ភ្នំពេញ៖ កម្ពុជាត្រៀមខ្លួនទទួលផលចំណេញសេដ្ឋកិច្ច និងឱកាសទាក់ទាញទុនវិនិយោគកាន់តែធំពីអឺរ៉ុប ខណៈដែល លោក នីកូឡា ហ្វ័ររីសៀ រដ្ឋមន្ត្រីប្រតិភូអមរដ្ឋមន្ត្រីក្រសួងអឺរ៉ុប និងការបរទេស ទទួលបន្ទុកពាណិជ្ជកម្មបរទេស និងការទាក់ទាញវិនិយោគនៃប្រទេសបារាំង គ្រោងនឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា នៅថ្ងៃទី៩ និងទី១០ ខែកក្កដា ឆ្នាំ២០២៦ ខាងមុខនេះ។

ដំណើរទស្សនកិច្ចជាន់ខ្ពស់នេះ ធ្វើឡើងក្នុងគោលបំណងយុទ្ធសាស្ត្រ ពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគី ជំរុញលំហូរពាណិជ្ជកម្ម និងបង្កើនការវិនិយោគផ្ទាល់ពីបារាំងមកកាន់កម្ពុជា ឱ្យកាន់តែរឹងមាំ និងមានទំហំធំជាងមុន។

ដើម្បីប្រមូលផលប្រយោជន៍សេដ្ឋកិច្ចឱ្យបានអតិបរមាសម្រាប់កម្ពុជា លោករដ្ឋមន្ត្រីបារាំង នឹងចូលជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីនៃក្រសួងសេដ្ឋកិច្ចសំខាន់ៗរបស់កម្ពុជា ដែលជាសញ្ញាណបង្ហាញពីការបើកចំហផ្លូវពាណិជ្ជកម្មលើគ្រប់វិស័យ រួមមាន៖ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញ វត្ថុ លោកជំទាវ ធម និមល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និង ថាមពល និងឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល។

ក្រៅពីជំនួបជាមួយមន្ត្រីរដ្ឋាភិបាល លោករដ្ឋមន្ត្រីបារាំងក៏នឹងជួបពិភាក្សាដោយផ្ទាល់ជាមួយសហគមន៍ធុរកិច្ចបារាំងនៅកម្ពុជា ដែលមានបណ្តាញក្រុមហ៊ុនយ៉ាងតិចចំនួន ២០០ ក្រុមហ៊ុនដែលកំពុងមានសកម្មភាពអាជីវកម្មស្រាប់ ដែលនេះជាកម្លាំងចលករដ៏សំខាន់ក្នុងការស្រូបទាញដៃគូវិនិយោគថ្មីៗបន្ថែមទៀតពីអឺរ៉ុប។

ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីទទួលបន្ទុកពាណិជ្ជកម្មបរទេសរូបនេះ មិនត្រឹមតែនាំមកនូវឱកាសធុរកិច្ចភ្លាមៗប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការត្រៀមលក្ខណៈបច្ចេកទេស និងសេដ្ឋកិច្ចយ៉ាងសំខាន់ សម្រាប់ទទួលដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ លោក អេម៉ាញូអែល ម៉ាក្រុង ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង មកកាន់ប្រទេសកម្ពុជា នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះផងដែរ។

សូមជម្រាបថា ការមកដល់របស់រដ្ឋមន្ត្រីពាណិជ្ជកម្មបារាំងមុនព្រឹត្តិការណ៍ខែវិច្ឆិកា គឺដើម្បីរៀបចំកញ្ចប់គម្រោងវិនិយោគ និងកិច្ចព្រមព្រៀងសេដ្ឋកិច្ចធំៗ ទុកសម្រាប់ថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរចុះហត្ថលេខា ដែលនេះនឹងក្លាយជាកម្លាំងជំរុញឱ្យសេដ្ឋកិច្ចកម្ពុជាហក់លោតកាន់តែខ្លាំង តាមរយៈការទទួលបានបច្ចេកវិទ្យាជឿនលឿន និងការបង្កើតការងាររាប់ម៉ឺនកន្លែងជូនប្រជាពលរដ្ឋខ្មែរ៕

Share.