នៅក្នុងឱកាសប្រារព្ធពិធីអបអរសាទរខួប ១៨ឆ្នាំ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី៥ កក្កដា ឆ្នាំ២០២៦ អាជ្ញាធរជាតិព្រះវិហារបានដាក់ចេញនូវរបៀបវារៈក្តៅ ដោយផ្តោតការយកចិត្តទុកដាក់ខ្ពស់ទៅលើផែនការសង្គ្រោះបន្ទាន់ប្រាសាទព្រះវិហារ ដើម្បីស្តារនិងជួសជុលរចនាសម្ព័ន្ធប្រាសាទឡើងវិញ ក្រោយពីបានរងការខូចខាតយ៉ាងដំណំកាលពីឆ្នាំ២០២៥ កន្លងទៅ។

ពិធីនេះត្រូវបានរៀបចំឡើងនៅបរិវេណសារមន្ទីរធម្មជាតិសកលសម្តេចតេជោ ហ៊ុន សែន ព្រះវិហារ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត មន្ត្រីអង្គការយូណេស្កូ តំណាងទូតនៃប្រទេសជាសមាជិក ICC-Preah Vihear និងកងកម្លាំងប្រដាប់អាវុធសរុបប្រមាណ ៥០០នាក់។

បើយោងតាមការលើកឡើងក្នុងអង្គពិធី ថ្វីត្បិតតែរយៈពេល១៨ឆ្នាំកន្លងមក ពោលគឺ២០០៨-២០២៦ កម្ពុជានិងដៃគូអន្តរជាតិសម្រេចបានសមិទ្ធផលជាច្រើនក្តី ប៉ុន្តែព្រឹត្តិការណ៍វិនាសកម្មកាលពីឆ្នាំ២០២៥ បានបំផ្លាញលទ្ធផលការងារកន្លងមកស្ទើរទាំងស្រុង ដោយបន្សល់ទុកនូវការខូចខាតយ៉ាងធ្ងន់ធ្ងរដូចជា៖ រចនាសម្ព័ន្ធប្រាសាទ ត្រូវរងការខូចខាតចំគោលដៅសរុបរហូតដល់ ៥៦២ កន្លែង។

មិនតែប៉ុណ្ណោះវិបត្តិនៃជម្លោះព្រំដែនក៏បានជះផលប៉ះពាល់ដល់ប្រជាពលរដ្ឋប្រមាណ ១៦,០០០ នាក់រស់នៅក្នុងខេត្តព្រះវិហារ ត្រូវបានបង្ខំចិត្តភៀសខ្លួនចេញពីលំនៅឋាន ព្រមទាំងខូចខាតផ្ទះសម្បែង សាលារៀន មណ្ឌលសុខភាព និងវត្តអារាមជាច្រើន។ ដើម្បីទប់ទល់នឹងស្ថានភាពប្រកាសអាសន្ននេះ អាជ្ញាធរជាតិព្រះវិហារ ក្រោមការណែនាំពីអ្នកជំនាញការអង្គការយូណេស្កូ និងគណៈកម្មាធិការ ICC-Preah Vihear បាននិងកំពុងអនុវត្តវិធានការសង្គ្រោះជាបន្ទាន់ចំនួន ៥ រួមមាន៖

(១)ការបោសសម្អាតអាវុធ យុទ្ធភណ្ឌមិនទាន់ផ្ទុះនិងគ្រាប់បែកចង្កោម (២)ការទល់ទ្រសង្គ្រោះរចនាសម្ព័ន្ធប្រាសាទពីការដួលរលំបន្តទៀត (៣)ការប្រមូលបំណែកថ្ម និងចម្លាក់រក្សាទុកសម្រាប់អភិរក្សនិងជួសជុល
(៤)ការថតឯកសារ 3D ប្រាសាទ ទាំងមូល និង(៥)ការស្តារប្រព័ន្ធផ្លូវទឹកបុរាណ។ កិច្ចការទាំងអស់បានទទួលការចូលរួមថវិកាពីរាជរដ្ឋាភិបាល អង្គការយូណេស្កូ អង្គការ ALIPH និងស្ថានបេសកកម្មអចិន្ត្រៃយ៍បារាំងប្រចាំអង្គការយូណេស្កូ។

នៅក្នុងឱកាសនោះដែរ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា បានថ្លែងរំលឹកដោយសង្កត់ធ្ងន់ពីការប្តេជ្ញាចិត្តយ៉ាងដាច់ខាតរបស់រាជរដ្ឋាភិបាល ក្នុងការការពារបូរណភាពទឹកដី និងសម្បត្តិវប្បធម៌ជាតិស្របតាមច្បាប់អន្តរជាតិ។

ទន្ទឹមនឹងនេះ អាជ្ញាធរជាតិព្រះវិហារ បានដាក់ចេញនូវទិសដៅការងារអាទិភាពចំពោះមុខក្នុងការបន្តជួសជុលប្រាសាទ ការស្តារ ព្រៃឈើនិងប្រព័ន្ធអេកូឡូស៊ីក្នុងតំបន់បេតិកភណ្ឌ ការស្តារវិស័យទេសចរណ៍ និងលើកកម្ពស់ជីវភាពសហគមន៍ ព្រមទាំងដាស់តឿនបំផុសស្មារតីសាមគ្គីភាពជាតិដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋគ្រប់រូប ឱ្យបន្តរួមគ្នាថែរក្សាការពារមរតកដូនតាឱ្យបានគង់វង្ស។

Share.