បាងកក៖ ករណីចាប់ខ្លួនបុគ្គលិកបម្រើការលើយន្តហោះ ជនជាតិថៃ អាយុ ២៦ឆ្នាំម្នាក់ របស់ក្រុមហ៊ុនអាកាសចរណ៍ជាតិ Thai Airways ជាមួយសារធាតុហេរ៉ូអ៊ីនទម្ងន់ជាង ១គីឡូក្រាម នៅព្រលានយន្តហោះទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី កំពុងដុតបញ្ឆេះរលកបណ្តាសារារិះគន់យ៉ាងចាស់ដៃទៅលើប្រព័ន្ធសន្តិសុខអាកាសចរណ៍របស់ប្រទេសថៃ។ សាធារណជនកំពុងដាក់ដេញដោលជាសំណួរថា តើគ្រឿងញៀនដែលមានតម្លៃនៅលើទីផ្សារងងឹតរហូតដល់ទៅកន្លះលានដុល្លារអូស្ត្រាលី អាចឆ្លងកាត់ទាំងម៉ាស៊ីនស្កែន និងភ្នែកមន្ត្រីគយថៃនៅព្រលានយន្តហោះអន្តរជាតិសុវណ្ណភូមិ ឡើងទៅលើយន្តហោះយ៉ាងរលូនបែបនេះដោយរបៀបណា?

ទោះបីជាបច្ចុប្បន្ន អាជ្ញាធរត្រួតពិនិត្យគ្រឿងញៀនថៃ (ONCB) ព្យាយាមចេញមុខមកបង្ហាញសកម្មភាពយ៉ាងសស្រាក់សស្រាំ ក្នុងការសហការជាមួយប៉ូលីសសហព័ន្ធអូស្ត្រាលី (AFP) ក្រោមស្លាកប្រតិបត្តិការរួម «Task Force Storm» និងសន្យាថានឹងក្រសោបចាប់ខ្លួនមេខ្លោងក្នុងពេល ១ ទៅ ២ថ្ងៃនេះក៏ដោយ ក៏ចំណាត់ការនេះត្រូវបានមជ្ឈដ្ឋានទូទៅមើលឃើញថា គ្រាន់តែជាទង្វើ ទប់ទឹកបាក់ទំនប់ ឬ ទើបតែភ្ញាក់រលឹកពេលរឿងរ៉ាវហួសពេលប៉ុណ្ណោះ។

ព្រឹត្តិការណ៍កាលពីថ្ងៃទី២៥ ខែមិថុនា បានលាតត្រដាងពីភាពធូររលុងនៃប្រព័ន្ធត្រួតពិនិត្យទំនិញរបស់ថៃយ៉ាងច្បាស់ក្រឡែត ក្រោយម៉ាស៊ីនអ៊ិចរ៉េ (X-ray) និងឆ្កែហិតមីនរបស់គយអូស្ត្រាលី (ABF) បានសង្ស័យពីភាពមិនប្រក្រតីលើកាបូបយួរដៃចំនួន១២ របស់បុគ្គលិកអាកាសចរណ៍ថៃរូបនោះ។
មហាជនបានចោទជាសំណួរថា តើមានការឃុបឃិតគ្នារវាងមន្ត្រីផ្ទៃក្នុង ឬក៏ជាភាពទន់ខ្សោយផ្នែកបច្ចេកវិទ្យារបស់ព្រលានយន្តហោះថៃ ទើបបណ្ដាលឱ្យមានការជួញដូរហោះចេញពីប្រទេសដោយសុវត្ថិភាពបែបនេះ? សូម្បីតែលោកនាយករដ្ឋមន្ត្រី Anutin Charnvirakul ក៏ហាក់ដូចជាទទួលស្គាល់ចន្លោះប្រហោងដ៏អាម៉ាស់នេះដែរ ទើបលោកប្រកាសប្រជុំបន្ទាន់នៅថ្ងៃសុក្រ ទី៣ ខែកក្កដានេះ ដើម្បីរឹតបន្តឹងវិធានការស្កែនអ៊ិចរ៉េ និងឆែកឆេរទំនិញនៅព្រលានយន្ដហោះ។

ក្រៅពីបញ្ហាសន្តិសុខ ករណីនេះបានឆ្លុះបញ្ចាំងពីភាពបរាជ័យរបស់អាជ្ញាធរក្នុងការគ្រប់គ្រង និងបង្ក្រាបបទល្មើសបច្ចេកវិទ្យា។ បុគ្គលិកអាកាសចរណ៍រូបនេះ ត្រូវបានបណ្តាញឧក្រិដ្ឋជនអូសទាញតាមរយៈគណនី Facebook ឈ្មោះ «Rose Rose» ដែលផ្សាយពាណិជ្ជកម្មជ្រើសរើសសេវាផ្ញើទំនិញតាមអ្នកដំណើរ។
អ្វីដែលគួរឱ្យហួសចិត្តគឺ នាងសុខចិត្តប្រថុយប្រឈមមុខនឹងទោសជាប់ពន្ធនាគាររហូតដល់ ២៥ឆ្នាំ នៅក្នុងប្រទេសអូស្ត្រាលី ដោះដូរនឹងប្រាក់កម្រៃត្រឹមតែ ៨,៨០០បាត (ប្រហែល ២៤០ដុល្លារអាមេរិក) ប៉ុណ្ណោះ។ នេះសបញ្ជាក់ឱ្យឃើញថា ក្រុមឧក្រិដ្ឋជនបានដឹងយ៉ាងច្បាស់ពីចំណុចខ្សោយផ្នែកជីវភាព និងភាពទាល់ច្រករបស់ប្រជាជន ហើយបានប្រើប្រាស់បណ្តាញសង្គមធ្វើជាឧបករណ៍បញ្ចុះបញ្ចូលយ៉ាងអាណាធិបតេយ្យ ដោយគ្មានការទប់ស្កាត់ ឬចំណាត់ការក្តៅពីក្រសួងឌីជីថលថៃឡើយ រហូតទាល់តែគណនីនោះត្រូវបានលុបចោលក្រោយពេលកើតហេតុ ទើបសមត្ថកិច្ចចាប់ផ្តើមរាវរកខ្សែស្រឡាយ។


ស្របពេលដែលគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនថៃ (ONCB) ព្យាយាមប្រកាសក្តែងៗថា ខ្លួនដឹងអត្តសញ្ញាណ «អ្នកផ្ញើ អ្នកទទួល និងអ្នកផ្ទេរប្រាក់» អស់ហើយនោះ ក្រុមអ្នករិះគន់បានចោទសួរថា បើដឹងរឿង និងមានព័ត៌មានច្រើនយ៉ាងនេះ ហេតុអ្វីបានជាបណ្តោយឱ្យគ្រឿងញៀននោះហោះចេញពីប្រទេសថៃទៅដល់អូស្ត្រាលីបាន?
សូម្បីតែអ្នកបើកបរដឹកជញ្ជូន ដែលយកកាបូបទៅប្រគល់ឱ្យនាងនៅខុនដូក្នុងតំបន់ Bang Na តាំងពីថ្ងៃទី២២ ខែមិថុនា ក៏ប៉ូលីសថៃនៅតែវង្វេងទិសដៅ មិនទាន់អាចវែកមុខរកឃើញនៅឡើយ បន្ទាប់ពីហៅមនុស្សមកសាកសួរខុសម្នាក់រួចមកនោះ។
គិតមកទល់ពេលនេះ បុគ្គលិកស្រីរូបនោះកំពុងត្រូវបានឃុំខ្លួនដោយគ្មានការអនុញ្ញាតឱ្យធានាក្រៅឃុំ និងត្រូវរង់ចាំការកាត់ក្តីនៅតុលាការអូស្ត្រាលីនាខែកញ្ញាខាងមុខ។ ទោះបីជានាងត្រូវបានគេសង្ស័យថា អាចគ្រាន់តែជាជនរងគ្រោះដែលមិនដឹងអីក៏ដោយ ប៉ុន្តែរូបភាពនេះបានបង្ហាញយ៉ាងច្បាស់ថា ប្រទេសថៃនៅតែជាច្រកនាំចេញដ៏មានប្រជាប្រិយភាព និងងាយស្រួលសម្រាប់ក្រុមរត់ពន្ធគ្រឿងញៀនអន្តរជាតិ៕

