ដើម្បីបង្កើនកំណើនភ្ញៀវទេសចរបរទេស និងធ្វើឱ្យកាន់តែប្រសើរឡើងនូវការតភ្ជាប់ផ្លូវអាកាសមកកាន់តំបន់វប្បធម៌ប្រវត្តិសាស្ត្ររបស់កម្ពុជា ភាគីកម្ពុជាបានស្នើឱ្យក្រុមហ៊ុនអាកាសចរណ៍លំដាប់ពិភពលោករបស់កូរ៉េខាងត្បូង Asiana Airlines ពិនិត្យលទ្ធភាពបើកជើងហោះហើរត្រង់ពីទីក្រុងសេអ៊ូល ឆ្ពោះទៅកាន់ខេត្តសៀមរាប។

ការរំលេចឡើងនូវកាលានុវត្តភាពទេសចរណ៍ដ៏សំខាន់នេះ ត្រូវបានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងាររវាង ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ជាមួយលោក Song Bo Young នាយកប្រតិបត្តិនៃក្រុមហ៊ុន Asiana Airlines កាលពីព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ ម្សិលមិញនេះ នៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន Asiana ក្នុងទីក្រុងសេអ៊ូល។
នៅក្នុងជំនួបដ៏មានសារៈសំខាន់នោះ ភាគីទាំងពីរបានជជែកដេញដោលយ៉ាងស៊ីជម្រៅលើស្ថានភាពនៃការធ្វើដំណើរតាមផ្លូវអាកាស និងការស្វែងរកយុទ្ធសាស្ត្ររួមគ្នា ដើម្បីបង្កើនចំនួនអ្នកទេសចរកូរ៉េមកទស្សនាកម្ពុជាឱ្យកាន់តែច្រើនឡើងថែមទៀត។
ជាចំណុចគន្លឹះក្នុងជំរុញវិស័យទេសចរណ៍ ឯកឧត្តមឯកអគ្គរាជទូត បានលើកឡើងពីសក្តានុពលមិនចេះរីងស្ងួតនៃប្រាសាទអង្គរវត្ត ដែលជាគោលដៅទេសចរណ៍លំដាប់ពិភពលោក និងជាទីប្រាថ្នាចង់ទៅទស្សនាយ៉ាងខ្លាំងពីសំណាក់ប្រជាជនកូរ៉េ ក៏ដូចជាភ្ញៀវអន្តរជាតិដទៃទៀត។ ឯកឧត្តមបានបញ្ជាក់ថា មានភ្ញៀវទេសចរកូរ៉េ និងបរទេសជាច្រើនមានបំណងទៅទស្សនាប្រាសាទអង្គរវត្តរបស់កម្ពុជា ដូច្នេះសង្ឃឹមថា ក្រុមហ៊ុននឹងពិចារណាពិនិត្យលទ្ធភាពបើកជើងហោះហើរត្រង់ពីទីក្រុងសេអ៊ូល ទៅកាន់ខេត្តសៀមរាប ដើម្បីសម្រួលដល់អ្នកទេសចរ ដែលមានបំណងធ្វើដំណើរកំសាន្តដោយផ្ទាល់ទៅកាន់ខេត្តទេសចរណ៍វប្បធម៌មួយនេះ។
ជាការឆ្លើយតបប្រកបដោយសញ្ញាវិជ្ជមាន លោក Song Bo Young នាយកប្រតិបត្តិក្រុមហ៊ុន Asiana Airlines បានសម្តែងការចាប់អារម្មណ៍ និងបានជម្រាបជូនឯកឧត្តមទូតថា ក្រុមហ៊ុននឹងធ្វើការពិចារណា ក៏ដូចជាពិនិត្យលើលទ្ធភាពជាក់ស្តែង ក្នុងការរៀបចំបើកជើងហោះហើរត្រង់ទៅកាន់ខេត្តសៀមរាប នាពេលអនាគត។
គួរបញ្ជាក់ផងដែរថា ក្រៅពីការបោះជំហានទៅរកការបើកច្រកហោះហើរថ្មីទៅកាន់តំបន់សៀមរាបអង្គរហើយនោះ ជំនួបនេះក៏ជាផ្នែកមួយក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីផ្តល់ភាពងាយស្រួល និងជម្រើសធ្វើដំណើរប្រកបដោយសុវត្ថិភាពខ្ពស់ ជូនដល់បងប្អូនប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅក្នុងសាធារណរដ្ឋកូរ៉េ ដែលតែងតែផ្តល់ទំនុកចិត្តលើសេវាកម្មរបស់ Asiana Airlines នាពេលកន្លងមកផងដែរ។
អ្នកជំនាញក្នុងវិស័យទេសចរណ៍បានរំពឹងទុកថា ប្រសិនបើជើងហោះហើរត្រង់ សេអ៊ូល-សៀមរាប របស់ក្រុមហ៊ុនអាកាសចរណ៍លំដាប់ផ្កាយប្រាំមួយនេះលេចចេញជារូបរាងមែននោះ វានឹងក្លាយជាកាតាលីករដ៏ខ្លាំងក្លាមួយ ក្នុងការនាំលំហូរភ្ញៀវទេសចរកូរ៉េដែលមានកម្រិតចំណាយខ្ពស់ ឱ្យមកកម្សាន្តនៅកម្ពុជាកាន់តែច្រើន ដែលជាការរួមចំណែកស្តារ និងជម្រុញសេដ្ឋកិច្ចមូលដ្ឋានក្នុងខេត្តសៀមរាបឱ្យកាន់តែមានភាពរស់រវើកឡើងវិញ៕

