ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលកម្ពុជា បានសម្តែងនូវការកោតសរសើរ និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះស្មារតីស្នេហាជាតិរបស់ប្រជាជាតិទាំងមូល ក្នុងការរួមគ្នាការពារបូរណភាពទឹកដី និងថែរក្សាសម្បត្តិបេតិកភណ្ឌដូនតា ស្របពេលដែលអាជ្ញាធរជាតិព្រះវិហារកំពុងជំរុញផែនការសង្គ្រោះបន្ទាន់ និងស្តារឡើងវិញនូវរចនាសម្ព័ន្ធប្រាសាទព្រះវិហារ ក្រោយរងការខូចខាតពីវិនាសកម្មនា ដោយការវាយប្រហារឈ្លានពីសំណាក់កងទ័ពថៃកាលពីពេលកន្លងទៅ។

ថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០២៦ នេះ គឺជាខួប ១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ដោយអង្គការយូណេស្កូ (UNESCO)។ យោងតាមព្រះរាជសារ នៃព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានមានព្រះរាជបន្ទូលទៅកាន់ប្រជារាស្ត្រខ្មែរថា ក្រោយពីទទួលការរំលោភបំពាន និងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរលើបូរណភាពទឹកដីពីសំណាក់បរទេស និងដោយផ្អែកតាមស្មារតីនៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គសូមកោតសរសើរ និងអរគុណដ៏ជ្រាលជ្រៅចំពោះប្រជាជាតិកម្ពុជាទាំងអស់ និងថ្នាក់ដឹកនាំប្រទេស ដែលបានការពារ និងថែរក្សាប្រាសាទព្រះវិហារ ព្រមទាំងយុទ្ធសាស្ត្របញ្ចូលគ្នារវាងមនសិការស្នេហាជាតិ និងផ្អែកលើច្បាប់អន្តរជាតិ ដើម្បីធានានូវសម្បត្តិបេតិកភណ្ឌដូនតាមួយនេះ ស្ថិតក្រោមអធិបតេយ្យភាពរបស់កម្ពុជានិរន្តរ៍ ក្រោយពីជម្លោះតាមព្រំដែន។
ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ទ្រង់សម្ដែងនូវការគាំទ្រជាខ្លាំង ចំពោះកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់រាជរដ្ឋាភិបាល ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អាជ្ញាធរជាតិព្រះវិហារ និងគណៈកម្មាធិការសម្របសម្រួលកិច្ចការងារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រប្រាសាទព្រះវិហារ (ICC/PREAH VIHEAR) និងការថែទាំបន្ត ដែលដឹកនាំដោយសហប្រធានតំណាងនៃសាធារណរដ្ឋឥណ្ឌា និងសាធារណរដ្ឋប្រជាមានិតចិន ព្រមទាំងដៃគូកិច្ចសហប្រតិបត្តិការជាតិ-អន្តរជាតិទាំងអស់ផងដែរ។
កាលពីថ្ងៃទី ៥ ខែកក្កដា ឆ្នាំ ២០២៦ អាជ្ញាធរជាតិព្រះវិហារបានរៀបចំពិធីអបអរសាទរខួប ១៨ ឆ្នាំ នៃការចុះប្រាសាទព្រះវិហារក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ (៧ កក្កដា ២០០៨ – ៧ កក្កដា ២០២៦) ក្រោមប្រធានបទ “ការអភិរក្ស វិនាសកម្ម និងការស្តារឡើងវិញ” នៅបរិវេណសារមន្ទីរធម្មជាតិសកលសម្តេចតេជោ ហ៊ុន សែន នៅខេត្តព្រះវិហារ ក្រោមអធិបតីភាព លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ គណៈអភិបាលខេត្តព្រះវិហារ ឯកឧត្តម គង់ ពុទ្ធិកា អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ និងលោក Flavio BONETTI ប្រធានការិយាល័យអង្គការយូណេស្កូប្រចាំកម្ពុជា និងតំណាងទូតនៃបណ្តាប្រទេសជាសមាជិកគណៈកម្មាធិការ ICC-Preah Vihear។
នៅក្នុងឱកាសនោះ អង្គពិធីបានរំលឹកអំពីវិនាសកម្មធ្ងន់ធ្ងរដែលបានបង្កឡើងកាលពីឆ្នាំ ២០២ network៥ កន្លងទៅ ចំពោះបេតិកភណ្ឌពិភពលោក ដោយបានបំផ្លាញអស់ទាំងស្រុងនូវលទ្ធផលការងារកន្លងមក ហើយបន្សល់ទុកនូវការខូចខាតធ្ងន់ធ្ងរដល់ប្រាសាទព្រះវិហារសរុបចំនួន ៥២ កន្លែង បានបង្ខំប្រជាជនប្រមាណ ១៦ ០០០ នាក់ ភៀសខ្លួនចេញពីលំនៅឋានក្នុងតំបន់បេតិកភណ្ឌពិភពលោក ខូចខាតផ្ទះសម្បែង សាលារៀន មណ្ឌលសុខភាព វត្តអារាម និងហេដ្ឋារចនាសម្ព័ន្ធសាធារណៈជាច្រើន។

អាជ្ញាធរជាតិព្រះវិហារក៏បានលើកឡើងអំពីការអនុវត្តផែនការសង្គ្រោះបន្ទាន់ប្រាសាទព្រះវិហារស្របតាមអនុសាសន៍របស់អ្នកជំនាញការអង្គការយូណេស្កូ និង ICC-Preah Vihear រួមមាន៖
- ទី១. ការបោសសម្អាតមីន យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងគ្រាប់បែកចង្កោម
- ទី២. ការទប់ទល់សង្គ្រោះរចនាសម្ព័ន្ធប្រាសាទពីការដួលរលំបន្តទៀត
- ទី៣. ការប្រមូលបំណែកថ្ម និងចំណាត់ថ្នាក់រក្សាទុកសម្រាប់អភិរក្សនិងជួសជុល
- ទី៤. ការថតឯកសារ 3D ប្រាសាទទាំងមូល
- ទី៥. ការស្តារប្រព័ន្ធផ្លូវទឹកបុរាណ។
កិច្ចការទាំងអស់បានទទួលការចូលរួមថវិកាពីរាជរដ្ឋាភិបាល អង្គការយូណេស្កូ អង្គការ ALIPH និងស្ថានបេសកកម្មអចិន្ត្រៃយ៍បារាំងប្រចាំអង្គការយូណេស្កូ។
ទន្ទឹមនឹងនេះ អាជ្ញាធរជាតិព្រះវិហារ បានដាក់ចេញនូវទិសដៅការងារអាទិភាពចំពោះមុខក្នុងការបន្តជួសជុលប្រាសាទ ការស្តារព្រៃឈើនិងប្រព័ន្ធអេកូឡូស៊ីក្នុងតំបន់បេតិកភណ្ឌ ការស្តារវិស័យទេសចរណ៍ និងលើកកម្ពស់ជីវភាពសហគមន៍ ព្រមទាំងដាស់តឿនបំផុសស្មារតីសាមគ្គីភាពជាតិដ៏មហិមា កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋគ្រប់រូបឱ្យបន្តរួមគ្នាថែរក្សាការពារមរតកដូនតាឱ្យបានគង់វង្ស។
លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី បានថ្លែងអំពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងកិច្ចការការពារបូរណភាពទឹកដី និងសម្បត្តិវប្បធម៌នានាស្របតាមច្បាប់អន្តរជាតិ ពិសេសនឹងបន្តកិច្ចការអភិរក្ស ជួសជុលប្រាសាទព្រះវិហារឱ្យបានគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយៗទៀត។ ជាមួយគ្នានេះ លោកជំទាវ បានណែនាំអាជ្ញាធរជាតិព្រះវិហារឱ្យសហការយ៉ាងជិតស្និទ្ធជាមួយដៃគូពាក់ព័ន្ធកម្រិតជាតិ និងដៃគូអន្តរជាតិដើម្បីបន្តបេសកកម្មថែរក្សា អភិរក្ស និងជួសជុលប្រាសាទ ការស្តារព្រៃឈើនិងប្រព័ន្ធអេកូឡូស៊ីក្នុងតំបន់បេតិកភណ្ឌ ការស្តារវិស័យទេសចរណ៍ និងលើកកម្ពស់ជីវភាពសហគមន៍។
លោកជំទាវ ក៏បានថ្លែងអំណរគុណដល់អាជ្ញាធរពាក់ព័ន្ធចំពោះការធានាសុខសុវត្ថិភាពរបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេស អង្គការយូណេស្កូ និងដៃគូអន្តរជតិនានាដែលបានចូលរួមជួយសង្គ្រោះបន្ទាន់ និងជួសជុលប្រាសាទព្រះវិហារឡើងវិញ ហើយអំពាវនាវដល់ដៃគូជាតិ និងអន្តរជាតិទាំងអស់ សូមបន្តចូលរួមជាមួយរាជរដ្ឋាភិបាលដើម្បីអនុវត្តបេសកកម្មនេះឱ្យបានជោគជ័យ៕

