នៅក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការការផ្គុំនិងដំឡើងរថយន្ត TOYOTA HILUX TRAVO កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានប្រកាសពីចំណាត់ការគន្លឹះសំខាន់ៗរបស់រាជរដ្ឋាភិបាល រួមទាំងការកាត់បន្ថយថ្លៃដើមពាណិជ្ជកម្ម ការជំរុញថាមពលស្អាតឱ្យបាន ៧០% នៅឆ្នាំ២០៣០ និងការធ្វើឌីជីថលូបនីយកម្មសេវាសាធារណៈ ដើម្បីបង្កើនភាពប្រកួតប្រជែង និងផ្តល់បរិយាកាសអំណោយផលបំផុតសម្រាប់វិនិយោគិនរយៈពេលវែង។

ក្នុងឱកាសអញ្ជើញជាសហធិបតីក្នុង ពិធីសម្ពោធដាក់ឱ្យដំណើរការ ការផ្គុំនិងដំឡើងរថយន្ត TOYOTA HILUX TRAVO កាលពីថ្ងៃព្រហស្បតិ៍ ទី២ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានលើកឡើងអំពីចំណាត់ការសំខាន់ៗ មួយចំនួន ដែលរាជរដ្ឋាភិបាលបានដាក់ចេញ ក៏ដូចជាស្ថាប័ន ក.អ.ក. បាននិងកំពុងអនុវត្តក្នុងគោលដៅបង្កើនភាពប្រកួតប្រជែង និងផ្តល់បរិយាកាសអំណោយផលដល់វិនិយោគិនក្នុងរយៈពេលវែង។ ចំណាត់ការដែលឯកឧត្តមបានគូសរំលេចរួមមានជាអាទិ៍៖ ទី១. ផែនការកាត់បន្ថយថ្លៃដើមពាណិជ្ជកម្ម និងការវិនិយោគ, ទី២. ទិសដៅជំរុញការអភិវឌ្ឍប្រភពថាមពលស្អាត រំពឹងថានឹងបានដល់ ៧០% នៃការប្រើប្រាស់ថាមពលសរុបក្នុងឆ្នាំ២០៣០, ទី៣. ការប្រយុទ្ធប្រឆាំងបទល្មើសអនឡាញតាមរយៈការដាក់ចេញនូវ “ច្បាប់ស្តីពីការប្រឆាំងការបោកតាមប្រព័ន្ធបច្ចេកវិទ្យា”, និង ទី៤. ការធ្វើឱ្យប្រសើរឡើងនូវកិច្ចសម្របសម្រួលវិនិយោគជាមួយ យន្តការផ្នែករដ្ឋនិងវិស័យឯកជននានាដែលបានដាក់ចេញ។

ឯកឧត្តមបន្តថា ការចាប់យកឌីជីថលូបនីយកម្មលើសេវាសាធារណៈ ដូចជាការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ cdc IPM និងការតភ្ជាប់ជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីសម្រួលបន្ថែមជូនវិនិយោគិនមួយកម្រិតទៀត ព្រមទាំងគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តក្នុងទីស្តីការ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដើម្បីបង្ខិតសេវាសាធារណៈឱ្យកាន់តែជិតវិនិយោគិនគោលដៅ៕

Share.