បច្ចុប្បន្ននេះ កម្ពុជាមានក្រុមហ៊ុនផលិត ផ្គុំ និងដំឡើងរថយន្តល្បីៗចំនួន ១១ ទីតាំង ដែលមានសមត្ថភាពផលិតរថយន្តបានប្រមាណ ៣៧ ៩០០ គ្រឿងក្នុងមួយឆ្នាំ ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារក្នុងស្រុក ខណៈរាជរដ្ឋាភិបាលបានគូសរំលេចថា វិស័យនេះកំពុងផ្តល់ផលប្រយោជន៍យ៉ាងធំធេងដល់សេដ្ឋកិច្ច-សង្គម តាមរយៈការបង្កើតការងារ ការផ្ទេរបច្ចេកវិទ្យាកម្រិតខ្ពស់ និងការកាត់បន្ថយការនាំចូលពីបរទេស។

យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន ដែលបានស្រង់របាយការណ៍ពីក្រសួងឧស្សាហកម្ម បានឲ្យដឹងថានៅកម្ពុជាបច្ចុប្បន្នមានក្រុមហ៊ុនផលិត ផ្គុំ និងដំឡើងរថយន្តចំនួន ១១ ទីតាំង ដែលអាចមានសមត្ថភាពផលិត ផ្គុំ និងដំឡើងរថយន្តបានប្រមាណ ៣៧ ៩០០ គ្រឿងក្នុងមួយឆ្នាំ។

គិតរហូតមកដល់បច្ចុប្បន្ន ចំនួនរថយន្តដែលផ្គុំ និងដំឡើងក្នុងស្រុកមានចំនួនសរុប ១៧៣ ៤៧៣ គ្រឿង ហើយរថយន្តទាំងនេះកំពុងបម្រើឱ្យតម្រូវការទីផ្សារក្នុងស្រុក។ បច្ចុប្បន្ន រោងចក្រផលិត ផ្គុំ និងដំឡើងរថយន្ត ដែលកំពុងដំណើរការខ្សែច្រវាក់ផលិតកម្មនៅកម្ពុជាមានដូចជា រោងចក្ររថយន្ត KIA នៅខេត្តបន្ទាយមានជ័យ, Hyundai នៅខេត្តកោះកុង, GTV របស់ខ្មែរនៅខេត្តកណ្តាល, ក្រុមហ៊ុន Toyota នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ, រថយន្ត ISUZU នៅខេត្តកំពង់ស្ពឺ, រោងចក្រផលិត ផ្គុំ និងដំឡើងរថយន្ត Ford នៅខេត្តពោធិ៍សាត់, រោងចក្រ Ssang Yong នៅខេត្តស្វាយរៀង, រោងចក្រ Zo Motor ផ្គុំ និងដំឡើង រថយន្តអគ្គិសនីខ្នាតធំនៅខេត្តពោធិសាត់, រោងចក្រដំឡើងរថយន្តអគ្គិសនី BYD នៅខេត្តព្រះសីហនុ។

របាយការណ៍ដដែលបានឱ្យដឹងថា ក្រៅពីនេះរោងចក្រដែលបានលើកឡើងខាងលើ នៅមានរោងចក្ររថយន្ត GAC និងរោងចក្ររថយន្ត Chevrolet កំពុងស្ថិតក្នុងដំណាក់កាលសាងសង់ស្ថិតនៅខេត្តកំពង់ឆ្នាំង។

ក្នុងឱកាសអញ្ជើញជាសហធិបតីក្នុង ពិធីសម្ពោធដាក់ឱ្យដំណើរការ ការផ្គុំនិងដំឡើងរថយន្ត TOYOTA HILUX TRAVO កាលពីថ្ងៃព្រហស្បតិ៍ ទី២ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានលើកឡើង បានគូសរំលេចថា វត្តមាននៃរោងចក្រផលិត ផ្គុំ និងដំឡើងរថយន្តនៅកម្ពុជា បានផ្តល់ផលប្រយោជន៍យ៉ាងធំធេងដល់សេដ្ឋកិច្ច-សង្គម ដោយជួយបង្កើតការងារ ជំនាញបច្ចេកទេស បង្កើនខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងស្រុក បង្កើនការផ្ទេរបច្ចេកវិទ្យា និងកាត់បន្ថយការចំណាយលើការនាំចូល ដែលធ្វើឱ្យប្រជាពលរដ្ឋអាចទទួលបានរថយន្តយកទៅប្រើប្រាស់ក្នុងតម្លៃកាន់តែសមរម្យ។

ឯកឧត្តមបានសង្កត់ធ្ងន់ថា ការដំឡើងរថយន្តដោយវិស្វករខ្មែរផ្ទាល់ ជាសក្ខីភាពបង្ហាញពីសមត្ថភាពខ្ពស់ក្នុងការចាប់យកបច្ចេកវិទ្យាកម្រិតខ្ពស់ និងជាគម្រូវិនិយោគយុទ្ធសាស្ត្រដែលរាជរដ្ឋាភិបាលផ្តល់អាទិភាពខ្ពស់ ក្នុងការរួមចំណែកកសាងប្រព័ន្ធអេកូឡូស៊ីឧស្សាហកម្ម អភិវឌ្ឍមូលធនមនុស្ស និងវិបុលភាពរយៈពេលវែង។

ក្នុងនោះ ឯកឧត្តមបានគូសបញ្ជាក់អំពីសារៈសំខាន់ជាយុទ្ធសាស្ត្រនៃគម្រោងវិនិយោគនេះ ព្រមទាំងបានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាល ក្នុងការបន្តកែលម្អបរិយាកាសវិនិយោគ និងការធ្វើឌីជីថលូបនីយកម្មសេវាសាធារណៈ ដើម្បីទាក់ទាញក្រុមហ៊ុនឧស្សាហកម្មលំដាប់ពិភពលោកដូចជា TOYOTA ឱ្យមកបណ្តាក់ទុនកាន់តែច្រើនឡើងនៅកម្ពុជា៕

Share.