បាងកក៖ ប្រព័ន្ធនយោបាយ និងយុត្តិធម៌របស់ប្រទេសថៃ កំពុងរងការរិះគន់យ៉ាងចាស់ដៃ ក្រោយករណីអ្នកនយោបាយម្នាក់ បានយកអំណាច និងឈ្មោះថ្នាក់ដឹកនាំជាតិទៅប្រើប្រាស់ជាឧបករណ៍គំរាមកំហែង ប្រើអំពើហិង្សាវាយដំយ៉ាងព្រៃផ្សៃ និងលួចបំផ្លាញភស្តុតាងរបស់អ្នកសារព័ត៌មានម្នាក់។ អ្វីដែលកាន់តែហួសចិត្តគឺ សមត្ថកិច្ចថៃមានចំណាត់ការយឺតយ៉ាវខុសប្រក្រតី រហូតទាល់តែជនរងគ្រោះរត់ទៅពឹងអំណាចបណ្តាញសង្គមឱ្យជួយ ទើបរឿងនេះលេចឮដល់សាធារណជន។

ដើមចមនៃសាច់រឿងនេះ ផ្ដើមចេញពីជម្លោះផ្ទៃក្នុងនៃការគ្រប់គ្រងខុនដូរួមគ្នាមួយ។ រឿងរ៉ាវបានផ្ទុះឡើងកាន់តែខ្លាំង នៅពេលដែលអ្នកនយោបាយបង្កហេតុ បានផ្ញើរូបថតខ្លួនឯងថតជាមួយ លោក អានុទិន ឆានវីរ៉ាកូល នាយករដ្ឋមន្ត្រីថៃ ចូលទៅក្នុងគ្រុប LINE ខុនដូ រួចអួតអាងសម្លុតគេឯងថា៖ ខ្លួនត្រូវបានតែងតាំងឱ្យធ្វើការជិតដិតបំផុតជាមួយនាយករដ្ឋមន្ត្រី។ ប៉ុន្តែ ក្រោយការស្រាវជ្រាវពីជនរងគ្រោះ ការពិតត្រូវបានលាតត្រដាងថា គ្មានការតែងតាំងណាមួយឡើយ ពោលគឺគ្រាន់តែជាការភូតភរ និងយកឈ្មោះថ្នាក់ដឹកនាំមកធ្វើជាខែលតែប៉ុណ្ណោះ។

ក្រោយដឹងថា ល្បិចបោកប្រាស់របស់ខ្លួនជិតបែកការណ៍ អ្នកនយោបាយបង្កហេតុដែលស្ថិតក្នុងស្ថានភាពស្រវឹងជោគជាំ បានចូលទៅជេរប្រមាថ និងគំរាមប្ដឹងអ្នកកាសែត។ សកម្មភាពគឃ្លើនមិនខ្លាចច្បាប់បានបន្តកើតឡើង នៅពេលដែលអ្នកកាសែតព្យាយាមទៅសុំមើលរូបភាពពីកាមេរ៉ា CCTV នៅក្នុងបន្ទប់បញ្ជាការខុនដូ។ ពេលនោះ ជនបង្កបានសម្រុកចូលទៅវាយដំ បង្កឱ្យមានការរងរបួសទាំងអ្នកកាសែត និងអ្នកចូលទៅជួយឃាត់ ព្រមទាំងប្រើចរិតជាចោរឆក់យកឧបករណ៍ USB ដែលផ្ទុកវីដេអូភស្តុតាង និងឯកសារការងារផ្ទាល់ខ្លួនរបស់អ្នកកាសែតទៅបាត់ស្រមោល។

ទន្ទឹមនឹងនេះ វាក៏បានលាតត្រដាងនូវភាពអសកម្មរបស់ប៉ូលីសស្ថានីយ៍ Sutthisan ផងដែរ។ ទោះបីជាបណ្តឹងមានទាំងសាក្សី និងភស្តុតាងច្បាស់លាស់តាំងពីឆ្នាំមុន ប៉ុន្តែចំណាត់ការបែរជាយឺតដូចអណ្តើក រហូតបង្កើតជាមន្ទិលសង្ស័យថា តើមានអំណាចងងឹតណាមួយកំពុងសង្កត់សំណុំរឿងនេះដែរឬទេ? សំណួរគឺ បើទោះជាអ្នកសារព័ត៌មាននៅតែរកយុត្តិធម៌មិនឃើញបែបនេះ ចុះទម្រាំតែប្រជាពលរដ្ឋសាមញ្ញទន់ខ្សោយ នឹងត្រូវរងសម្ពាធដល់កម្រិតណា?

ទង្វើគាបសង្កត់ និងយកឈ្មោះនាយករដ្ឋមន្ត្រីមកធ្វើជាខែលការពារអំពើទុច្ចរិត ឆ្លុះបញ្ចាំងពីផ្នត់គំនិតចាស់គំរឹល ដែលយល់ឃើញថា អំណាចនយោបាយគឺជាឧបករណ៍សម្រាប់កាងសាច់ដុំ និងជិះជាន់អ្នកដទៃ។ រហូតមកដល់ពេលនេះ ជនបង្កនៅមិនទាន់ហ៊ានចេញមុខមកបកស្រាយជាសាធារណៈឡើយ ដែលនេះស្តែងឱ្យឃើញពីភាពកំសាក។ ប្រជាជនថៃកំពុងតាមដានមើលថា តើច្បាប់អាចចាត់ការអ្នកនយោបាយអាងខ្នងរូបនេះបានដែរឬទេ? ឬក៏រឿងក្តីនេះនឹងត្រូវគេសង្កត់ឱ្យលិចបាត់ ដូចរឿងអាស្រូវមុនៗក្រោមឆ័ត្រនៃអំណាចរដ្ឋាភិបាលបច្ចុប្បន្ន?

