ភ្នំពេញ៖ នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៦ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានដឹកនាំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ ចុះត្រួតពិនិត្យ និងផ្សព្វផ្សាយអនុក្រឹត្យលេខ ០៣ តាមបណ្តាទីតាំងអគារខុនដូ អាផាតមិន បុរី ផ្ទះសំណាក់ និងសណ្ឋាគារមួយចំនួន ក្នុងគោលដៅបោសសម្អាតទីតាំងសង្ស័យពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។





ប្រតិបត្តិការនេះបានអនុវត្តនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សរុបចំនួន ៩៤ ទីតាំង ដោយរកឃើញជនបរទេសស្នាក់នៅសរុប ២៨៦ នាក់ ក្នុងនោះស្រី ៨៤ នាក់ ហើយមាន ៣ នាក់គ្មានលិខិតឆ្លងដែន។
ក្នុងចំណោមការត្រួតពិនិត្យ ក្រុមការងារបានរកឃើញបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ១ ករណី ស្ថិតនៅបុរីប៊ុនលីចំការដូង ផ្ទះលេខ C16 ផ្លូវលេខ BL02 ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ។ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ៨ នាក់ (ស្រី ១ នាក់) ក្នុងនោះមានជនជាតិបង់ក្លាដេស ៧ នាក់ (ប្រុស) និងជនជាតិមីយ៉ាន់ម៉ា ១ នាក់ (ស្រី) ហើយក្នុងចំណោមនោះមាន ៣ នាក់គ្មានលិខិតឆ្លងដែន ព្រមទាំងដកហូតសម្ភារៈជាវត្ថុតាងមួយចំនួន។
តាមការត្រួតពិនិត្យរបស់ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ករណីនេះពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងរូបភាពអូសទាញលួងលោមស្នេហា (Romance Scam) ហើយបន្តបោកប្រាស់ឲ្យជនរងគ្រោះដាក់ប្រាក់ចូលរួមវិនិយោគក្លែងក្លាយ (Investment Scams)។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងទាំងអស់ ត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធី៕
អត្ថបទ៖ កណ្ដាល

