ស្ទឹងត្រែង៖ កម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បានបង្ក្រាបគ្រឿងញៀនប្រភេទមេតំហ្វេតាមីន (ICE) ចំនួនជាង ៣៧ គីឡូក្រាម នៅតំបន់ទន្លេមេគង្គ ខណៈជនសង្ស័យបានរត់គេចខ្លួន។

ប្រតិបត្តិការនេះធ្វើឡើងកាលពីយប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ នៅចំណុចកន្ទុយកោះហឹប ស្ថិតក្នុងឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ដោយកម្លាំងអាវុធហត្ថស្នាក់ការសន្តិសុខលេខ៧៤៧ សហការជាមួយមន្ទីរបរិស្ថានខេត្ត។

វត្ថុតាងដែលដកហូតបាន រួមមានថ្នាំញៀនចំនួន ៣៧កញ្ចប់ ស្មើនឹងទម្ងន់ ៣៧,៧១១.៧ ក្រាម (ថ្លឹងទាំងសម្បកថង់)។

នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញចុះត្រួតពិនិត្យវត្ថុតាងនេះ ដោយមានការចូលរួមពីមន្ត្រីពាក់ព័ន្ធ និងតំណាងអយ្យការ។

បច្ចុប្បន្ន កម្លាំងជំនាញកំពុងបន្តស្រាវជ្រាវ និងកសាងសំណុំរឿង បញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង ដើម្បីចាត់ការតាមនីតិវិធី៕

អត្ថបទ៖ ភ្នាក់ងារខេត្តកណ្ដាល

Share.