កំពង់ធំ៖ ព្រឹត្តិការណ៍ជិះកង់ និងរត់ឆ្លងកាត់ឧបសគ្គដ៏ធំមួយ ក្រោមប្រធានបទ «ផ្លូវឆ្ពោះទៅរាជធានីឦសានបុរៈ ចេនឡាមុនសម័យអង្គរ» ត្រូវបានរៀបចំឡើងយ៉ាងកុះករនៅរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក កាលពីថ្ងៃអាទិត្យ ទី៥ ខែកក្កដា ឆ្នាំ២០២៦ កន្លងទៅនេះ ដើម្បីអបអរសាទរខួប ៩ឆ្នាំ នៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក។ ព្រឹត្តិការណ៍ដ៏មានអត្ថន័យនេះ គឺដើម្បីរំលឹកដល់ថ្ងៃជាប្រវត្តិសាស្ត្រនៃការចុះបញ្ជីរមណីដ្ឋានប្រាសាទសំបូរព្រៃគុក កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧។

ព្រឹត្តិការណ៍កីឡាបែបវប្បធម៌ និងប្រវត្តិសាស្ត្រនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងឯកឧត្ដម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ រួមជាមួយតំណាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ ជាមួយគ្នានោះដែរ កម្មវិធីទាំងមូលក៏មានការចូលរួមយ៉ាងផុសផុលពីសំណាក់មន្ត្រីរាជការ ប្រជាពលរដ្ឋ សិស្សានុសិស្ស ព្រមទាំងភ្ញៀវទេសចរជាតិ និងអន្តរជាតិ សរុបប្រមាណជិត ១,០០០នាក់ ដែលបានញ៉ាំងឱ្យបរិយាកាសនៅក្នុងតំបន់ប្រវត្តិសាស្ត្រមួយនេះកាន់តែមានភាពអធិកអធមខ្លាំងឡើង។

ចំពោះការប្រកួតវិញ គឺមានការបែងចែកជាពីរទម្រង់កីឡា ដោយក្នុងនោះវិញ្ញាសារត់ឆ្លងកាត់ឧបសគ្គមានបីជម្រើសចម្ងាយគឺ ៩គីឡូម៉ែត្រ ២១គីឡូម៉ែត្រ និង៤២គីឡូម៉ែត្រ ខណៈដែលវិញ្ញាសាជិះកង់មានចម្ងាយផ្លូវរហូតដល់ ៤២គីឡូម៉ែត្រ។ អ្នកចូលរួមទាំងអស់បានឆ្លងកាត់តម្រាយផ្លូវដែលហ៊ុមព័ទ្ធទៅដោយធម្មជាតិ និងប្រាសាទបុរាណ ដែលធ្វើឱ្យការប្រកួតមិនត្រឹមតែជាការហាត់ប្រាណដើម្បីសុខភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការស្វែងយល់ពីតម្លៃមរតកដូនតាផងដែរ។



ក្រៅពីការលើកកម្ពស់សុខភាព និងសាមគ្គីភាពតាមរយៈការលេងកីឡា ព្រឹត្តិការណ៍នេះគឺមានគោលបំណងសំខាន់ក្នុងការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍វប្បធម៌ និងប្រវត្តិសាស្ត្រដ៏រុងរឿងនៃរាជធានីឦសានបុរៈ នាដកោណសម័យចេនឡា ទៅកាន់ឆាកអន្តរជាតិ។ ជាងនេះទៅទៀត វាក៏ជាការដាស់ស្មារតីកូនខ្មែរគ្រប់រូបឱ្យកាន់តែយល់ដឹង និងចូលរួមថែរក្សាការពារសម្បត្តិវប្បធម៌ពិភពលោកមួយនេះ ឱ្យបានគង់វង្សសម្រាប់មនុស្សជំនាន់ក្រោយតទៅទៀតផងដែរ៕

