ភ្នំពេញ៖ ក្រសួងកិច្ចការនារី និងអង្គការហ្វ្រង់កូហ្វីនីប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក (OIF/REPAP) បានបើកកិច្ចពិភាក្សាដើម្បីពិនិត្យលទ្ធភាពលើកិច្ចសហប្រតិបត្តិការ ក្នុងការលើកកម្ពស់សមភាពយេនឌ័រ បង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ច និងពង្រឹងភាពជាអ្នកដឹកនាំរបស់ស្ត្រី និងក្មេងស្រីនៅកម្ពុជា។

កាលពីនារសៀលថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវ គង់ សូរីតា រដ្ឋលេខាធិការក្រសួងកិច្ចការនារី បានជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយលោក Kaloyan Kolev តំណាងនៃអង្គការហ្វ្រង់កូហ្វីនីប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក។
នៅក្នុងឱកាសនោះ លោកជំទាវរដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្ត្រីបានគូសបញ្ជាក់ពីបេសកកម្មចម្បងរបស់ក្រសួង ក្នុងការដឹកនាំ សម្របសម្រួល និងតាមដានការអនុវត្តការងារបញ្ជ្រាបយេនឌ័រនៅគ្រប់វិស័យ។
ទន្ទឹមនឹងនេះ លោកជំទាវបានលើកឡើងពីអាទិភាពគន្លឹះទាំង ៦ នៃផែនការយុទ្ធសាស្ត្រប្រាំឆ្នាំ «នារីរតនៈទី៦»
រួមមាន៖ ១. ការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចរបស់ស្ត្រី ២. ការលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារ ៣. ការលើកកម្ពស់សុខុមាលភាពរបស់ស្ត្រី និងក្មេងស្រី ៤. កិច្ចការពារផ្លូវច្បាប់សម្រាប់ស្ត្រី និងក្មេងស្រី ៥. ស្ត្រីក្នុងភាពជាអ្នកដឹកនាំ និងអភិបាលកិច្ច និង៦. ស្ត្រី និងការប្រែប្រួលអាកាសធាតុ។

លោក Kaloyan Kolev បានសម្តែងការកោតសរសើរយ៉ាងខ្លាំងចំពោះវឌ្ឍនភាពនៃការងារបញ្ជ្រាបយេនឌ័រនៅកម្ពុជា ជាពិសេសកំណើននៃចំនួនស្ត្រីក្នុងភាពជាអ្នកដឹកនាំ និងសហគ្រិនភាព។ លោកបានចែករំលែកថា យុទ្ធសាស្ត្ររបស់ OIF មានភាពស្របគ្នាទៅនឹងយុទ្ធសាស្ត្ររបស់ក្រសួងកិច្ចការនារី ដោយបច្ចុប្បន្ន OIF កំពុងអនុវត្តគម្រោងគាំទ្រនានានៅកម្ពុជា ដែលផ្តោតលើការអប់រំជំនាញបច្ចេកវិទ្យា និង STEM សម្រាប់ក្មេងស្រីងាយរងគ្រោះ។

ជាលទ្ធផលនៃកិច្ចពិភាក្សា ស្ថាប័នទាំងពីរបានឯកភាពពិនិត្យលទ្ធភាពសហការរួមគ្នាលើកម្មវិធីសំខាន់ៗ រួមមាន ការអនុវត្តកម្មវិធីភាពជាអ្នកដឹកនាំរបស់ក្មេងស្រី និងការត្រៀមរៀបចំ «វេទិកាស្ត្រីក្នុងភាពជាអ្នកដឹកនាំ» ដែលជាព្រឹត្តិការណ៍ប្រចាំឆ្នាំរបស់ក្រសួងកិច្ចការនារី ដោយគ្រោងនឹងរៀបចំឡើងនៅក្នុងអំឡុងត្រីមាសទី៤ ឆ្នាំ២០២៦ ខាងមុខនេះ ព្រមទាំងបន្តកិច្ចសហប្រតិបត្តិការល្អនេះសម្រាប់ឆ្នាំបន្តបន្ទាប់ទៀត៕




