ភ្នំពេញ៖ ក្នុងឱកាសប្រារព្ធពិធីអបអរសាទរខួបលើកទី១៨ (៧ កក្កដា ២០០៨ – ៧ កក្កដា ២០០៦) នៃការដាក់បញ្ចូលប្រាសាទព្រះវិហាររបស់ព្រះរាជាណាចក្រកម្ពុជា ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ (UNESCO) ឯកឧត្តម ហេង រតនា អគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានចេញមករំលឹកពីតម្លៃប្រវត្តិសាស្ត្រ និងការលះបង់យ៉ាងធំធេងក្នុងការការពារសម្បត្តិមនុស្សជាតិនេះ។






ស្របពេលជាមួយគ្នានឹងការអបអរសាទរទិវាជាប្រវត្តិសាស្ត្រនេះ អគ្គនាយក CMAC ក៏បានគូសបញ្ជាក់ឡើងវិញនូវការឈឺចាប់ដែលសម្បត្តិបេតិកភណ្ឌពិភពលោកមួយនេះបានឆ្លងកាត់ ដោយលោកបានលើកឡើងថា ប្រាសាទព្រះវិហារធ្លាប់បានទទួលរងនូវសោកវិនាសកម្មយ៉ាងធ្ងន់ធ្ងរបំផុត ដោយសារសង្គ្រាមឈ្លានពានពីភាគីសៀម។ នៅក្នុងព្រឹត្តិការណ៍សង្គ្រាមនោះ តួប្រាសាទបុរាណដ៏មានតម្លៃបានរងនូវការទម្លាក់គ្រាប់បែកពីយន្តហោះ គ្រាប់បែកចង្កោម គ្រាប់ផ្សែងពុលគីមី រួមទាំងគ្រាប់យុទ្ធភណ្ឌសឹកជាច្រើនប្រភេទផ្សេងទៀត មានជាអាទិ៍ គ្រាប់កាំភ្លើងធំធុន ១៥៥មម, ១០៥មម និងដ្រូនអត្តឃាតជាដើម។




ឯកឧត្តម ហេង រតនា បានសង្កត់ធ្ងន់ថា៖ «ប្រាសាទព្រះវិហារជាមរតកស្នាដៃដូនតាខ្មែរដ៏អស្ចារ្យបំផុតមួយ និងត្រូវបានពិភពលោកទទួលស្គាល់ និងចាត់ទុកជាសម្បត្តិមនុស្សជាតិគ្រប់គ្នា!»។
ជាចុងក្រោយ តំណាងឱ្យស្ថាប័នកំចាត់មីនកម្ពុជា ក៏ដូចជាប្រជាពលរដ្ឋខ្មែរទាំងមូល បានសម្តែងនូវក្តីសង្ឃឹមយ៉ាងមុតមាំថា ពិភពលោកនឹងផ្តល់យុត្តិធម៌ ព្រមទាំងរួមគ្នាចូលរួមការពារមរតកសម្បត្តិមនុស្សជាតិដ៏កំសត់មួយនេះ ឱ្យបានគង់វង្សចៀសផុតពីការបំផ្លិចបំផ្លាញទាំងឡាយ ដើម្បីទុកជាកេរដំណែលសម្រាប់មនុស្សជំនាន់ក្រោយជាបន្តទៀត៕

