បាត់ដំបង៖ រដ្ឋបាលស្រុករតនមណ្ឌល និងស្រុកសំឡូត បានអំពាវនាវឱ្យប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះហានិភ័យទឹកជំនន់ ខណៈភ្លៀងនៅតែបន្តធ្លាក់ជាប់ៗគ្នា បណ្តាលឱ្យកម្រិតទឹកតាមស្ទឹង អូរ និងអាងស្តុកទឹកមួយចំនួនកើនឡើងគួរឱ្យកត់សម្គាល់។

តាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលស្រុកទាំងពីរ បានឱ្យដឹងថា ភ្លៀងធ្លាក់ខ្លាំងនៅតំបន់ភ្នំក្នុងស្រុកសំឡូត និងខេត្តប៉ៃលិន បានធ្វើឱ្យទឹកហូរចាក់ចូលតំបន់ទំនាប ស្ទឹង និងអូរ ជាពិសេសនៅស្ទឹងក្រញូង ស្ទឹងបរឡាង កំពង់ថ្វាក និងអាងស្តុកទឹកពហុបំណងសេកសក ដែលបណ្តាលឱ្យកម្រិតទឹកកើនឡើងយ៉ាងឆាប់រហ័ស និងមានល្បឿនហូរខ្លាំង។
រដ្ឋបាលស្រុកទាំងពីរ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយស្ទឹង អូរ ប្រឡាយ និងតំបន់ទំនាប ឱ្យយកចិត្តទុកដាក់ខ្ពស់ មើលថែកុមារឱ្យបានជិតស្និទ្ធ ផ្លាស់ទីទ្រព្យសម្បត្តិ និងសម្ភារកសិកម្មទៅកាន់ទីមានសុវត្ថិភាព ដើម្បីកាត់បន្ថយការខូចខាត ប្រសិនបើមានទឹកជំនន់កើតឡើង។

ជាមួយគ្នានេះ អាជ្ញាធរបានស្នើឱ្យប្រជាពលរដ្ឋបន្តតាមដានស្ថានភាពអាកាសធាតុ និងការជូនដំណឹងពីអាជ្ញាធរមូលដ្ឋានជាប្រចាំ ដើម្បីត្រៀមខ្លួនឆ្លើយតបបានទាន់ពេលវេលា ប្រសិនបើស្ថានភាពទឹកជំនន់មានការវិវត្ត។
អត្ថបទ៖ ដំបងក្រញូង


