ទីក្រុងតូក្យូ៖ នាល្ងាចថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា អមដោយប្រតិភូក្រសួងអប់រំ យុវជន និងកីឡា បានជួបពិភាក្សាការងារ និងពិសាអាហារពេលល្ងាចជាមួយលោកជំទាវ KUNIMITSU Ayano អនុរដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន ក្នុងឱកាសដែល ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បំពេញទស្សនកិច្ចនៅទីក្រុងតូក្យូ ប្រទេសជប៉ុន។

នាឱកាសនៃជំនួបនេះ ភាគីទាំងពីរបានបញ្ជាក់ពីការប្ដេជ្ញាចិត្តក្នុងការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងជប៉ុន តាមរយៈការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ការបណ្ដុះបណ្ដាលគ្រូ ការអភិវឌ្ឍធនធានមនុស្ស វិស័យឯកជន ការវិនិយោគ និងការផ្លាស់ប្ដូររវាងប្រជាជននៃប្រទេសទាំងពីរ។ បន្ថែមពីនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានរំលេចអំពីវឌ្ឍនភាពនៃកំណែទម្រង់វិស័យអប់រំនៅកម្ពុជា និងស្នើបង្កើត «Japan Desk» ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការសម្របសម្រួល និងគាំទ្រកិច្ចសហប្រតិបត្តិការជាមួយស្ថាប័ន និងនិស្សិតជប៉ុន។
ពាក់ព័ន្ធនឹងបរិយាកាសវិនិយោគ ភាគីកម្ពុជាបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាកំពុងអនុវត្តវិធានការយ៉ាងម៉ឺងម៉ាត់ក្នុងការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scam) ដើម្បីពង្រឹងសន្តិសុខ សុវត្ថិភាព បង្កើនទំនុកចិត្តរបស់វិនិយោគិន និងលើកកម្ពស់កិត្តិយស និងភាពជឿជាក់របស់កម្ពុជានៅលើឆាកអន្តរជាតិ។

ជាថ្មីម្ដងទៀត ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានរួមចំណែកយ៉ាងសំខាន់គាំទ្រដល់កម្ពុជា ក្នុងការស្វែងរកសន្តិភាព ការកសាងប្រទេសឡើងវិញ និងការអភិវឌ្ឍធនធានមនុស្សជាច្រើនទសវត្សរ៍មកនេះ ដោយបានគូសបញ្ជាក់ថា សន្តិភាពបានអនុញ្ញាតឱ្យកម្ពុជាមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងទាក់ទាញការវិនិយោគពីជប៉ុន និងបណ្ដាប្រទេសជាច្រើនទៀត ដែលជាកម្លាំងជំរុញដ៏សំខាន់មួយសម្រាប់កំណើនសេដ្ឋកិច្ចជាតិ។
ជំនួបនេះ បានបញ្ចប់ក្នុងបរិយាកាសស្និទ្ធស្នាល ដោយភាគីទាំងពីរបានអះអាងជាថ្មីនូវការប្ដេជ្ញាចិត្តបន្តពង្រឹងទំនាក់ទំនងកម្ពុជា–ជប៉ុន ឱ្យកាន់តែរឹងមាំ និងឈានទៅកម្រិតខ្ពស់ថ្មី ដើម្បីផលប្រយោជន៍រួម និងវិបុលភាពរបស់ប្រជាជននៃប្រទេសទាំងពីរ៕


