ភ្នំពេញ៖ កម្លាំងចម្រុះខណ្ឌចំការមន បានចុះបង្ក្រាប និងត្រួតពិនិត្យទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ចំនួន៣ទីតាំង នៅក្នុងមូលដ្ឋានខណ្ឌចំការមន។

ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៦ នៅសង្កាត់បឹងត្របែក និងសង្កាត់ទួលទំពូងទី១។ សមត្ថកិច្ចបានឃាត់ខ្លួនជនបរទេសជនជាតិកូរ៉េ២នាក់ ដែលមានដីកាបញ្ជាឱ្យចាប់ខ្លួន និងនិវេទក្រហម ព្រមទាំងជនជាតិខ្មែរ២នាក់ ដើម្បីនាំទៅសាកសួរ។

តាមការបញ្ជាក់ពីរដ្ឋបាលខណ្ឌ កម្លាំងបានចុះត្រួតពិនិត្យនៅតាមខុនដូ និងអាផាតមិន ដែលសង្ស័យពាក់ព័ន្ធនឹងសកម្មភាពឆបោកអនឡាញ ហើយបានដកហូតសម្ភារបច្ចេកវិទ្យាជាច្រើនគ្រឿង។ ទីតាំងសង្ស័យមួយចំនួនត្រូវបានសម្រេចបិទឃ្លុំជាបណ្ដោះអាសន្ន។

ក្រៅពីនេះ សមត្ថកិច្ចក៏បានត្រួតពិនិត្យជនបរទេសសរុប៥០នាក់ ដែលមាន១៧សញ្ជាតិ ហើយរកឃើញថា មានលិខិតឆ្លងដែន និងទិដ្ឋាការត្រឹមត្រូវតាមច្បាប់។

បច្ចុប្បន្ន ជនសង្ស័យទាំង៤នាក់ កំពុងត្រូវបានសាកសួរ និងចាត់ការតាមនីតិវិធីបន្ត៕

អត្ថបទ៖ តាតុងសែនជ័យ

Share.