ទំនាក់ទំនងទ្វេភាគីរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋហ្វីលីពីន បាននិងកំពុងឈានឡើងដល់កម្រិតខ្ពស់មួយថែមទៀត ជាមួយនឹងការប្តេជ្ញាចិត្តរួមគ្នាក្នុងការបន្តពង្រីកសក្តានុពលកិច្ចសហប្រតិបត្តិការ និងការរក្សាសន្តិភាព ស្ថិរភាពនៅក្នុងតំបន់។

ការគូសបញ្ជាក់ពីរបត់ដ៏រឹងមាំនៃទំនាក់ទំនងការទូតនេះ ត្រូវបានធ្វើឡើងក្នុងឱកាសដែល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកជំទាវ Flerida Ann Camille P. Mayo ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋហ្វីលីពីន ចូលជួបសម្តែងការគួរសម និងជម្រាបលា ក្នុងឱកាសបញ្ចប់អាណត្តិបេសកកម្មការទូតនៅកម្ពុជា កាលពីរសៀលថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ ម្សិលមិញនេះ នៅវិមានសន្តិភាព។

នៅក្នុងជំនួបដ៏មានអត្ថន័យនោះ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះជំហានរីកចម្រើនយ៉ាងស្វាហាប់ នៃកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យយុទ្ធសាស្ត្រជាច្រើន រួមមាន៖ សេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ បណ្តុះបណ្តាលវិជ្ជាជីវៈ កសិកម្ម វប្បធម៌ និងវិស័យការពារជាតិ និងសន្តិសុខ។

ចំណុចលេចធ្លោនៃទំនាក់ទំនងទ្វេភាគីនាពេលបច្ចុប្បន្ននេះ លោកជំទាវឯកអគ្គរដ្ឋទូត បានសម្តែងការអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះវិធានការមុតស្រួចរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Cyber-scams) ក្រោមស្មារតីសហការយ៉ាងស្អិតរមួតរវាងស្ថាប័នឡំដាប់ជាតិថ្នាក់នៃប្រទេសទាំងពីរ។

ភាគីទាំងពីរបានចាត់ទុកឆ្នាំ២០២៧ ខាងមុខ ដែលជាខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតផ្លូវការរវាងកម្ពុជា និងហ្វីលីពីន ថាជាកាលវេលាប្រវត្តិសាស្ត្រដ៏សំខាន់ ក្នុងការជម្រុញចំណងមិត្តភាពនេះឱ្យកាន់តែរឹងមាំ និងធំធាត់ទ្វេដង។

ជាការឆ្លើយតប សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះតួនាទីយ៉ាងសកម្មរបស់លោកជំទាវទូត ក្នុងការលើកកម្ពស់ទំនាក់ទំនងទ្វេភាគី។ សម្តេចធិបតី បានគូសបញ្ជាក់ថា កម្ពុជា និងហ្វីលីពីន នៅមានកាលានុវត្តភាព និងសក្តានុពលជាច្រើនទៀត ដែលត្រូវរួមគ្នាជម្រុញឱ្យកាន់តែស៊ីជម្រៅ ជាពិសេសលើវិស័យកសិកម្ម និងទេសចរណ៍។

ក្នុងជំនួបនោះផងដែរ សម្តេចធិបតី ក៏បានឆ្លៀតឱកាសសម្តែងការកោតសរសើរចំពោះតួនាទីរបស់ហ្វីលីពីន ក្នុងនាមជាប្រធានអាស៊ានប្តូរវេន ដែលបានជួយសម្របសម្រួលដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ នាពេលកន្លងមក។ សម្តេចធិបតី បានជម្រាបជូនអំពីការវិវត្តថ្មីៗនៅតាមបន្ទាត់ព្រំដែន ដោយសង្កត់ធ្ងន់ពីជំហរដាច់ខាតរបស់កម្ពុជា ក្នុងការដោះស្រាយរាល់បញ្ហាព្រំដែនជាមួយប្រទេសជិតខាងដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ និងអនុលោមតាមសន្ធិសញ្ញាដែលមានស្រាប់។

ទន្ទឹមនឹងនេះ លោកជំទាវ Flerida Ann Camille P. Mayo ក៏បានបញ្ជាក់ជាថ្មីពីជំហររបស់ហ្វីលីពីន ដោយធានាថា ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដែលដឹកនាំដោយហ្វីលីពីន នឹងបន្តអនុវត្តបេសកកម្មរបស់ខ្លួនប្រកបដោយតម្លាភាព និងអព្យាក្រឹតភាពខ្ពស់បំផុត ដើម្បីរួមចំណែករក្សាសន្តិភាពសហគមន៍អាស៊ានទាំងមូល៕

Share.