សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានផ្តល់អនុសាសន៍ដល់ថ្នាក់ដឹកនាំខេត្ត និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងខេត្តមណ្ឌលគិរី ត្រូវយកចិត្តទុកដាក់ចំពោះអ្នកនៅសមរភូមិក្រោយដែលជាគ្រួសារយុទ្ធជនពលីពិការ និងអតីតយុទ្ធជន គឺជាកត្តាចាំបាច់បំផុតដែលមិនអាចមើលរំលង ហើយការធានាជីវភាព និងការសិក្សា ត្រូវរួមគ្នាជួយដោះស្រាយក្នុងនោះរួមមាន ជួយដោះស្រាយលើបញ្ហាផ្ទះសម្បែង និងជួយបង្កើតមុខរបរចិញ្ចឹមជីវិតដល់ប្រពន្ធ កូន ចៅ របស់យុទ្ធជន និងដើម្បីធានាថាកូនៗរបស់ពួកគាត់ទទួលបានការសិក្សា និងមិនត្រូវឱ្យមានការបោះបង់ការសិក្សាដោយសារតែឪពុកទៅបំពេញភារកិច្ចការពារជាតិឡើយ។ នេះជាប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីសំណេះសំណាលជាមួយក្រុម ប្រឹក្សា ខេត្ត ក្រុង ស្រុក ឃុំសង្កាត់ និងថ្នាក់ ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញ ខេត្តមណ្ឌលគិរី នៅព្រឹកថ្ងៃអង្គារ ទី៧ ខែ កក្កដា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តមណ្ឌលគិរី។

សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមមានប្រសាសន៍ថា កិច្ចការដែល ថ្នាក់ដឹកនាំខេត្ត និងអាជ្ញាធរមូលដ្ឋានត្រូវធ្វើ គឺការពង្រឹង និងបន្តធ្វើការងារ មើលថែទាំ គិតគូរ អ្នកសមរភូមិក្រោយដែលជាក្រុមគ្រួសារ កូន ចៅ របស់យុទ្ធជននៅសមរភូមិ យុទ្ធជនពលី-ពិការ និងអតីតយុទ្ធជន ដោយមានយន្តការច្បាស់លាស់ក្នុងការជួយជួយជ្រោមជ្រែង លើកកម្ពស់ជីវភាព និងអនាគតកូនចៅពួកគេឱ្យបានល្អប្រសើរ។ បន្ថែមលើនេះ សម្ដេចតេជោ ក៏មានប្រសាសន៍ថា ត្រូវមើលឱ្យជ្រៅក្នុងការកសាងអនាគតកូនចៅរបស់អតីតយុទ្ធជន យុទ្ធជននៅសមរភូមិមុខ ឱ្យបានល្អប្រសើ តាមរយៈការផ្ដល់អប់រំ ធ្វើយ៉ាងណាជំរុញពួកគេឱ្យក្លាយជាបញ្ញវន្ត និងមានសមត្ថភាពពេញលេញក្នុងសង្គម និងធ្វើឱ្យយុទ្ធជននៅសមរភូមិមុខអាច បំពេញភារកិច្ចការពារព្រំដែនដោយក្តីកក់ក្តៅមានស្មារតីរឹងមាំ និងជាការតបស្នងសងគុណនូវគុណូបការៈដ៏មានតម្លៃបំផុតចំពោះវីរភាពរបស់ឪពុកគេ ដែលសម្ដេចបានហៅថានេះជាការតបស្នងតពូជ។

ក្នុងឱកាសនេះដែរ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ក៏បានផ្ដល់អនុសាសន៍ដល់ថ្នាក់ដឹកនាំខេត្តទាំងអស់ថា ក្នុងករណីដែលក្រសួងការពារជាតិត្រូវការកងទ័ពអាជីពបន្ថែម ក្នុងនាមយើងជាថ្នាក់ដឹកនាំ ខេត្ត និងមូលដ្ឋានទាំងអស់ត្រូវចូលរួមជួយ និងសហការ ពិនិត្យ ជ្រើសរើស ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនណា ដែលមានប្រវត្តិល្អ សុខភាពល្អ មានស្មារតីស្នេហាជាតិ និងត្រូវធ្វើឡើងដោយផ្អែកលើទឹកចិត្ត និងស្មារតីពិតប្រាកដឱ្យចូលបម្រើកងទ័ពដោយមិនត្រូវឱ្យក្លាយទៅបន្ទុករបស់រដ្ឋាភិបាលនោះទេ។ ត្រង់ចំណុចនេះដែរ កន្លងទៅសម្ដេចតេជោតែងតែមានប្រសាសន៍ឱ្យគិតគូរចំពោះការផ្ដល់ឱកាសឱ្យកូនចៅអតីតយុទ្ធជនបានចូលបម្រើការងារក្នុងជួរកងទ័ព។
ក្នុងពិធីសំណេះសំណាលនាព្រឹកនេះដែរ សម្តេចតេជោក៏បានមានប្រសាសន៍ណែនាំដល់មន្រ្តីទាំងអស់ ត្រូវខិតខំ បំពេញភារកិច្ចរបស់ខ្លួនឱ្យបានល្អ ដោយធ្វើជាមន្រ្តីត្រូវខិតខំធ្វើការកុំឱ្យត្រូវបណ្ដាសាប្រជាជន។ សម្ដេចបានលើកឡើងថា មន្រ្តីត្រូវតាំងខ្លួនជាអ្នកបម្រើដ៏ស្មោះត្រង់របស់ប្រជាជន មិនមែនជាចៅហ្វាយរបស់ប្រជាជនទេ។ ការខំបម្រើប្រជាជនដោយភាពស្មោះត្រង់ គឺជាវិធីដែលយើងបម្រើប្រជាជនពិតប្រាកដ ខិតខំធ្វើការឱ្យមានស្នាដៃ នោះទើបមិនទទួលបានការប្រមាថ ឬជេរស្ដីពីប្រជាជន ហើយក៏ត្រូវខិតខំលុបបំបាត់ការធ្វើឱ្យមានភាពថ្នាំងថ្នាក់នូវទង្វើមិនគប្បីមួយចំនួនរបស់មន្រ្តី។

ក្នុងឱកាសនេះដែរ សម្ដេចក៏បានបញ្ជាក់ថា មន្រ្តីប្រជាជនជាគ្រឹះចម្បងនៃកម្លាំងការពារជាតិ។ ការការពារជាតិមិនមែនពឹងផ្អែកតែលើកងកម្លាំងប្រដាប់ អាវុធនោះទេ ប៉ុន្តែត្រូវគ្របដណ្តប់ដោយប្រជាជនទាំងមូល។ ប្រជាជន គឺជាប្រភពចម្បងក្នុងការជ្រើសរើសកងទ័ព ផ្គត់ផ្គង់ភស្តុភារ និងជាប្រភពលើកទឹកចិត្ត ដ៏ខ្លាំងក្លាដល់សមរភូមិមុខ។
យោងតាមរបាយការណ៍ឯកឧត្តម គង់ គឹមនី អភិបាលនៃគណៈអភិបាល ខេត្ត និងជាប្រធាន អ.ន.ក. ខេត្ត គិតត្រឹមខែមិថុនា ឆ្នាំ២០២៦ ខេត្តមណ្ឌលគិរី មានអតីតយុទ្ធជន និងនិវត្តជនចូលជាសមាជិកសរុប ៥១៥នាក់ ក្នុងនោះ ជាអតីតយុទ្ធជន និង គ្រួសារពលីមរណៈមានចំនួន ៣១៨ នាក់ និងនិវត្តជន ដែលជាអតីតមន្រ្តីរាជការស៊ីវិល មានចំនួន ១៩៧នាក់។
ចំណែកការគិតគូរចំពោះអតីតយុទ្ធជន៖ ការសាងសង់ផ្ទះជូនដល់សមាជិក អ.ន.ក. ពីឆ្នាំ២០១៦ រហូតមក ដល់ឆ្នាំ ២០២៥ ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី បានចំនួន ២៦៤ ខ្នងផ្ទះ។ កំពុងគ្រប់គ្រងដីសម្បទានដីសង្គមកិច្ចសម្រាប់កងកម្លាំងប្រដាប់អាវុធមានចំនួន០១ កន្លែងមានទំហំ២០០០ហិកតាមានទីតាំងនៅភូមិស្រែហ៊ុយ ឃុំស្រែហ៊ុយ ស្រុកកោះញែក។
ដោយឡែក ការងារថវិកាបេឡាមរណសង្គ្រោះ ក្នុងរយៈពេល០៦ ខែ ឆ្នាំ២០២៦ មានចំនួន ៣ នាក់ ថវិកាអស់ ១២,០០០,០០០ និងសហការជាមួយសាខាមូលនិធិជាតិជំនួយសង្គម (ម.ជ.ជ) ក្នុងការបើកប្រាក់បូជាសព សរុបមាន ០២ នាក់ ថវិកាសរុប ៨០០០,០០០ រៀល (ប្រាំបីលាន រៀល)។ ចំណែកការជ្រើសរើសកូន ចៅ និងបងប្អូនបង្កើតរបស់អតីតយុទ្ធជនខេត្ត ស្ម័គ្រចិត្ត ដាក់ពាក្យចូល បម្រើក្នុងជួរកងទ័ពមានចំនួនសរុប ១២ នាក់៕







