កាលពីថ្ងៃសៅរ៍ នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi បានឈ្នះពានរង្វាន់ពិសេសមួយ នៅក្នុងកម្មវិធីប្រគល់ពានរង្វាន់គ្រឿងអលង្ការជប៉ុន «Japan Jewellery Best Dresser Awards»។

នៅក្នុងពិធីប្រគល់ពានរង្វាន់ដែលបានប្រារព្ធឡើងក្នុងទីក្រុងតូក្យូ លោកស្រី Takaichi ដែលបានពាក់ក្រវិលមាស និងខ្សែកលម្អដោយគជ់ខ្យង បានថ្លែងថា បច្ចេកវិទ្យាចិញ្ចឹម និងកែច្នៃគជ់ខ្យងរបស់ជប៉ុន «បានឆ្លុះបញ្ចាំងពីកម្លាំងលាក់កំបាំងរបស់ប្រទេសជប៉ុន»។
លោកស្រីបានបន្តថា លោកស្រីតែងតែពាក់គ្រឿងអលង្ការគជ់ខ្យងទាំងនេះ ដែលជាកាដូអនុស្សាវរីយ៍ពីម្តាយរបស់លោកស្រី រាល់ពេលដែលលោកស្រីធ្វើដំណើរទៅក្រៅប្រទេស។



លោកស្រីបានមានប្រសាសន៍ថា៖ «ខ្ញុំចង់ផ្សព្វផ្សាយពីភាពឆ្នើមនៃផលិតផលជប៉ុន រួមទាំងគ្រឿងអលង្ការទៅកាន់ពិភពលោក។ ខ្ញុំនឹងខិតខំប្រឹងប្រែងដើម្បីធានាថា ប្រជាជននឹងមើលឃើញពីអនាគតដ៏ភ្លឺស្វាងសម្រាប់ប្រទេសជប៉ុន»។
— ដកស្រង់ចេញពីសារព័ត៌មាន The Yomiuri Shimbun

