រដ្ឋមន្ត្រីក្រសួងកសិកម្ម និងសហករណ៍ថៃ លោក Suriya Jungrungreangkit កំពុងរងការរិះគន់យ៉ាងខ្លាំង ជុំវិញការចេញមុខអះអាងទាំងប្រញាប់ប្រញាល់ និងប្រកបដោយទំនុកចិត្តខ្លាំងពេកថា ប្រទេសម៉ាឡេស៊ី នឹងដកបម្រាមនាំចូលបង្គាពីថៃវិញក្នុងរយៈពេលមួយខែ ខណៈដែលភាគីម៉ាឡេស៊ីបានចេញមុខបដិសេធភ្លាមៗ និងបង្ហាញជំហរផ្ទុយស្រឡះពីថៃ។

កាលពីថ្ងៃពុធកន្លងទៅ ទំព័រហ្វេសប៊ុកផ្លូវការរបស់រដ្ឋមន្ត្រីកសិកម្មថៃរូបនេះ បានបង្ហោះសារយ៉ាងក្ដៅគគុកក្នុងន័យអបអរសាទរថា៖ «ដំណឹងល្អសម្រាប់អ្នកនាំចេញបង្គា! លោក Suriya ថ្លែងថា បង្គាថៃនឹងអាចនាំចេញទៅម៉ាឡេស៊ីជាធម្មតាវិញក្នុងរយៈពេល ៣០ថ្ងៃ»។ ការប្រកាសដ៏គួរឱ្យភ្ញាក់ផ្អើលនេះ ត្រូវបានធ្វើឡើងភ្លាមៗ បន្ទាប់ពីលោកបានជួបពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងកសិកម្ម និងសន្តិសុខស្បៀងម៉ាឡេស៊ី លោក Mohamad Sabu។

លោក Suriya បានអះអាងថា ប្រទេសទាំង២ បានព្រមព្រៀងគ្នាក្នុងការឯកភាពពន្លឿននីតិវិធីត្រួតពិនិត្យស្ដង់ដាអនាម័យ និងភូតគាមអនាម័យឱ្យបានលឿន រួមទាំងការពិនិត្យសារធាតុគីមី និងអនាម័យ ដើម្បីស្តារពាណិជ្ជកម្មឡើងវិញ។ លោកបានសង្កត់ធ្ងន់ថា៖ «ជំនួបរបស់ខ្ញុំ បង្ហាញពីសញ្ញាវិជ្ជមានថា ថៃនឹងអាចនាំចេញបង្គាទៅម៉ាឡេស៊ីដូចដើមវិញ»។

យ៉ាងណាម៉ិញ ការប្រញាប់ប្រញាល់ប្រកាសជោគជ័យជាឯកតោភាគីរបស់រដ្ឋមន្ត្រីក្រសួងកសិកម្មថៃរូបនេះ ត្រូវបានគេមើលឃើញថា ជាការបំប៉ោងការរំពឹងទុករបស់ប្រជាជន និងអ្នកវិនិយោគ ខណៈដែលកិច្ចព្រមព្រៀងពិតប្រាកដមិនទាន់ត្រូវបានសម្រេចជាផ្លូវការនៅឡើយ។

ប៉ុន្ដែមិនទុកឱ្យភាគីថៃនិយាយអួតអាងបានយូរឡើយ អគ្គនាយកនៃនាយកដ្ឋានជលផលម៉ាឡេស៊ី លោក Adnan Hussain បានចេញមុខមកបដិសេធទាំងស្រុងលើការកំណត់ពេល ៣០ថ្ងៃដែលភាគីថៃរំពឹងទុកនោះ។ លោក Adnan បានបញ្ជាក់យ៉ាងច្បាស់ៗតាមរយៈទីភ្នាក់ងារសារព័ត៌មានម៉ាឡេស៊ី Bernama ថា អាជ្ញាធរម៉ាឡេស៊ីត្រូវការពេលវេលាបន្ថែមទៀត ដើម្បីផ្ទៀងផ្ទាត់ព័ត៌មានស្តីពីប្រព័ន្ធត្រួតពិនិត្យដែលថៃបានដាក់ជូន ហើយវាមិនងាយស្រួលដូចអ្វីដែលថៃគិតនោះទេ។

លោក បានសង្កត់ធ្ងន់ថា ព័ត៌មានទាំងនោះកំពុងស្ថិតក្រោមការវាយតម្លៃរបស់ក្រុមការងារបច្ចេកទេស។ ប្រសិនបើព័ត៌មានដែលថៃផ្តល់ឱ្យមានភាពពេញលេញក៏ដោយ ក៏យើងនឹងត្រូវការពេលយ៉ាងហោចណាស់ ៣០ថ្ងៃ ដើម្បីពិនិត្យ និងវាយតម្លៃរាល់ឯកសារ និងទិន្នន័យដែលបានដាក់ស្នើប៉ុណ្ណោះ។

សេចក្តីថ្លែងការណ៍បកស្រាយនេះ បានបង្ហាញឱ្យឃើញពីភាពខ្វះខាតក្នុងការសម្របសម្រួលការទូតរបស់ភាគីថៃ ដែលប្រកាសព័ត៌មានទាំងមិនទាន់យល់ច្បាស់ពីនីតិវិធីផ្ទៃក្នុងដ៏តឹងរ៉ឹងរបស់ប្រទេសជិតខាង។

គួររំលឹកផងដែរថា បម្រាមបណ្តោះអាសន្នរបស់ម៉ាឡេស៊ីលើការនាំចូលបង្គាថៃ ដែលមានប្រសិទ្ធភាពតាំងពីថ្ងៃទី១ មិថុនា ត្រូវបានគេមើលឃើញយ៉ាងច្បាស់ថាជាការឆ្លើយតបនឹងការហាមឃាត់របស់ថៃលើការនាំចូលត្រីឆ្ពុង (Seabass) ពីម៉ាឡេស៊ី ដោយលើកឡើងពីបារម្ភអំពីសុខភាព និងសុវត្ថិភាពរបស់អ្នកប្រើប្រាស់ថៃ។

ជម្លោះពាណិជ្ជកម្មវាយបកទៅវិញទៅមកនេះ កំពុងតែធ្វើឱ្យកសិករនៃប្រទេសទាំង២ រងគ្រោះ ខណៈដែលអ្នកនយោបាយកំពុងលេងល្បែងការទូត។

យ៉ាងណា បញ្ហាជម្លោះពាណិជ្ជកម្មដ៏តានតឹងនេះ ត្រូវបានគេរំពឹងថា នឹងក្លាយជារបៀបវារៈដ៏ក្តៅគគុកមួយ នៅពេលដែលនាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul ជួបពិភាក្សាជាមួយសមភាគីម៉ាឡេស៊ី លោក Anwar Ibrahim ក្នុងអំឡុងពេលដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសម៉ាឡេស៊ី នាថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ សប្ដាហ៍នេះ ដែលនេះជាការសាកល្បងថា តើថៃអាចដោះស្រាយកំហុសឆ្គងខាងការទូតរបស់រដ្ឋមន្ត្រីខ្លួននាពេលនេះបានកម្រិតណា៕

ប្រភព៖ Bangkok Post

Share.