ភ្នំពេញ៖ ក្រសួងការពារជាតិកម្ពុជា បានប្រកាសជាថ្មីម្តងទៀតនូវជំហរដាច់ខាត និងម៉ឺងម៉ាត់របស់ខ្លួនក្នុងការការពារអធិបតេយ្យភាពជាតិ និងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសជិតខាងដោយសន្តិវិធី ផ្អែកលើមូលដ្ឋានច្បាប់អន្តរជាតិយ៉ាងតឹងរ៉ឹង។

ការបញ្ជាក់ជំហរជាយុទ្ធសាស្ត្រនេះ ត្រូវបានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងាររវាង ឯកឧត្តមឧត្តមសេនីយ៍ឯករ៉ាត់ដារ៉ារ័ត្ន រដ្ឋលេខាធិការក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមនាយឧត្តមសេនីយ៍ទៀសីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ជាមួយលោក Jürg Montani ប្រធានប្រតិភូថ្នាក់តំបន់អាស៊ី នៃគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ កន្លងទៅនេះ។
នៅក្នុងកិច្ចពិភាក្សាដ៏មានសារៈសំខាន់នោះ ក្រសួងការពារជាតិកម្ពុជាបានលើកឡើងច្បាស់ៗអំពីស្ថានការណ៍សន្តិសុខតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដោយបានសង្កត់ធ្ងន់ថា ជំហររបស់កងយោធពលខេមរភូមិន្ទ គឺការប្រកាន់ខ្ជាប់នូវដំណោះស្រាយដោយសន្តិវិធី និងការគោរពច្បាប់អន្តរជាតិ ព្រមទាំងអនុលោមតាមអនុសញ្ញា សន្ធិសញ្ញា និងកិច្ចព្រមព្រៀងទ្វេភាគីនានាដែលមានស្រាប់រវាងប្រទេសទាំងពីរ។
ជាពិសេស ក្នុងនាមក្រសួងការពារជាតិ ឯកឧត្តម រដ្ឋលេខាធិការ បានសម្តែងការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះស្ថាប័ន ICRC ដែលបានដើរតួនាទីជាអ្នកសម្របសម្រួលមនុស្សធម៌យ៉ាងសកម្ម និងមានប្រសិទ្ធភាពខ្ពស់ រហូតឈានទៅដល់ការដោះលែងវីរកងទ័ពកម្ពុជាចំនួន១៨រូប ដែលត្រូវបានភាគីថៃចាប់ខ្លួនដោយខុសច្បាប់នាពេលកន្លងមក។ នេះត្រូវបានចាត់ទុកថាជាជោគជ័យមួយដ៏សំខាន់ក្នុងកិច្ចគាំពារដល់សុវត្ថិភាពរបស់យោធិនកម្ពុជាដែលបំពេញភារកិច្ចការពារជាតិ។
ជាការឆ្លើយតប លោក Jürg Montani ប្រធានប្រតិភូ ICRC បានបង្ហាញការពេញចិត្តយ៉ាងខ្លាំងចំពោះកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា និងបានប្តេជ្ញាចិត្តថា ICRC នឹងបន្តផ្តល់ការគាំទ្រដល់ក្រសួងការពារជាតិកម្ពុជាឱ្យកាន់តែរឹងមាំបន្ថែមទៀត។
ជាលទ្ធផលនៃជំនួបនេះ ភាគីទាំងពីរ (ក្រសួងការពារជាតិ និង ICRC) បានប្តេជ្ញាចិត្តរួមគ្នាក្នុងការលើកកម្ពស់ការគោរពច្បាប់អន្តរជាតិ រួមទាំងច្បាប់មនុស្សធម៌អន្តរជាតិ (IHL) នៅក្នុងជួរទ័ព ដើម្បីឆ្លើយតបទៅនឹងតម្រូវការផ្នែកមនុស្សធម៌ផង និងរួមចំណែកយ៉ាងសំខាន់ដល់ការរក្សាសន្តិភាព ស្ថិរភាព និងសុវត្ថិភាពពេញលេញនៅក្នុងតំបន់ព្រំដែនផងដែរ៕

