នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អនុទិន ឆានវីរៈកូល បានផ្តល់បទសម្ភាសន៍ជុំវិញករណីដែលបុគ្គលិកបម្រើការលើយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Thai Airways ត្រូវបានប៉ូលិសអូស្ត្រាលីចាប់ខ្លួនពីបទលួចរត់ពន្ធគ្រឿងញៀនចូលប្រទេស ដោយទម្លាក់កំហុស និងការទទួលខុសត្រូវទៅបុគ្គលនាំគ្រឿងញៀនចូលអូស្ត្រាលី ទាំងស្រុង។

ចំពោះសំណួរដែលថា តើហេតុការណ៍ដែលកើតឡើងនេះប៉ះពាល់ដល់ជំនឿចិត្តរបស់ប្រទេសជាតិកម្រិតណានោះ នាយករដ្ឋមន្ត្រីរូបនេះបានថ្លែងថា ការដឹកជញ្ជូនគ្រឿងញៀនចេញទៅក្រៅប្រទេសមិនមែនជារឿងល្អនោះទេ គឺត្រូវតែមានការជម្រុញឱ្យមានការរឹតបន្តឹងកាន់តែខ្លាំងឡើង ប៉ុន្តែការដឹកជញ្ជូនបែបនេះ ម៉ាស៊ីនដែលប្រើសម្រាប់ត្រួតពិនិត្យគឺផ្ដោតលើការស្វែងរកលោហៈ ហើយប្រសិនបើត្រូវទៅពិនិត្យកាបូបសាកាដូ ឬឥវ៉ាន់ធ្វើដំណើរយ៉ាងលម្អិតពេក នោះវានឹងបង្កជាបញ្ហាមួយទៀត ជាពិសេសករណីនេះអ្នកប្រព្រឹត្តគឺជាបុគ្គលិកបម្រើការលើយន្តហោះ (Crew) ដូច្នេះត្រូវតែមានការកំណត់វិធីសាស្ត្រ និងបទប្បញ្ញត្តិផ្សេងៗបន្ថែមទៀត។
អនុទិន បានឲ្យដឹងផងដែរថាការប្រជុំធំស្តីពីបញ្ហាគ្រឿងញៀន (ថ្ងៃទី ៣ កក្កដា ២០២៦) គឺបានអញ្ជើញនាយកធំនៃក្រុមហ៊ុន Airports of Thailand Public Company Limited (AOT) និងនាយកវិទ្យាស្ថានអាកាសចរណ៍ស៊ីវិល (CATC) មកចូលរួម ដើម្បីកំណត់ច្បាប់ទម្លាប់ និងបទប្បញ្ញត្តិផ្សេងៗសម្រាប់ខ្សែសង្វាក់អាកាសចរណ៍។

ចំណែកឯសំណួរថាតើត្រូវអញ្ជើញប៉ូលិសសហព័ន្ធអូស្ត្រាលី (AFP) មកចូលរួមដែរឬទេ លោក អានុទិន បានថ្លែងថា មិនពាក់ព័ន្ធនឹងប៉ូលិសអូស្ត្រាលីទេ យើងដោះស្រាយតែរឿងនៅក្នុងផ្ទះរបស់យើងបានហើយ។

នៅពេលសួរថា តើការប្រជុំលើកនេះជាការប្រជុំតាមរបៀបវារៈប្រជុំជាប្រចាំ មែនទេ លោកនាយករដ្ឋមន្ត្រីបានឆ្លើយថា មិនមែនជាការប្រជុំទូទៅនោះទេ តែជារឿងដែលនាយករដ្ឋមន្ត្រីហៅប្រជុំបន្ទាន់។


ចំពោះគោលបំណងនៃការប្រជុំដើម្បីចេញវិធានការយ៉ាងណានោះ លោក អានុទិន បានបញ្ជាក់ថា ត្រូវហៅមកប្រជុំដើម្បីរឹតបន្តឹង និងបិទខ្ទប់ឱ្យជិតរាល់គ្រប់ចំណុចដែលអាចមានការលេចធ្លាយ។ ការដឹកជញ្ជូនគ្រឿងញៀនតាមយន្តហោះបែបនេះគឺ “មិនឆ្លាតទាល់តែសោះ” ព្រោះពេលទៅដល់ប្រទេសអូស្ត្រាលី គឺមានការរឹតបន្តឹងខ្លាំងណាស់ ដោយសារតែមានការពិនិត្យដោយប្រើឆ្កែហិតក្លិន គ្មានផ្លូវអាចរួចខ្លួនបានឡើយ។ ខ្ញុំក៏មិនដឹងថាហេតុអ្វីបានជាគេគិតចង់ធ្វើបែបនេះ «គិតខ្លីណាស់»។ លោកចង់សំដៅដល់ បុគ្គលិកអាកាសចរណ៍ថៃ ដែលគិតខ្លី ទាំងដែលដឹងហើយថា ព្រលានយន្តហោះអូស្ត្រាលី តឹងរឹងយ៉ាងណានោះ។
ជាការចាប់អារម្មណ៍សម្ដីរបស់នាយករដ្ឋមន្ត្រីថៃ ដែលប្រើពាក្យថាការលួចនាំចេញ ឬដឹកជញ្ជូនគ្រឿងញៀនតាមអាកាសឬយន្តហោះគឺជារឿងមិនឆ្លាត វាហាក់ដូចជាការផ្ដល់តម្រុយណាមួយ ដោយប្រយោលឱ្យទៅក្រុមអ្នកផលិតចែកចាយនិងជួញដូរ គ្រឿងញៀន ដែលកំពុងបោះស្នាក់ការផលិត និងចែកចាយនៅប្រទេសថៃឱ្យបានដឹងថាផ្លូវអាកាសរបស់អូស្ត្រាលីតឹងរឹង ប៉ុន្តែនៅមានផ្លូវផ្សេងទៀត នោះបានសេចក្ដីថាអាចបញ្ចេញតាមផ្លូវទឹក និងផ្លូវគោកដូច្នោះដែរ៕

