បាត់ដំបង៖ សមត្ថកិច្ចខេត្តបាត់ដំបង បានស្រាវជ្រាវ និងឃាត់ខ្លួនស្ត្រីម្នាក់ ពាក់ព័ន្ធករណីបោកប្រាស់លក់គ្រឿងកាឡៃថាជាគ្រឿងប្លាទីន និងបន្លំយកទ្រព្យសម្បត្តិពីអ្នកយកមកបញ្ចាំ។

ការឃាត់ខ្លួននេះធ្វើឡើងនៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៦ ដោយកម្លាំងនគរបាលស្រុកមោងឫស្សី សហការជាមួយនគរបាលក្រុងបាត់ដំបង និងស្រុកឯកភ្នំ បន្ទាប់ពីធ្វើការស្រាវជ្រាវជាបន្តបន្ទាប់។

ជនសង្ស័យឈ្មោះ យិន រស្មី ភេទស្រី អាយុ៣៥ឆ្នាំ ត្រូវបានចាប់ខ្លួន ខណៈព្យាយាមគេចខ្លួនពីមូលដ្ឋាន។ តាមសមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យបានប្រើប្រាស់មុខរបរលក់គ្រឿងអលង្ការ ដោយបោកប្រាស់អ្នកទិញថាជាគ្រឿងប្លាទីន ហើយក៏ទទួលបញ្ចាំទ្រព្យសម្បត្តិ ប៉ុន្តែយកទៅបាត់ដោយមិនទទួលខុសត្រូវ។

សកម្មភាពនេះបានប្រព្រឹត្តចាប់តាំងពីខែមីនា ឆ្នាំ២០២៦ មក និងប៉ះពាល់ដល់ប្រជាពលរដ្ឋជាច្រើននាក់ នៅស្រុកឯកភ្នំ និងស្រុកមោងឫស្សី។

ក្នុងពេលឃាត់ខ្លួន សមត្ថកិច្ចបានដកហូតគ្រឿងកាឡៃមួយចំនួន ពីក្នុងឃ្លុបម៉ូតូដែលជនសង្ស័យកំពុងប្រើប្រាស់។ ជនសង្ស័យក៏បានទទួលស្គាល់សកម្មភាពរបស់ខ្លួនផងដែរ។

បច្ចុប្បន្ន សមត្ថកិច្ចកំពុងកសាងសំណុំរឿង បញ្ជូនទៅផែនជំនាញ នៃស្នងការដ្ឋាន ដើម្បីអនុវត្តតាមនីតិវិធីបន្ត៕

អត្ថបទ៖​ កណ្ដាល

Share.