ភ្នំពេញ៖ ក្រសួងទេសចរណ៍បានគូសបញ្ជាក់ថា ការអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ឱ្យមានចីរភាព មិនអាចសម្រេចបានដោយក្រសួងតែឯកឯងនោះទេ ពោលគឺទាមទារដាច់ខាតនូវកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងរាជរដ្ឋាភិបាល អង្គការដៃគូ វិស័យឯកជន និងសហគមន៍មូលដ្ឋាន។

ការថ្លែងបែបនេះបានធ្វើឡើងនៅក្នុងកិច្ចប្រជុំពិភាក្សាការងារ កាលពីរសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងទេសចរណ៍ ក្រោមអធិបតីភាព ឯកឧត្តមហួតហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍។ កិច្ចប្រជុំនេះមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងតំណាងអង្គការដៃគូជាតិ-អន្តរជាតិធំៗចំនួន ១៤ ដែលមានអ្នកចូលរួមសរុបប្រមាណ ៦០នាក់។
នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានពាំនាំនូវប្រសាសន៍ណែនាំរបស់ សម្តេចមហាបវរធិបតីហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលជានិច្ចកាលតែងតែផ្តល់អាទិភាពខ្ពស់លើវិស័យសហគមន៍ទេសចរណ៍ ដោយចាត់ទុកវិស័យនេះជាចលករសេដ្ឋកិច្ចដ៏សំខាន់ ក្នុងការបង្កើតការងារ បង្កើនប្រាក់ចំណូល កាត់បន្ថយភាពក្រីក្រ និងទប់ស្កាត់ការធ្វើចំណាកស្រុករបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។
បន្ទាប់ពីបានស្តាប់របាយការណ៍វឌ្ឍនភាព និងបទពិសោធន៍នានាពីតំណាងអង្គការដៃគូរួចមក ឯកឧត្តម ហួត ហាក់ បានដាក់ចេញនូវសេចក្តីណែនាំ និងសំណូមពរសំខាន់ៗចំនួន ៣ ៖
១-ពង្រឹងបណ្តាញអេកូទេសចរណ៍ ត្រូវបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការតាមរយៈយន្តការដែលមានស្រាប់ និងបង្កើតយន្តការថ្មីៗ ដូចជា «បណ្តាញអេកូទេសចរណ៍បឹងទន្លេសាប» និង «បណ្តាញអេកូទេសចរណ៍តំបន់ទន្លេមេគង្គ»។
២- ចែករំលែកទិន្នន័យគម្រោង ដោយស្នើឱ្យអង្គការដៃគូទាំងអស់ចែករំលែកព័ត៌មានលម្អិតអំពីទីតាំងគម្រោង សហគមន៍ដែលកំពុងគាំទ្រ និងសកម្មភាពនានា ដើម្បីឱ្យក្រសួងងាយស្រួលក្នុងការសម្របសម្រួល និងផ្តល់ការគាំទ្រផ្នែកបច្ចេកទេសបានទាន់ពេលវេលា។
៣-បង្កើតកម្មវិធីផ្គូរផ្គងគម្រោង ជំរុញឱ្យមានការរៀបចំកម្មវិធីផ្គូរផ្គងរវាងអង្គការដៃគូ និងសហគមន៍ទេសចរណ៍ផ្ទាល់ ក្នុងទម្រង់ជាព្រឹត្តិការណ៍អមនៅក្នុងឱកាស «វេទិកាជាតិសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍» ក៏ដូចជាជំនួបជាមួយសហគមន៍ទេសចរណ៍ទូទាំងប្រទេស ដែលនឹងត្រូវរៀបចំឡើងនាពេលខាងមុខ។
កិច្ចប្រជុំនេះបានបញ្ចប់ទៅដោយផ្លែផ្កា និងការប្តេជ្ញាចិត្តខ្ពស់ពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងការរួមគ្នាកសាងឱកាសសេដ្ឋកិច្ច បង្កើនការការពារធនធានធម្មជាតិ និងលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាសហគមន៍ឱ្យកាន់តែប្រសើរឡើងប្រកបដោយចីរភាព៕

