ភ្នំពេញ៖ ក្រសួងបរិស្ថាន បានឱ្យដឹងថា ក្រុមការងារបច្ចេកទេសនៃគម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា សហការជាមួយនាយកដ្ឋានអភិរក្សតំបន់ការពារធម្មជាតិដីគោកខាងត្បូងបឹងទន្លេសាប បានរកឃើញវត្តមានសត្វព្រៃកម្រ និងសត្វកំពុងរងគ្រោះថ្នាក់ជិតផុតពូជចំនួន១៤ប្រភេទ នៅក្នុងឧទ្យានជាតិជួរភ្នំក្រវាញ ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ និងខេត្តកោះកុង។

ការសិក្សានេះ ធ្វើឡើងរយៈពេល៣ខែ ចាប់ពីដើមខែមេសា ដល់ចុងខែមិថុនា ឆ្នាំ២០២៦ ដោយបានកត់ត្រាវត្តមានសត្វព្រៃសំខាន់ៗ រួមមាន ដំរីអាស៊ី ខ្ទីង កែះ ប្រើសស្បូវ ខ្លាឃ្មុំតូច ខ្លាឃ្មុំធំ ខ្លាភ្ញីថ្មកែវ ឆ្កែព្រៃ កំពីងដូង ស្វាក្តាម ស្វាត្រោស ខ្ទីន ពង្រូល និងប្រភេទថនិកសត្វ បក្សី និងល្មូនកម្រមួយចំនួនទៀត។

ជាមួយគ្នានេះ ក្រសួងបរិស្ថានក៏បានបង្ហាញពីវត្តមាន ភេខ្លួនរលោង ដែលជាប្រភេទសត្វកម្រមួយ ស្ថិតក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទ ងាយទទួលរងគ្រោះ (VU)។ សត្វប្រភេទនេះរស់នៅតាមទន្លេ ស្ទឹង បឹង អូរ និងព្រៃកោងកាង ដោយចិញ្ចឹមជីវិតលើត្រី ក្តាម លៀស និងគ្រំ។

ក្រសួងបរិស្ថានបញ្ជាក់ថា ការរកឃើញវត្តមានសត្វព្រៃទាំងនេះ បង្ហាញពីប្រសិទ្ធភាពនៃការអភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះនៅក្នុងតំបន់ការពារធម្មជាតិរបស់កម្ពុជា ខណៈក្រសួងនឹងបន្តពង្រឹងការអភិរក្ស និងទប់ស្កាត់បទល្មើសធនធានធម្មជាតិ ដើម្បីធានានិរន្តរភាពប្រព័ន្ធអេកូឡូស៊ី និងការរស់រានមានជីវិតរបស់សត្វព្រៃកម្រ។

Share.