ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុនបានសម្តែងការកោតសរសើរយ៉ាងខ្លាំងចំពោះព្រះរាជាណាចក្រកម្ពុជា ដែលបានបង្ហាញនូវភាពចាស់ទុំនយោបាយ ភាពអត់ធ្មត់ និងការប្រកាន់ខ្ជាប់នូវច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយប្រទេសថៃ។

ការលើកឡើងនេះបានធ្វើឡើងនៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាង ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ នៃព្រឹទ្ធសភាកម្ពុជា និងឯកឧត្តម Ueno Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា កាលពីរសៀលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦។

នៅក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះតួនាទីដ៏សំខាន់របស់ប្រទេសជប៉ុន ក្នុងការចូលរួមចំណែកស្វែងរកសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា តាំងពីដំណាក់កាលនៃការបោះឆ្នោតជាតិឆ្នាំ១៩៩៣ ដែលរៀបចំដោយអង្គការសហប្រជាជាតិ (UNTAC) រហូតមកដល់បច្ចុប្បន្ន។

ពាក់ព័ន្ធនឹងបញ្ហាព្រំដែនដ៏ក្តៅគគុកជាមួយប្រទេសជិតខាង ឯកឧត្តមអនុប្រធានទី២ព្រឹទ្ធសភា បានគូសបញ្ជាក់ពីជំហរផ្លូវការរបស់កម្ពុជា ដោយផ្អែកលើគោលការណ៍សំខាន់ៗ រួមមាន៖
ការដោះស្រាយជម្លោះព្រំដែនទឹក ដោយកម្ពុជាគាំទ្រយ៉ាងពេញទំហឹងចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាដីកោះ និងដែនសមុទ្រ តាមរយៈអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS)។ ចំណាត់ការនេះធ្វើឡើងបន្ទាប់ពីភាគីថៃបានសម្រេចលុបចោលអនុស្សរណៈនៃការយោគយល់គ្នា (MoU) ឆ្នាំ២០០១ ដោយឯកតោភាគី។

ការដោះស្រាយជម្លោះព្រំដែនគោក ដោយកម្ពុជានៅតែបន្តបើកចំហរទ្វារចរចាទ្វេភាគី តាមរយៈយន្តការដែលមានស្រាប់។ ទោះជាយ៉ាងណា ឯកឧត្តមបានសង្កត់ធ្ងន់ថា កម្ពុជាអាចនឹងពិចារណាប្រើប្រាស់ប្រព័ន្ធតុលាការយុត្តិធម៌អន្តរជាតិ (ICJ) នាពេលអនាគត ប្រសិនបើមានករណីចាំបាច់។

ជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិត បានសម្តែងការរំពឹងទុកថា ភាគីថៃនឹងគោរពតាមស្មារតីនៃសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និងឆ្នាំ១៩០៧ ដោយត្រូវប្រគល់មកឱ្យកម្ពុជាវិញនូវបណ្តាតំបន់ និងប្រាសាទបុរាណនានា ដែលត្រូវបានកងទ័ពថៃចូលកាន់កាប់ដោយខុសច្បាប់ ក្រោយការប្រកាសបទឈប់បាញ់កាលពីឆ្នាំកន្លងទៅ។

ជាការឆ្លើយតប ឯកឧត្តម Ueno Atsushi ឯកអគ្គរាជទូតជប៉ុន បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះវិធីសាស្ត្រដោះស្រាយបញ្ហារបស់កម្ពុជា ដែលជានិច្ចកាលតែងតែរក្សាភាពអត់ធ្មត់ បើកចំហរទូលំទូលាយឱ្យមានការចូលរួមពីភាគីទីបី និងផ្អែកលើច្បាប់អន្តរជាតិជាធំ។

នៅកិច្ចបញ្ចប់នៃជំនួបនេះ ភាគីទាំងពីរបានប្តេជ្ញាចិត្តរួមគ្នាក្នុងការបន្តរឹតចំណងការទូត កិច្ចសហប្រតិបត្តិការ ក៏ដូចជាការជំរុញទំនាក់ទំនងរវាងសភា និងសភានៃប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំ និងរីកចម្រើនបន្ថែមទៀត ដើម្បិផលប្រយោជន៍រួមនៃប្រជាជាតិទាំងពីរ៕

Share.