ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចខណ្ឌជ្រោយចង្វារ បានចុះប្រតិបត្តិការឃាត់ក្រុមក្មេងទំនើងមួយក្រុម ពាក់ព័ន្ធសកម្មភាពបង្ហោះម៉ូតូ និងកែច្នៃបំពង់ស៊ីម៉ាំងខុសបច្ចេកទេស សរុបចំនួន ៣០នាក់ និងដកហូតម៉ូតូ ២៤គ្រឿង។

ប្រតិបត្តិការនេះធ្វើឡើងនៅវេលាម៉ោងប្រមាណ ១០ព្រឹក ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៦ នៅលើមហាវិថីឈ្នះឈ្នះ ក្បែរពហុកីឡដ្ឋានមរតកតេជោ ស្ថិតក្នុងភូមិព្រែកតារត្ន័ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

តាមសមត្ថកិច្ចបានឱ្យដឹងថា ក្រុមក្មេងទំនើងមួយក្រុមនេះ បានប្រមូលផ្តុំគ្នាជិះម៉ូតូច្រើនគ្រឿង និងកែច្នៃបំពង់ស៊ីម៉ាំង បង្ហោះម៉ូតូលើដងផ្លូវ បង្កការរំខានដល់សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពចរាចរណ៍។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យសរុប ៣០នាក់ ក្នុងនោះមានស្រី ៣នាក់ ព្រមទាំងដកហូតម៉ូតូ ២៤គ្រឿង។

បច្ចុប្បន្ន ជនសង្ស័យទាំងអស់ និងវត្ថុតាង ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ដើម្បីបន្តអនុវត្តតាមនីតិវិធី៕

អត្ថបទ៖ តាតុងសែនជ័យ

Share.