ខណៈដែលរូបគេត្រូវបានចោទប្រកាន់ថាបានព្យាយាមរត់ភៀសខ្លួនចេញពីប្រទេស បន្ទាប់ពីអាជ្ញាធរបានចោទប្រកាន់ថាគាត់បានសម្លាប់ក្មេងស្រីជនជាតិថៃអាយុ ១៧ ឆ្នាំម្នាក់ រួចញាត់សាកសពចោលនៅក្នុងវ៉ាលី។
ប៉ុន្តែ ដោយសារវិស័យទេសចរណ៍មានចំណែកប្រហែលមួយភាគប្រាំនៃសេដ្ឋកិច្ចរបស់ប្រទេសថៃ ប្រព័ន្ធអេកូឡូស៊ីនៃសណ្ឋាគារ ភោជនីយដ្ឋាន ផ្សារម្ហូបអាហារ ប្រតិបត្តិករដឹកជញ្ជូន និងក្រុមហ៊ុនទេសចរណ៍ដែលបានបង្កើតឡើងជុំវិញវិស័យនេះ គឺពឹងផ្អែកលើបរិមាណភ្ញៀវទេសចរដ៏ច្រើន។ តំបន់គោលដៅនានាដូចជា ភូកេត និងឈៀងម៉ៃ ត្រូវបានកសាងឡើងផ្អែកលើទំហំនិងបរិមាណ ដែលធ្វើឱ្យការផ្លាស់ប្តូរទៅរកការទទួលភ្ញៀវតិចជាងមុន ប៉ុន្តែចំណាយច្រើនជាងមុន ក្លាយជារឿងពិបាកក្នុងការអនុវត្ត។
ប្រទេសថៃក៏លែងគ្រប់គ្រងទីផ្សារទេសចរណ៍បែបធូរថ្លៃ ដូចកាលពីមុនទៀតហើយដែរ។ ប្រទេសវៀតណាម និងឥណ្ឌូនេស៊ីបានក្លាយជាអ្នកប្រកួតប្រជែងកាន់តែខ្លាំងឡើង ខណៈដែលតម្លៃលុយបាតដែលរឹងមាំជាងមុនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានធ្វើឱ្យបាត់បង់នូវគុណសម្បត្តិប្រពៃណីមួយរបស់ថៃ។
ប្រទេសថៃបានចំណាយពេលរាប់ទសវត្សរ៍ដើម្បីកសាងឧស្សាហកម្មទេសចរណ៍បែបមហាជនដ៏ធំបំផុតមួយក្នុងពិភពលោក ដោយសារបានការជ្រោមជ្រែងពីតម្លៃរូបិយប័ណ្ណដ៏ថោក ការផ្សព្វផ្សាយជាសកលតាមរយៈខ្សែភាពយន្ត និងរឿងភាគទូរទស្សន៍ ក៏ដូចជាការកើនឡើងយ៉ាងគំហកនៃភ្ញៀវទេសចរចិននៅមុនពេលមានការរាតត្បាតជំងឺ។ ប្រទេសនេះបានខិតខំយ៉ាងខ្លាំងដើម្បីស្តារសន្ទុះនោះឡើងវិញចាប់តាំងពីមានកូវីដ-១៩ មក។
លោក Nithee បានសង្កត់ធ្ងន់ថា យុទ្ធសាស្ត្រថ្មីនេះមិនមែនមានន័យថាដកចេញ ឬមិនស្វាគមន៍អ្នកធ្វើដំណើរដែលមានកញ្ចប់ថវិកាតិចនោះទេ៕

