ប៉ាតាយ៉ា៖ ប្រព័ន្ធសន្តិសុខជាតិ និងយន្តការត្រួតពិនិត្យជនបរទេសរបស់ប្រទេសថៃ កំពុងរងការរិះគន់ និងដេញដោលយ៉ាងចាស់ដៃសារជាថ្មីម្តងទៀត បន្ទាប់ពីសមត្ថកិច្ចបានបើកប្រតិបត្តិការចាប់ខ្លួនជនជាតិកូរ៉េខាងត្បូងម្នាក់ ដែលជាមេខ្លោងបណ្តាញឆបោកតាមប្រព័ន្ធទូរស័ព្ទ (Call Center) និងមេល្បែងស៊ីសងអនឡាញខុសច្បាប់កម្រិតអន្តរជាតិ។ អ្វីដែលធ្វើឱ្យមហាជនហួសចិត្តបំផុតនោះគឺ ជនសង្ស័យដែលមានឈ្មោះក្នុង «ដីកាក្រហម» របស់ប៉ូលីសអន្តរជាតិ (Interpol) រូបនេះ អាចរត់គេចមកសម្ងំលាក់ខ្លួន ដើរហើរ និងបន្តអាជីវកម្មខុសច្បាប់នៅលើទឹកដីថៃយ៉ាងមានសេរីភាពជាច្រើនឆ្នាំ។

ថ្មីៗនេះ កម្លាំងនគរបាលអន្តោប្រវេសន៍ភូមិភាគ៣ របស់ថៃ បានឃាត់ខ្លួនជនសង្ស័យឈ្មោះ Kim អាយុ ៤៥ឆ្នាំ នៅទីក្រុងប៉ាតាយ៉ា ខេត្តឈុនបុរី។ ការដេញប្រម៉ាញ់នេះ មិនមែនកើតឡើងដោយសារការតាមដានយ៉ាងសកម្ម ឬភាពវៃឆ្លាតរបស់អាជ្ញាធរថៃនោះទេ ប៉ុន្តែវាជាលទ្ធផលបន្ទាប់ពីមាន «ការផ្តល់តម្រុយ និងសម្ពាធព័ត៌មានសម្ងាត់» ពីទីភ្នាក់ងារអនុវត្តច្បាប់អន្តរជាតិ ដែលបង្ហាញយ៉ាងច្បាស់ថា ថៃបាននិងកំពុងក្លាយជា «ជម្រកដ៏មានសុវត្ថិភាព» សម្រាប់ក្រុមឧក្រិដ្ឋជនឆ្លងដែនលាក់ខ្លួន។

យោងតាមរបាយការណ៍ស៊ើបអង្កេត ជនសង្ស័យឈ្មោះ Kim ត្រូវបានចោទប្រកាន់ពីបទដឹកនាំបណ្តាញឆបោក និងបើកគេហទំព័រល្បែងស៊ីសងខុសច្បាប់ខ្នាតធំ ដែលបានបោកប្រាស់ និងបឺតជញ្ជក់លុយពីជនរងគ្រោះរាប់មិនអស់នៅក្នុងប្រទេសកូរ៉េខាងត្បូង។

ទោះបីជាដឹងខ្លួនថា មានទោសជាប់ខ្លួន និងមានដីកាចាប់ខ្លួនជាអន្តរជាតិក៏ដោយ ក៏លោក Kim នៅតែអាចរស់នៅយ៉ាងស៊ីវិល័យក្នុងប្រទេសថៃ ដោយអាជ្ញាធររកឃើញថា រូបគេតែងតែទៅសម្រាកលំហែកាយនៅហាងម៉ាស្សាសុខភាពមួយកន្លែងក្នុងស្រុក Bang Lamung ខេត្តឈុនបុរី ជាទៀងទាត់។ ប៉ូលីសថៃបានត្រឹមតែធ្វើការឃ្លាំមើល រហូតដល់រសៀលថ្ងៃទី៣ ខែកក្កដា ទើបសម្រេចចិត្តចូលឃាត់ខ្លួនជនសង្ស័យរូបនេះ នៅពេលដែលគេកំពុងដើរចូលហាងម៉ាស្សាយ៉ាងមានក្តីសុខ។

ភាពកម្សោយ និងចន្លោះប្រហោងនៃការគ្រប់គ្រងសន្តិសុខរបស់ថៃ កាន់តែស្តែងឡើងយ៉ាងអាម៉ាស់ ក្រោយពេលសមត្ថកិច្ចនាំខ្លួនជនសង្ស័យទៅឆែកឆេរលំនៅឋាន។ នៅក្នុងផ្ទះនោះ ប៉ូលីសបានរកឃើញកុំព្យូទ័រជាច្រើនគ្រឿង ដែលកំពុងដំណើរការប្រព័ន្ធគ្រប់គ្រង (Back-office) នៃគេហទំព័រល្បែងស៊ីសង ព្រមទាំងទិន្នន័យអតិថិជន និងគណនីភ្នាក់ងារយ៉ាងច្រើនសន្ធឹកសន្ធាប់។

តាមរយៈកំណត់ត្រាហិរញ្ញវត្ថុដែលដកហូតបាន អាជ្ញាធរជឿជាក់ថា បណ្តាញល្បែងដែលគ្រប់គ្រងដោយជនសង្ស័យរូបនេះ មានទំហំទឹកប្រាក់បង្វិលប្រចាំឆ្នាំលើសពី ១២៤លានបាត ឬ ប្រហែល ៣.៤ លានដុល្លារអាមេរិក សម្រាប់គេហទំព័រនីមួយៗ។ នេះមានន័យថា ជនសង្ស័យមិនត្រឹមតែមកលាក់ខ្លួនធម្មតានោះទេ ប៉ុន្តែថែមទាំងប្រើប្រាស់ទឹកដីថៃធ្វើជាមូលដ្ឋានដឹកនាំការឆបោក បើកអាជីវកម្មខុសច្បាប់បូមលុយយ៉ាងរលូន ដោយប្រព័ន្ធសន្តិសុខថៃក្នុងរយៈពេលច្រើនឆ្នាំកន្លងមក។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានបញ្ជូនទៅកាន់ការិយាល័យអន្តោប្រវេសន៍ដើម្បីចាត់ការតាមនីតិវិធីបណ្តេញចេញ។ ទោះជាយ៉ាងណា មជ្ឈដ្ឋានទូទៅមើលឃើញថា នេះគ្រាន់តែជាការចាប់ខ្លួនបានមេក្លោងមួយផ្នែកតូចនៃឧក្រិដ្ឋជនបរទេសរាប់ពាន់នាក់ ដែលកំពុងប្រើប្រាស់ទិដ្ឋាការទេសចរណ៍ ឬល្បិចកលផ្សេងៗ ដើម្បីមកបង្កើតសម្បុកបទល្មើសឆ្លងដែននៅក្នុងប្រទេសថៃ ដោយសារតែការអនុវត្តច្បាប់ដែលមានស្តង់ដារធូររលុង និងពោរពេញដោយអំពើពុករលួយ៕

ប្រភព៖ Bangkok Post

Share.