ព្រះរាជាណាចក្រកម្ពុជា បានអបអរសាទរខួបលើកទី៧៥ នៃការចូលជាសមាជិកអង្គការយូណេស្កូ ពោលគឺនៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ១៩៥១ ដល់ ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦។

អង្គការយូណេស្កូ គឺជាផ្នែកមួយរបស់អង្គការសហប្រជាជាតិ ធ្វើការផ្តោតជាសំខាន់ទៅលើការអប់រំវិទ្យាសាស្ត្រ ។ អង្គការនេះ ត្រូវបានបង្កើតឡើងនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៤៥ អង្គការនេះ ធ្វើបេសកកម្មពិសេសក្នុងការរក្សានូវសន្តិភាព និងសន្តិសុខនៅក្នុងពិភពលោក ដោយលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងចំណោមប្រជាជាតិនានា តាមរយៈការអប់រំ វិទ្យាសាស្ត្រ វប្បធម៌ និងទំនាក់ទំនង។

កម្ពុជាបានចូលជាសមាជិកអង្គការយូណេស្កូ (UNESCO) នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ១៩៥១។ ការិយា ល័យអង្គការយូណេស្កូនៅរាជធានីភ្នំពេញ ត្រូវបានបើកឡើងវិញនៅឆ្នាំ១៩៩១។ ការិយាល័យយូណេស្កូនៅកម្ពុជា ធ្វើការងារ នៅក្រោមក្របខណ្ឌជំនួយអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិសម្រាប់កម្ពុជា (UNDAF) ដែលសំដៅលើកកម្ពស់ការអប់រំ, បរិស្ថាន, ទំនាក់ទំនង និងព័ត៌មាន, មរតកវប្បធម៌, សេរីភាពនៃការបញ្ចេញមតិ និងវិទ្យាសាស្រ្តធម្មជាតិ ដើម្បីជាមធ្យោបាយឆ្ពោះទៅសម្រេចបាននូវរបៀបវាៈនៃការអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ២០៣០។

បន្ទាប់ពីតំបន់អង្គរ ត្រូវបានដាក់បញ្ចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ គណៈកម្មាធិការសម្របសម្រួលអន្តរជាតិមួយ សម្រាប់ការអភិរក្ស និងការអភិវឌ្ឍតំបន់ប្រវត្តិសាស្រ្តអង្គរ (ICC-Angkor) ត្រូវបានបង្កើតឡើង នៅឆ្នាំ១៩៩៣។ ការបង្កើត ICC-Angkor គឺកើតចេញពីលក្ខខណ្ឌកំណត់ដោយគណៈកម្មាធិការបេតិកភណ្ឌពិភពលោក ដើម្បីទទួលស្គាល់តំបន់អង្គរទៅក្នុង បញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ។

ជាមួយគ្នានេះ ប្រាសាទរបស់កម្ពុជាចំនួន៣ ត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក តាម​រយៈ​មហា​សន្និបាទ​អង្គការ យូណេស្កូនេះ រួមមាន៖ ប្រាសាទអង្គរ ត្រូវបានដាក់ជាសម្បត្តិបេតិកភណ្ឌពិភពលោកនៅឆ្នាំ​១៩៩២, ប្រាសាទព្រះវិហារ នៅឆ្នាំ២០០៨ តំបន់ប្រាសាទសម្បូរព្រៃគុក នៅឆ្នាំ២០១៧ និងតំបន់ប្រាសាទកោះកេរនៅ ឆ្នាំ ២០២៣។

ចំណែកសម្បត្តិវប្បធម៌អរូបិយ និងរូបិយរបស់កម្ពុជាជាច្រើនក៏ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌយូណេស្កូផងដែរ រួមមាន៖ ល្ខោន ខោល វត្តស្វាយអណ្ដែត ដាក់បញ្ចូលនៅឆ្នាំ២០១៨, ចាប៉ីដងវែង នៅឆ្នាំ២០១៦, ល្បែងទាញព្រ័ត្រ នៅឆ្នាំ២០១៥, របាំព្រះរាជទ្រព្យ នៅឆ្នាំ២០០៨ ល្ខោនស្រមោលស្បែកធំ នៅឆ្នាំ២០០៨ គុនល្បុក្កតោ នៅឆ្នាំ ២០២២ ក្រមាខ្មែរ នៅឆ្នាំ ២០២៤ និងបូជនីយដ្ឋានចងចាំនៃកម្ពុជា សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង មជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក និង អតីតមន្ទីរឃុំឃាំង ១៣ នៅឆ្នាំ ២០២៥។

ក្រៅពីនោះ ក៏មាន រឿងអ៊ីណាវ បុស្សិបា ត្រូវបានដាក់បញ្ចូលនៅឆ្នាំ ២០១៧​ ខ្សែអាត់សម្លេងរឿងរាមកេរ្តិ៍តាគ្រុឌ​នៅឆ្នាំ ២០១៤ ឋបនីយជីវមណ្ឌលទន្លេសាប នៅឆ្នាំ ១៩៩៧ និងក្រុងបាត់ដំបង ត្រូវបានអង្គការយូណេស្កូចុះនៅក្នុងបញ្ជីបណ្ដាញទីក្រុងច្នៃប្រឌិតផ្នែកម្ហូបអាហារនៅឆ្នាំ ២០២៣ ផងដែរ៕

Share.