ខេត្តកំពង់ចាម៖ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញចូលរួមពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧ ប្រវែង ៤៥,៤៨៩ គ.ម ចាប់ពីរង្វង់មូលស្គន់ ដល់រង្វង់មូលគល់ស្ពានគីហ្សូណា ក្រុងកំពង់ចាម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ពិធីសម្ពោធនេះ​ធ្វើ​ឡើង​នៅ​ទី៧ ខែកក្កដា ឆ្នាំ២០២៦ ដោយ​មានការអញ្ជើញចូលរួមពី ឯកឧត្តម វ៉ាង វិនពីន (H.E.Mr WANG WENBIN) ឯកអគ្គរដ្ឋទូត វិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម លោកជំទាវ សមាជិក សមាជិកានៃព្រឹទ្ធសភា រដ្ឋសភា និង រាជរដ្ឋាភិបាល ព្រមទាំងវត្តមាន ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា ភ្ញៀវកិតិ្តយសជាតិ-អន្តរជាតិ ថ្នាក់ដឹកនាំក្រសួង និងបងប្អូនប្រជាពលរដ្ឋជាច្រើនរូបទៀត។

គម្រោងសាងសង់ឡើងវិញកំណាត់ផ្លូវជាតិលេខ៧ មានប្រវែង ៤៥,៤៨៩គីឡូម៉ែត្រ ចាប់ពីរង្វង់មូលស្ពន់ (ទីរួមស្រុកជើងព្រៃ) ទៅដល់រង្វង់មូលគល់ស្ពានគីហ្សូណា (ក្រុងកំពង់ចាម) ត្រូវបានស្ថាបនាជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ (AC) ផ្លូវធ្វើចរាចរណ៍ចំនួន ៤គន្លង (២គន្លងទៅ ២គន្លងមក) ។ កំណាត់ផ្លូវជាតិនេះបានរួមបញ្ចូលនូវការសាងសង់ស្ពានចំនួន ៨កន្លែង ស្ថានីយជញ្ជីងថ្លឹងរថយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ចំនួន ២កន្លែង បំពាក់ភ្លើងសញ្ញាចរាចរណ៍ចំនួន ៤កន្លែង មានបង្គោលបញ្ចេញសំឡេងសម្រាប់ជនពិការឆ្លងកាត់ផ្លូវចំនួន ៨បង្គោល សួនពុះចែកទ្រូងផ្លូវ ដាក់លូគ្រប់ប្រភេទ បំពាក់ស្លាកសញ្ញាចរាចរណ៍ គំនូសចរាចរណ៍ បង្គោលគីឡូម៉ែត្រ និងបង្គោលសុវត្ថិភាពទៅ តាមបទដ្ឋានបច្ចេកទេសផ្លូវថ្នល់។

ការសាងសង់ពង្រីកកំណាត់ផ្លូវឡើងវិញ បានប្រែក្លាយខ្សែផ្លូវនេះទៅជាខ្សែផ្លូវ មួយដ៏រឹងមាំ ធំទូលាយ និងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនផលិតផលកសិកម្ម កសិ-ឧស្សាហកម្ម ព្រមទាំងលើកកម្ពស់ការអភិវឌ្ឍ និងសកម្មភាព សេដ្ឋកិច្ច-សង្គមនៅភូមិសាស្ត្រខេត្តកំពង់ចាម និងបណ្តាខេត្តនៅជាប់ព្រំប្រទល់ដែលមានសក្តានុពល ក្នុងការផ្លាស់ប្តូរពាណិជ្ជកម្មលើទំនិញ និងកសិផលសំខាន់ៗមួយចំនួន ដូចជា កៅស៊ូ អង្ករ ម្រេច ដំឡូងមី ស្វាយចន្ទី ពោត ចេក អំពៅ ថ្នាំជក់ ទុរេន បន្លែផ្លែឈើ និងត្រីសាច់ ជាដើម ហើយបន្ថែមពីនេះ កំណាត់ផ្លូវជាតិនេះក៏បានចូលរួមចំណែកក្នុងការលើកកម្ពស់វិស័យទេសចរណ៍ក្នុងខេត្តកំពង់ចាមដែលមានប្រាសាទបុរាណ រមណីយដ្ឋានធម្មជាតិ និងវប្បធម៌ប្រវត្តិសាស្ត្រផងដែរ។ តាមរយៈការសិក្សាវាយតម្លៃក៏បានបញ្ជាក់ផងដែរថា កំណាត់ខ្សែផ្លូវនេះនឹងផ្តល់អត្រាផលចំណេញ ផ្នែកសេដ្ឋកិច្ច (EIRR) រហូតដល់ ១៥,២៧% ដែលបង្ហាញពីការចូលរួមចំណែកក្នុងការជំរុញ កំណើនសេដ្ឋកិច្ចជាតិនាពេលអនាគត។

កំណាត់ផ្លូវជាតិលេខ៧នេះគឺជាខ្សែផ្លូវយ៉ាងសំខាន់ និងជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសក្តានុពល ដែលបានតភ្ជាប់ជាមួយបណ្តាញផ្លូវនានាឆ្ពោះទៅកាន់រាជធានី-ខេត្ត រួមមាន នៅចំណុចចាប់ផ្ដើមខ្សែផ្លូវនេះបានតភ្ជាប់ជាមួយផ្លូវជាតិលេខ៦ ឆ្ពោះទៅទិសដៅ រាជធានីភ្នំពេញ និងទិសដៅខេត្តកំពង់ធំ ខេត្តសៀមរាប និងតភ្ជាប់ត្រង់ចំណុចផ្លូវបំបែកស្រុកព្រៃឈរជាមួយផ្លូវជាតិលេខ៦០ ភ្ជាប់ទៅកាន់ផ្លូវជាតិលេខ៦ និងផ្លូវជាតិលេខ៧០ ឆ្ពោះទៅកាន់ ស្រុកកងមាស ព្រមទាំងបានតភ្ជាប់ជាមួយផ្លូវជាតិលេខ៧១ ត្រង់ចំណុចផ្លូវបំបែកត្រើងទៅកាន់ ស្រុកចំការលើ និងតភ្ជាប់ជាមួយផ្លូវខេត្តលេខ២២២ ក្នុងទិសដៅទៅកាន់ស្រុកស្ទឹងត្រង់ និងផ្លូវខេត្តលេខ២២៣ ក្នុងទិសដៅទៅកាន់ស្រុកកងមាស និងឆ្ពោះទៅកាន់តំបន់ខេត្តស្ថិតនៅភូមិភាគឦសាន។ កំណាត់ផ្លូវជាតិនេះក៏ជាផ្នែកមួយ នៃផ្លូវអាស៊ានហាយវ៉េលេខ១១ ដែលតភ្ជាប់ជាមួយបណ្តាញខ្សែផ្លូវសំខាន់ៗ ឆ្ពោះទៅកាន់តំបន់ព្រំដែន នៃប្រទេសកម្ពុជា និងតភ្ជាប់ជាមួយបណ្តាញខ្សែផ្លូវរបស់បណ្តាប្រទេសន មហាអនុតំបន់មេគង្គផងដែរ៕

Share.