ភ្នំពេញ៖ ភាពជាអ្នកដឹកនាំមិនមែនវាស់វែងដោយយេនឌ័រនោះទេ ប៉ុន្តែវាត្រូវបានស្តែងឡើងតាមរយៈចក្ខុវិស័យ សមត្ថភាព និងការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបម្រើផលប្រយោជន៍របស់ប្រជាពលរដ្ឋ។ នេះជាការលើកឡើងដែលឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីសកម្មភាពការងាររបស់ លោកស្រី ឈន ស្រីនាង ជំទប់ទី១ នៃឃុំតាលោ ស្រុកតា​លោ​សែន​ជ័យ ខេត្តពោធិ៍សាត់ ដែលបានចំណាយពេលអស់រយៈពេលជាច្រើនឆ្នាំមកនេះ ​ក្នុង​ការ​វិវត្តន៍ខ្លួនឱ្យ​ក្លាយជាកម្លាំងចលករយ៉ាងសកម្មដើម្បីជម្រុញការអភិវឌ្ឍនៅថ្នាក់មូលដ្ឋាន។

ក្នុងតួនាទីជាថ្នាក់ដឹកនាំឃុំ លោកស្រី ឈន ស្រីនាង បានរួមចំណែកយ៉ាងធំធេងក្នុងការលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋ តាមរយៈការពង្រឹងគុណភាពសេវាសាធារណៈឱ្យកាន់តែមានប្រសិទ្ធភាព និងការចូលរួមស្តារ​ហេដ្ឋារចនាសម្ព័ន្ធនានា។ ទន្ទឹមនឹងការងារអភិវឌ្ឍរូបវន្ត លោកស្រីក៏បានផ្តល់អាទិភាពខ្ពស់លើកិច្ចការសង្គម ដោយបានផ្តោតលើការលើកកម្ពស់សុខុមាលភាពស្ត្រីនិងកុមារ ការបើកយុទ្ធនាការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ ព្រមទាំងការជម្រុញ និងបើកឱកាសឱ្យស្ត្រី​ក្នុងសហគមន៍មានសម្លេងក្នុងការចូលរួមសម្រេចចិត្តរាល់កិច្ចការងារអភិវឌ្ឍន៍នៅថ្នាក់មូលដ្ឋាន​ផងដែរ។

បទពិសោធន៍ការងារដ៏ជោគជាំរបស់ ជំទប់ទី១ ជាស្ត្រីរូបនេះ បានបង្ហាញឱ្យឃើញយ៉ាងច្បាស់ថា ស្ត្រីអ្នកដឹកនាំមិនត្រឹមតែជាអ្នកបំពេញការងាររដ្ឋបាលប៉ុណ្ណោះទេ ប៉ុន្តែពួកគេគឺជាតួអង្គដ៏សំខាន់មិនអាចខ្វះបាន ក្នុងការកសាង​សហ​គមន៍​មួយដែលមានសុវត្ថិភាព មានបរិយាបន្ន និងមានការអភិវឌ្ឍប្រកបដោយចីរភាព។ ថ្លែងក្នុងនាមជាស្ត្រីគំរូមួយរូបដែលហ៊ានវែកផ្លូវដើរក្នុងជួរនយោបាយថ្នាក់ក្រោមជាតិ លោកស្រីបានផ្ញើសារលើកទឹកចិត្តទៅកាន់ស្ត្រីនិងក្មេងស្រីដទៃទៀតថា «ប្រទេសជាតិត្រូវការយើង ប្រសិនបើអ្នកមានសមត្ថភាព កុំលាក់ទុក ត្រូវហ៊ានបង្ហាញ ហើយដឹកនាំដោយក្តីមេត្តា និងភាពជាខ្លួនឯង»។

ស្របពេលជាមួយគ្នានេះ ក្រសួងកិច្ចការនារី ក៏បានអះអាងពីការបន្តប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការលើកកម្ពស់ការចូលរួមរបស់ស្ត្រី និងក្មេងស្រីក្នុងភាពជាអ្នកដឹកនាំ ក៏ដូចជាការសម្រេចចិត្តនៅគ្រប់កម្រិត។ សកម្មភាពគាំទ្រ និងការបើកចំហរទាំងនេះ ធ្វើឡើងក្នុងគោលបំណងរួមចំណែកកសាងសង្គមកម្ពុជាទាំងមូលឱ្យមានសមភាពយេនឌ័រពិតប្រាកដ មានភាពបរិយាបន្ន និងធានាថានឹងមិនទុកនរណាម្នាក់ចោលឱ្យនៅខាងក្រៅនៃចរន្តអភិវឌ្ឍន៍ឡើយ៕

https://troryorng.com/
Share.